ខេត្តសៀមរាប៖កម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាល ខេត្តសៀមរាបបានចាប់ឃាត់ថ្នាំដែលជាអាហារបំប៉ន និងឡេលាបខ្លួន៥៤កេស (បិតជិត) រួមទាំងវ៉ាលី១ និងថង់យួរ៤ដែលនាំចូលពីអាមេរិកតាមព្រលានយន្ដហោះអន្តរជាតិខេត្តសៀមរាប រួមនឹងរថយន្ដ១គ្រឿង និងម្ចាស់ឥវ៉ាន់។
នាយការិយាល័យនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបលោកវរសេនីយឯក សឿន សេន បានប្រាប់ឲ្យដឹងថា ស្ដ្រីដែលនាំផលិតផលទាំងនេះចូលមានឈ្មោះ ជា ណារី អាយុ៤២ឆ្នាំ រស់នៅភូមិដក់ពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប គឺឃាត់ខ្លួននៅវេលាម៉ោង២៣ និង៤៥នាទី រាត្រីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦ ហើយសមត្ថកិច្ចក៏បានឃាត់ខ្លួន អ្នកបើកបររថយន្ដម្នាក់នោះមកសួនាំផងដែរ។
លោកបញ្ជាក់ថា ឥវ៉ាន់ទាំងនេះត្រូវបានកម្លាំងរបស់លោក តាមចាប់បាននៅភូមិគោកដូង សង្កាតទឹកវិល ក្រុងសៀមរាប នៅចំណុចខាងមុខស្នងការដ្ឋាននគរបាល ខេត្តសៀមរាប គឺឃាត់បានថ្នាំ/អាហារបំប៉ន និងឡេលាបខ្លួនចំនួន៥៤កេស (បិតជិត) និង១វ៉ាលី និង៤ថង់យួរ រថយន្ដដឹក១គ្រឿង លេខភ្នំពេញ 2AF-7251 បញ្ជូនមកស្នងការនគរបាលខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕