រាជធានីភ្នំពេញ៖លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ បានថ្លែងនៅព្រឹកនេះ ក្នុងវេទិការ CNRP មួយថា « ឥឡូវនេះ គេកំពុងប្រើយុទ្ឋសាស្ត្រកាត់ក្បាលបំបែកខ្លួន បន្ទាប់ពីគេលេងយុទ្ឋសាស្ត្រពុះក្បាលបំបែកខ្លួនមិនបានសម្រេច »។
លោក កឹម សុខា មិនបានថា អ្នកដែលកំពុង ប្រើយុទ្ធសាស្ត្រនេះជាអ្នកណា ឬគណបក្សណាមួយពិតប្រាកដនោះទេ។ ប៉ុន្តែគេយល់ថា ការនិយាយនោះគឺសំដៅលើបក្សកាន់អំណាច CPP តែម្តង ។
លោក កឹម សុខា បញ្ជាក់ថា ក្បាលនោះគឺរូបលោក (កឹម សុខា) និង លោក សម រង្ស៊ី ឯខ្លួនគឺសមាជិកសមាជិកាគណបក្សសង្គ្រោះជាតិ និងអ្នកគាំទ្រនៅថ្នាក់ក្រោមទាំងអស់។
លោក កឹម សុខា បានថ្លែងបែបនេះ នៅក្នុងវេទិកា“គណៈប្រតិបត្តិសង្គ្រោះជាតិ” ដែលប្រារព្ឋធ្វើនៅព្រឹកថ្ងៃទី៣០មីនា ២០១៦ នៅក្នុងសង្កាត់កំពង់លាវ ក្រុងព្រៃវែង៕