រាជធានីភ្នំពេញ៖លោក សម រង្ស៊ី បានធ្វើការ រិះគន់យ៉ាងចាស់ដៃ ទៅលើអង្គភាពប្រឆាំង អំពើពុករលួយ (ACU) ដោយស្តីបន្ទោសខ្លាំងៗ ថា ធ្វើការងារមិនស្គាល់ ពីតួនាទីរបស់ខ្លួន។
លោក សម រង្ស៊ី បានសរសេរនៅលើ Facebook របស់ខ្លួនថា អ្វីទៅជាអំពើពុករលួយ ដែលអង្គភាពនេះ ត្រូវប្រឆាំង? អំពើពុករលួយ គឺជាទង្វើ របស់អ្នកមានអំណាច ដែលកេងប្រវ័ញ្ច និងលួចផលចំណេញ ពីការលក់ដូរ ឬការប្រើប្រាស់ ទ្រព្យសម្បត្តិជាតិ ទ្រព្យសម្បត្តិរាស្ត្រ និងទ្រព្យសម្បត្តិរដ្ឋ ជាពិសេស តាមរយៈ ការគ្រប់គ្រងថវិកាជាតិ ដែលបានមកពី ញើសឈាម ប្រជារាស្ត្រទាំងមូល។ លោក សម រង្ស៊ី បានសរសេរថា មានតែមន្ត្រីគណបក្ស កាន់អំណាច (CPP) ទេ ដែលអាចប្រព្រឹត្ត ទង្វើបែបនេះបាន ពីព្រោះវាជាការ ប្រើអំណាច របស់រដ្ឋដោយខុសច្បាប់ ដើម្បីបំផ្លិចបំផ្លាញ ផលប្រយោជន៍ សាធារណៈ។ មន្ត្រីគណបក្សប្រឆាំង (CNRP) មិនមានអំណាចអ្វី ជាតំណាងរដ្ឋ ឬ តំណាងរដ្ឋាភិបាល ដើម្បីប្រព្រឹត្តអំពើពុករលួយ ដូចមានចែងខាងលើនេះទេ។ ជនណាដែល មិនមានអំណាចក្នុងដៃ យកទៅប្រើប្រាស់ក្នុងនាមរដ្ឋ ឬរដ្ឋាភិបាល មិនអាចត្រូវនរណាចោទថា ជាអ្នកប្រព្រឹត្ត អំពើពុករលួយ ដែលអង្គភាពប្រឆាំង អំពើពុករលួយ ត្រូវតាមដាន និងស៊ើបអង្កេតនោះទេ។
លោក សម រង្ស៊ី បានបន្តថា “រឿងដែលគេកំពុងតែ និយាយសព្វថ្ងៃ គឺជារឿងឯកជនទេ ពីព្រោះវាគ្មាន ប៉ះពាល់ដល់ ផលប្រយោជន៍ជាតិ ឬផលប្រយោជន៍សាធារណៈ អ្វីទាល់តែសោះ។ ធនធាន និងលុយកាក់ ដែលឯកជន គេចាយវាយ ហើយដែលមិនបាន មកពីការកេងប្រវ័ញ្ច ឬលួចកិបកេង ទ្រព្យសម្បត្តិជាតិទ្រព្យសម្បត្តិរាស្ត្រ និងទ្រព្យសម្បត្តិរដ្ឋ គឺជារឿងឯកជនសុទ្ធសាធ ដែលអង្គភាពប្រឆាំង អំពើពុករលួយ មិនត្រូវរវីរវល់ទេ”។
លោកបន្ថែមថា រឿងដែលអង្គភាពនេះ ត្រូវរវីរវល់ មានច្រើនណាស់ ដូចជា ការប្លន់ដីប្រជារាស្ត្រ យកទៅប្រគល់ឲ្យ ក្រុមហ៊ុនឯកជន ដែលផ្តល់សំណូកសូកប៉ាន់, ការកាប់បំផ្លាញព្រៃឈើ ដើម្បីនាំឈើ ទៅលក់ក្រៅប្រទេស ដោយលួចលាក់, ការធ្វើអាជីវកម្ម បំផ្លាញបរិស្ថាន ដូចជាការវាយកម្ទេចភ្នំ និងការបូមខ្សាច់, ការយកទ្រព្យសម្បត្តិរដ្ឋ ដូចជាអគារសាធារណៈ ទៅលក់ ដើម្បីប្រមូលលុយ ដាក់ចូលហោប៉ៅបុគ្គល ឬបក្ខពួក, ការកិបកេងថវិការដ្ឋ យកទៅចាយវាយ ដើម្បីគ្រាន់តែបម្រើ ផលប្រយោជន៍បុគ្គល ឬបក្ខពួក, ការផ្តល់កិច្ចសន្យាជាមួយរដ្ឋ ឲ្យទៅតែបក្ខពួករបស់ខ្លួន ដែលជាការបំប៉ោង ចំណាយរបស់រដ្ឋ, ការស៊ីសំណូកសូកប៉ាន់ ពីថៅកែរោងចក្រ ដើម្បីឲ្យថៅកែ គាបសង្កត់កម្មករ, ការបែងចែកឡូត៍នេសាទ តាមតែសំណូកសូកប៉ាន់។ល។
កត់សម្គាល់ថា ការលើកឡើងរបស់លោក សម រង្ស៊ី បានបង្ហាញនូវការ ការពារលោក កឹម សុខា ដែលកំពុងជាប់ផុងនឹងរឿងអាស្រូវផ្លូវភេទ៕