ដោយ៖ប៉ែន សុផល
បាត់ដំបង៖មន្ដ្រីជំនាញកាំកុងត្រូលសាខាខេត្តបាត់ដំបងនៅព្រឹកថ្ងៃទី២៤ ខែមីនានេះ បានចុះណែនាំ និងរឹបអូសយកនូវគ្រឿង ភេសជ្ជៈកំប៉ុងដែលឈ្មួញដាក់លក់ខូចគុណភាពនិងរំលោភកម្មសិទ្ធិបញ្ញារបស់ក្រុមហ៊ុនដែលទទួលបានសិទ្ធិផ្ដាច់មុខ។
មន្ដ្រីជំនាញកាំកុងត្រូលសាខាខេត្តបាត់ដំបងបានអោយដឹងថា៖ ការចុះណែនាំ និងរឹបអូសយកនូវភេសជ្ជៈប្រភេទកំប៉ុងមួយចំនួនដែលមានដាក់លក់លើទីផ្សារក្រុងបាត់ដំបងនេះ ជាការឆ្លើយតបតាមពាក្យបណ្ដឹងរបស់ក្រុមហ៊ុនហ័ង ប្រេស្ទីក អីមផត អិចផត ខូ អិលធីឌី ដែលមានឈ្មួញមួយចំនួនតែងតែឆ្លៀតឱកាសលក់ដូរទំនិញខូចគុណភាព ការរក្សាទុកមិនបានត្រឹមត្រូវពិសេសការលក់ដូររំលោភបំពានលើកម្មសិទ្ធិបញ្ញាដោយខុសច្បាប់។
ការចុះពិនិត្យនេះទៀតសោតមន្ដ្រីជំនាញបានណែនាំដល់អ្នកលក់ទាំងអស់ក្នុងក្រុងបាត់ដំបងជៀសវាងការដាក់លក់ទំនិញខូចគុណភាព ការស្ដុកទំនិញនៅផ្ទាល់ដី ការផ្ទុកទំនិញនៅកណ្ដាលវាលហាលថ្ងៃក្ដៅ ការរក្សាទុកគ្មានអនាម័យ កំប៉ុងកំពិត ប៉ោងឬកំប៉ុងមានច្រេះជាដើម មិនត្រូវបន្លំដាក់លក់អោយអ្នកទិញយកទៅបរិភោគឡើយដែលអាចបង្កការប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពអ្នកទទួលទានជាដើមរួមទាំងអ្នកមានផ្ទៃពោះផងដែរ។
លោកបន្ដថា៖ ជាលទ្ធផលការចុះពិនិត្យ និងណែនាំលើគោលដៅសំខាន់ៗជាច្រើនក្នុងក្រុងបាត់ដំបងលើចំណុចផ្លូវលេខ២ ឋិតក្នុងភូមិកំពុងក្របីនៅហាងយ៉ីហោម្លឹះបាត់ដំបង អ៊ឹង ជី ហាងលក់យីហោ សុខ ខេង និងទីតាំងមួយចំនួនទៀតដូចជានៅចំនុចក្បែរផ្លូវរថភ្លើង ក្នុងក្រុមទី១ ភូមិអូរចា និងភូមិចំការសំរោង២។ គ្រប់អាជីករទាំងអស់បានយល់ព្រម ទទួលយកតាមការណែនាំរបស់ក្រុមហ៊ុននិងមន្ដ្រីជំនាញជៀសវាងការប្រព្រឹត្តល្មើសផ្ទុយនឹងច្បាប់។
តំណាងក្រុមហ៊ុន ហ័ង ប្រេស្ទីក អីមផត អិចផត ខូ អិលធីឌី បានបញ្ជាក់ថា៖ បច្បុប្បន្ននេះនៅលើទីផ្សារមានក្រុមឈ្មួញជាច្រើនបានដាក់លក់ផលិតផលដែលមានស្លាកសញ្ញាដូចគ្នាទៅនឹងផលិតផលស្របច្បាប់ដែលទទួលបានសិទ្ធិផ្ដាច់មុខនាំចូល និងចែកចាយនៅទូទាំងប្រទេសរបស់ក្រុមហ៊ុនរួមមានភេសជ្ជៈ ប្រទាលកន្ទុយក្រពើ ទឹកគីមបួយ ទឹកតែត្រជាក់ ទឹកគូលេន ទឹកតែក្រូចឆ្មារ និងភេសជ្ជៈប្លូបឺរី ។ល។ ដែលផលិតផលទាំងនោះត្រូវបានក្រុមឈ្មួញនាំចូលលួចលាក់មិនមានច្បាប់អនុញ្ញាតតាមច្រកដូង ច្រកភ្នំដី ខេត្តបាត់ដំបង និងច្រកអន្ដរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕