សមត្ថកិច្ច​ជំនាញ​ចម្រុះ​ដុតបំផ្លាញ​សាច់សត្វ​ព្រៃ​ខុសច្បាប់​ជាង​១០០​គីឡូក្រាម​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 March, 2016 ក+ ក-

ខេត្តព្រះវិហារ​៖​រដ្ឋបាល​ព្រៃឈើ ម្លូរ​ព្រៃ​កំពង់​ស្រ​ទ្បៅ និង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ឆែប​សហការគ្នា ចុះបង្ក្រាប​បទល្មើស ព្រៃឈើ​និង​សត្វព្រៃ​ដែល​ជនល្មើស កំពុង​ដឹកជញ្ជូន តាម​ដងផ្លូវ កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០១៦ ស្ថិតនៅ​ចំណុច​ត្រពាំង​ព្រីង​ភូមិ​ដង​ផ្លិត​ឃុំ​ឆែប​ស្រុក​ឆែប ។​
​តាម​ដឹង​សត្វព្រៃ​ដែល​ព្រានព្រៃ​បាញ់សម្លាប់​និង​ដាក់​អន្ទាក់​ដើម្បី​យកសា​ច់លក់​អោយ​ឈ្មួញ​គឺ​វា​មាន​ប្រភព​ចេញពី​តំបន់​ព្រៃឈើ​ការពារ​ព្រះវិហារ​ឬ​ព្រៃ​ព្រះរ​ការដែល​ស្ថិតនៅក្នុង​ភូមិសាស្ដ្រ​ស្រុក​ឆែប​។​
​សមត្ថកិច្ច​បានអោយដឹង​នៅ​ល្ងាច​ថ្ងៃទី​៣០ ខែមីនា​ថា ពេលនោះ​កំលាំង​រដ្ឋបាល​ព្រៃឈើ​សហការ​ជាមួយ​នគរបាល​ស្រុក​ឆែប​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៦​នាក់​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការខេត្ត​។​វត្ថុតាង​បទល្មើស​ដែល​ដកហូត​បានរួម​មាន​រណា​យន្ត​ចំនួន​០២​គ្រឿង​ម៉ូតូ​ជិះ​ធ្វើ​សកម្មភាព​ចំនួន​០៣​គ្រឿង​គោយន្ត​កន្ត្រៃ​ចំនួន​០១​គ្រឿង​ស្នា​តេះ​០២​ដើម​ត្រូវបាន​បញ្ជូនទៅ​កាន់​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​។​
​សមត្ថកិច្ច​បញ្ជាក់ថា​ក្នុងនោះ​សមត្ថកិច្ច​រឹបអូស​បាន​សាច់ជ្រូក​ព្រៃ​ស្រស់ៗ​ចំនួន​៥៥​គី​ទ្បូ​ក្រាម​និង​សាច់​ឈ្លូស​ស្រស់ៗ​ចំនួន​៥៦​គី​ទ្បូ​ក្រាម​ដែល​ជនសង្ស័យ​បាន​លួចលាក់​ច្រក​ការុង​ដឹក​តាម​ម៉ូតូ​ក៏ត្រូវ​កំលាំង​សមត្ថកិច្ច​ចុះ​ស្ទាក់ចាប់​បង្ក្រាបបាន​តែម្តង​។​ជនសង្ស័យ​៣​នាក់​ក្នុងចំណោម​៦​នាក់​ត្រូវគេ​ស្គាល់​ទី​១​ឈ្មោះ​ផូ​ផាន់​ណា​ភេទ​ប្រុស​ម្ចាស់​គោយន្ត​កន្ត្រៃ​រណា​យន្ត​មួយគ្រឿង​និង​ឈើ​តាប់​ប្រណីត​០៣​សន្លឹក​។​ទី​២​ឈ្មោះ​ឌឿ​ន​សួន​ភេទ​ប្រុស​ម្ចាស់​ម៉ូតូ​ម៉ាកវ៉េវ​ពណ៌​ខ្មៅ​ដឹក​សាច់​សត្វព្រៃ​ខុសច្បាប់​និង​រណា​យន្ត​០១​គ្រឿង​ពណ៌​ស្លា​ទុំ​និង​ទី​៣​ឈ្មោះ​ជា​ឆេន​ភេទ​ប្រុស​ម្ចាស់​ម៉ូតូ​ដឹក​រណា​យន្ត​០១​គ្រឿង​។ ចំណែក​ជនសង្ស័យ​៣​នាក់​ទៀត​ជំនាញ​មេព្រៃ​មិនទាន់​ប្រាប់​ឈ្មោះ​អោយដឹង​នៅ​ទ្បើ​យ​ទេ​នៅ​រសៀល​ថ្ងៃទី​៣១​មីនា​នេះ​។​
​នៅ​រសៀល​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០១៦ លោក អ៊ិត ភូម្រា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ព្រះវិហារ និង​កំលាំង​សមត្ថកិច្ច​ចុះបង្ក្រាប​បានធ្វើ​ពិធី​ដុត​បំផ្លាញចោល​នូវ​សាច់​សត្វព្រៃ​ខុសច្បាប់​ទម្ងន់​សរុប​ចំនួន​១១១​គី​ទ្បូ​ក្រាម​ផងដែរ​៕

k1-17