រាជធានីភ្នំពេញ៖ឃាតករជាជនជាតិវៀតណាមវ័យក្មេងម្នាក់ដែលរំលោភសម្លាប់ក្មេងស្រី អាយុ១៥ឆ្នាំម្នាក់ កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៦ នៅមាត់ទន្លេ ភូមិទួលរការ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ត្រូវបានចាប់ខ្លួនហើយកាលពីម្សិលម៉ិញនេះ។
ជនសង្ស័យខាងលើមានឈ្មោះ ដាង យ៉ាំងដូ ហៅ រីដូ ហៅ ធា ភ័ក្ត្រ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិវៀតណាម មុខរបរ ជាងបាញ់ថ្នាំតុ.ទូ ស្នាក់នៅផ្ទះលេខ២១៩អា ផ្លូវលំមាត់ទន្លេបាសាក់ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពីបទឃាតកម្ម (រំលោភសម្លាប់) ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៦ នៅចំណុចភូមិសា ឃុំភ្នំឌិន ស្រុកគីរីវង្ស ខេត្តតាកែវ។
លោក ហួរ ម៉េងវ៉ាង អធិការរងនគរបាលខណ្ឌមានជ័យ បានបញ្ជាក់ថា ប្រតិបត្តិការនេះ បានចូលរួមកិច្ចសហការរវាងកម្លាំង នគរបាលខណ្ឌមានជ័យ កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃនាយដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ កម្លាំងនគរបាលខេត្តតាកែវ កម្លាំងនគរបាលស្រុកគីរីវង្ស កម្លាំងនគរបាលវរៈសេនាតូចលេខ ៦០៣ និងអង្គការការពារកុមារ CPU ។
គួររំលឹកផងដែរថាជនរងគ្រោះឈ្មោះ ជួប ស្រីពៅ អាយុ១៥ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានជននេះរំលោភសម្លាប់ កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៦ វេលាម៉ោង៤រសៀលនៅចំណុច ច្រាំងទន្លេបាសាក់ ផ្លូវលំ ក្រុមទី២៨ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។
បច្ចុប្បន្បជនសង្ស័យខាងលើត្រូវបានឃុំខ្លួនជាបណ្តោះអសន្ននៅអធិការខណ្ឌមានជ័យដើម្បីដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕