ភ្នំពេញ៖លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានថ្លែងប្រាប់បន្ទាប់ពីកិច្ចប្រជុំរដ្ឋសភាជាវិសាមញ្ញ នៅថ្ងៃទី២៦សីហានេះថា ការបោះឆ្នោតជ្រើសរើសក្បាលម៉ាស៊ីនរដ្ឋសភា ប្រធាន អនុប្រធានគណៈកម្មការទាំង១០ នៅក្នុងរដ្ឋសភានេះ គឺជាការអនុវត្តរវាងកិច្ចព្រមព្រៀងគណបក្សជាប់ឆ្នោតទាំងពីរ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤។
លោក សម រង្ស៊ី បានបញ្ជាក់ថា កិច្ចព្រមព្រៀងនេះជាគោលបំណងបញ្ចប់វិបត្តិនយោបាយ ហើយចង់ឲ្យរដ្ឋសភាធ្វើការដោយមានការសហការគ្នារវាងតំណាងរាស្ត្រមកពីគណបក្សទាំងពីរ ហើយលោកជឿថា រដ្ឋសភា នឹងមានតួនាទីសំខាន់ អាចនឹងជួយប្រជាពលរដ្ឋបានល្អប្រសើរជាងមុន និងមានប្រសិទ្ធភាព។
រីឯលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិវិញ បានប្រាប់ក្រុមអ្នកកាសែត បន្ទាប់ពីចប់កិច្ចប្រជុំសភា នៅថ្ងៃទី២៦ ខែសីហានេះថា នៅពេលដែលលោកបានចូលកាន់តំណែងជាអនុប្រធានទី១ នៃរដ្ឋសភានេះ លោកនឹងលើកនូវគោលការណ៍មួយ ក្នុងការសន្ទនាគ្នា នោះគឺលោកចង់ឲ្យមេដឹកនាំគណបក្សទាំងពីរ គឺបក្សប្រឆាំង និងបក្សនៅក្នុងរដ្ឋាភិបាល ឲ្យមានការជួបសន្ទនាគ្នាជាទៀងទាត់យ៉ាងហោចណាស់ ៣ ខែម្តងដែរ។
លោកបន្តថា “លើកលែងតែមានបញ្ហាបន្ទាន់ អាចជួបគ្នាជាបន្ទាន់ ហើយខ្ញុំនឹងស្នើតាមតួនាទីរបស់ខ្ញុំ ស្នើឲ្យមានការជួបគ្នា ដោយសារយើងចង់ធ្វើប្រជាធិបតេយ្យមួយតាមរយៈការសន្ទនា ហើយប្រជាធិបតេយ្យតាមការរយៈអនុគ្រោះទៅវិញទៅមក។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ តួនាទីដែលខ្ញុំបានមកនេះ គឺបានមកពីប្រជាពលរដ្ឋ និងបានមកពីការគាំទ្រតាមកិច្ចព្រមព្រៀងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤”៕