ដោយ៖រតនៈ
ភ្នំពេញ៖ក្នុងរយៈពេលចុងក្រោយនេះគេខកខានឃើញវត្តមានតារាសម្តែងស្រីដែលនិយមភាពស៊ិចស៊ី និងគ្រងសម្លៀកបំពាក់ថ្លៃកប់ពពក កញ្ញា ព្រីម លីហ្សា រហូតគេគិតថា នាងអាចចាកចេញពីពិភពសិល្បៈ។ប៉ុន្តែក្នុងជំនួបថ្មីៗនេះ នាងលើកឡើងថា ទីផ្សារការងានៅតែមាន ប៉ុន្តែនាងមមាញឹកនឹងការចេញទៅបង្ហាញម៉ូតនៅបរទេសច្រើនជាងការងារសម្តែងក្នុងស្រុក។
តារាសម្តែង និយមលេងសម្រស់ដើមទ្រូងកញ្ញា ព្រីម លីហ្សាលើកឡើង ថានាងទើបនឹងវិលត្រឡប់មកពីប្រទេសបារាំង ក្នុងកម្មវិធីបង្ហាញម៉ូតសំលៀកបំពាក់មួយដែលរៀបចំដោយភ្នាក់ងារបង្ហាញម៉ូតអន្តរជាតិ។ នាងបន្តទៀតថាក្រោយពីទទួលជោគជ័យនៅប្រទេសបារាំងនាងក៏នឹងចេញទៅបង្ហាញប៉ូតជាថ្មីនៅប្រទេសសិង្ហបុរីដូចរាល់ៗឆ្នាំតាមការអញ្ជើញរបស់ភ្នាក់ងារបង្ហាញម៉ូតលំដាប់អន្តរជាតិនៅទៅនោះ។ នាងមិនបានបញ្ជាក់ពីតម្លៃខ្លួនក្នុងការចេញទៅបង្ហាញម៉ូតសម្រាប់ភ្នាក់ងារបរទេសនោះទេ ប៉ុន្តែនាងបញ្ជាក់ថាពិតជាមានតម្លៃមួយខ្ពស់ជាងការសម្តែងឬបង្ហាញម៉ូតក្នុងស្រុកឆ្ងាយ ហើយវាគឺជាក្តីរំពឺងសម្រាប់នាងបន្តការងារសិល្បៈ។ តារាស្រីកូនកាត់វ័យ២០ឆ្នាំរូបនេះប្រាប់ថា កន្លងមកនាងធ្លាប់បានទាំងបង្ហាញម៉ូតសម្លៀកបំពាក់បែបសម័យ និងបែបបុរាណរបស់ម្ចាស់ហាងលក់ និងកាត់ដេរសម្លៀកបំពាក់ និងហាងសម្អាងការជាច្រើន ហើយមូយរយៈនៃការស្ងប់ស្ងាត់នេះគឺដោយសារនាងត្រូវបានសារៈមន្ទីតាំងសម្លៀកបំពាក់តារាល្បីៗជុំវិញពិភពលោកមួយអញ្ញើញនាងឲ្យទៅចូលរួមទស្សនា ហើយនាងក៏បន្តដំណើរកម្សាន្តនៅទីនោះអស់រយៈពេលជាច្រើនខែ។ តារារូបនេះប្រាប់ថា ការងារសិល្បៈក្នុងស្រុកនៅតែមានបណ្តាក្រុមហ៊ុន ផលិតកម្មនានាធ្វើការទំនាក់ទំនងមកជាប្រចាំ ប៉ុន្តែដោយការចាកចេញទៅក្រៅប្រទេសទើបនាងខកខានការសម្តែងទាំងនោះ ។
នាងនិយាយដែរថាទីផ្សារការងារក្នុងស្រុកនឹងចាប់ផ្តើមជាថ្មីក្រោយពីនាងបញ្ចប់ការងារក្រៅស្រុកពិសេសនៅពេលឆាប់ៗខាងមុខនេះពិសេសនាងក៏បានត្រៀមខ្លួនក្នុងការចូលរួមសម្តែងក្នុងខ្សែភាពយន្តមួយចំនួនក្នុងស្រុកដែរ ប៉ុន្តែនាងកំពុងតែពិភាក្សារឿងពេលវេលាដែលមិនប៉ះពាល់ដល់ការងារក្រៅស្រុករបស់នាង។ នាងបន្តទៀតថា នាងទទួលថតរូប និងសម្តែងគ្រប់ទម្រង់រូបភាពទាំងបុរាណនិងសម័យហើយអ្វីដែលសំខាន់គឺស្របទៅតាមការចង់បានរវាងភាគីក្រុមហ៊ុនម្ចាស់ផលិតផល ផលិតកម្ម និងរូបនាង និងមិនជ្រុលហួសហេតុរហូតមហាជនមិនទទួលយកបាននោះ។ ទោះជាយ៉ាងណា ព្រីម លីហ្សា បញ្ហាញចេតនាទទួលយកមតិរិះគន់ក្នុងការកែលម្អព្រោះគ្រប់សិល្បករអ្នកណាក៏ធ្លាប់ខុសដែរ ហើយការរិះគន់របស់មហាជនគឺជាកញ្ចក់ឆ្លុះបញ្ចាំងពីខ្លួនឯង ថាធ្វើបានល្អប៉ុណ្ណា និងត្រូវកែលម្អត្រង់ចំណុចណានោះ៕