រាជធានីភ្នំពេញ៖មេបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋា បានសរសេរនៅលើ Face book របស់លោកនៅថ្ងៃនេះ ដោយវាយប្រហារ ធ្ងន់ៗ ទៅលោក សម រង្ស៊ី ដោយចោទថា លោក សម រង្ស៊ី មិនដែលបានដាក់ចេញនូវយុទ្ធសាស្ត្រ ដើម្បីដណ្តើមអំណាច ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជានោះឡើយ ក្រៅតែពីឈរ ស្រែកជយោ! និងស្រែកអួតថា ឈ្នះហើយ! នៅចំពោះមុខអ្នកគាំទ្រប៉ុណ្ណោះ។ ទន្ទឹមនោះ លោក សម រង្ស៊ី មើលមកគណបក្សដែលគ្មានកៅអីក្នុងសភាថាជា គណបក្សអំពិលអំពែក តែមិនដែលមើលឃើញនិងទទួលស្គាល់ខ្លួនឯងថា ធ្វើនយោបាយបែបសត្វអំពិលអំពែក ម្តងប្រឆាំង ម្តងស្រប ធ្វើឲ្យតែអ្នកគាំទ្រវេទនា ស្លាប់ របួស គ្រប់អាណត្តិនោះទេ។
លោក សួន សេរីរដ្ឋា បន្ថែមការរិះគន់ថា លោក សម រង្ស៊ី ក្រៅពីឈរស្រែក ជយោ និងស្រែកអួតថា អាណត្តិក្រោយយើងឈ្នះហើយ នៅចំពោះមុខអ្នកគាំទ្រនោះ មេបក្សប្រឆាំងអំពិលអំពែកនេះ មិនដែលមានយុទ្ធសាស្ត្រនយោបាយអី ដើម្បីយកឈ្នះ លោក ហ៊ុន សែន ឡើយ។
មេបក្សអំណាចខ្មែរ រូបនោះបានអះអាងថា បើពលរដ្ឋខ្មែរនៅតែបន្តគាំទ្រលោក សម រង្ស៊ី តទៀតនោះ ការចង់បានការផ្លាស់ប្តូរនឹង គ្មានលទ្ធផល គឺប្រៀបដូចជាយកទឹកទន្លេ ទៅដាំរំងាស់យកអំបិល។
គេកត់សម្គាល់ថា លោក សួន សេរីរដ្ឋា តែងតែបានធ្វើការវាយប្រហារយ៉ាងចាស់ដៃទៅមេដឹកនាំ CNRP រួមទាំងសម្តេច ហ៊ុន សែន ផងដែរ។ ប៉ុន្តែនយោបាយ គណបក្សអំណាចខ្មែរ ហាក់លម្អៀងទៅរកទិន្នាការបែបសាធារណរដ្ឋរបស់លោក លន់ នល់៕