ខេត្តព្រះសីហនុ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តកុងតឺន័របុករះរថយន្ត៤គ្រឿង និងម៉ូតូមួយគ្រឿងដែលយ៉ាងហោចណាស់មានអ្នកដំណើរប្រមាណជាង១០នាក់ បានស្លាប់និងរងរបួសធ្ងន់ស្រាលក្នុងនោះមានជនរងគ្រោះពីរនាក់បានកៀបជាប់ក្នុងរថយន្ត និងមួយចំនួនទៀតត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨ និង ១០នាទីយប់ ថ្ងៃទី៧ ខែវិចិ្ឆកា ឆ្នាំ២០១៤ នៅលើកកំណាត់ផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ប្រភពព័ត៌មានបានរាយការណ៍ថា ហេតុការណ៍នេះគឺបង្កឡើងដោយរថយន្តកុងតឺន័រមួយគ្រឿង បុករះរថយន្តចំនួន៤គ្រឿង និងម៉ូតូមួយគ្រឿង បណ្តាលឱ្យមនុស្សប្រមាណជាង១០នាក់ ស្លាប់និងរងរបួសធ្ងន់-ស្រាល ដោយក្នុងនោះពីរនាក់កៀបជាប់ក្នុងរថយន្ត និង ជនរងគ្រោះមួយចំនួនទៀតត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកឯរថយន្ត និងម៉ូតូទាំងអស់រងការខូចខាតយ៉ាងដំណំ។
គេនៅមិនទាន់ស្គាល់អត្តសញ្ញាណជនរងគ្រោះនៅឡើយទេ ព្រោះពេលនេះសមត្ថកិច្ចកំពុងតែបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះ៕