ខេត្តឧត្តរមានជ័យ៖នៅវេលាម៉ោង ១១ព្រឹក ថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០១៦ មានក្រុមទាហានប្រមាណ១០នាក់បានសម្រុកចូលស្នាក់ការរដ្ឋបាលព្រៃឈើ ស្រុកអន្លង់វែង បម្រុងរំដោះ រថយន្តទាហានដឹកឈើ២គ្រឿងដែលត្រូវបានកម្លាំងចម្រុះបានចាប់កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦កន្លងទៅ។ ហេតុការណ៍នោះ ស្ថិតក្នុងភូមិកុងប៊ិញ ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
មន្ត្រីរដ្ឋបាលព្រៃឈើ បានឲ្យដឹងថា ដំបូងឡើយគេ បានឃើញក្រុមទាហានជាច្រើននាក់ មកឈរនៅពីមុខស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើ និងខ្លះទៀតសម្រុកចូលទៅក្នុងស្នាក់ការរដ្ឋបាលព្រៃឈើឡើងបញ្ឆេះរថយន្តបម្រុងបើកចេញ ហើយស្រែកឡូឡាពលរដ្ឋមានអារម្មណ៍ភ័យខ្លាចនឹងមានផ្ទុះអាវុធ ពីព្រោះមានរថយន្តរដ្ឋបាលព្រៃឈើចតនៅពាំងខ្លោងទ្វារជាប់។
លោក ខន ខែម នាយសង្កាត់រដ្ឋបាលព្រៃឈើ ស្រុកអន្លង់វែង បានឱ្យដឹងថា រថយន្តកងទ័ព២គ្រឿងដឹកឈើលេខ២ប្រមាណជាង១០ម៉ែត្រគូប ត្រូវកំលាំងមន្ត្រីជំនាញសហការជាមួយប៉ូលិស ប៉េអឹម ស្រុកឃាត់ចាប់ កាលពីរសៀលថ្ងៃទី២៥ កុម្ភៈ ២០១៦ កន្លងទៅនេះយកមករក្សាទុក្ខនៅស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើស្រុកអន្លង់វែង។
លោក ខន ខែម បានបញ្ចាក់ថា ទី១-រថយន្តម៉ាកកូរ៉េចំណុះ២តោនកន្លះ ពណ៌ត្រេអ៊ី ជារថយន្តរបស់អង្គភាពយោធភូមិទី៤ ទី២-រថយន្តម៉ាកកូរ៉េដែរចំណុះ២តោនកន្លះ ពណ៌ត្រេអ៊ី ជារថយន្តអង្គភាពកងពលតូចអន្តរាគមន៍លេខ៤។ រថយន្តទាំង២គ្រឿងនេះតែងតែដឹកឈើជាយូរឆ្នាំ ហើយគ្មានឯកសារដោយយកលេសដឹកជញ្ជូនទៅកសាងបន្ទាយ តែបើតាមការសង្កេតគឺដឹកដាក់នៅដេប៉ូឯខេត្តបន្ទាយមានជ័យ៕