លទ្ធផល​ជ័យលាភី​ប្រណាំងទូក​ប្រចាំឆ្នាំ​២០១៤
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 November, 2014 ក+ ក-

​ភ្នំពេញ​៖ ព្រះរាជ​ពិធីបុណ្យ​អុំទូក ប្រចាំឆ្នាំ​២០១៤ រយៈពេល​៣​ថ្ងៃ បាន​បិទ​បញ្ចប់ក្រោម​បរិយាកាស​អធិកអធម និង​សប្បាយរីករាយ ហើយ ដោយការ​កាត់​ព្រ័ត្រ​ដោយ​ជោគជ័យ កាលពី​ល្ងាច​ថ្ងៃទី​០៧ ខែវិច្ឆិកា​នេះ​។​មុនពេល​ពិធី​កាត់​ព្រ័ត្រ ព្រះករុណា ព្រះមហាក្សត្រ បាន​ប្រទាន​នូវ​រង្វាន់​ដល់​កីឡាករ​ទូកង ដែល​ទទួលបាន​ចំណាត់ថ្នាក់​ផែន​លេខ​១​។ ផែន​លេខ​១ គឺ​ទទួលបាន​ពាន​១ ទង់​អនុស្សាវរីយ៍​បុណ្យអុំទូក​១ ប័ណ្ណ​១ និង​ថវិកា ៤០០​ពាន់​រៀល​។​

គណៈកម្មការ​បច្ចេកទេស​រៀបចំ​ប្រណាំងទូក បានប្រកាស​អំពី​លទ្ធផល​ជ័យលាភី​ប្រណាំងទូក​ប្រចាំឆ្នាំ​២០១៤​នេះ ដោយ​ទូក​គូ​ពិសេស ដែលមាន​ល្បឿន​លឿន​ជាងគេ ក្នុងឆ្នាំនេះ​មាន ៣​ទូក និង​ទូក​ដែលមាន​សោ​ភ័​ណ្ឌ​ភាពល្អ​ជាងគេ​មាន ៤​ទូក ហើយ​ទូក​ដែលជា​ម្ចាស់​ជ័យលាភី​លេខ​១ បាន​ទៅលើ​ទូក​មានឈ្មោះ ស្រី​ស្រស់​គៀន ជ្រៃ​បារមី​តេ​ជោ មកពី​ខេត្តកំពង់ចាម ដោយ​ប្រើ​ថេរៈវេលា​សរុប​ទាំង​៣​ថ្ងៃ ២៧​នាទី និង​ជាង​១០​វិនាទី​។​

ចំណាត់ថ្នាក់​លេខ​២ បាន​ទៅលើ​ទូក​ឈ្មោះ ច័ន្ទ​សោម​សែន​មង្គល មកពី​ខេត្តតាកែវ ប្រើ​ថេរៈវេលា ២៧​នាទី និង ១៤​ៈ​៣៤ វិនាទី​។ ចំណាត់ថ្នាក់​លេខ​៣ បាន​ទៅលើ គិរីវង្ស​សុខ​សែន​ជ័យ មកពី​ខេត្តតាកែវ ប្រើ​ថេរៈវេលា ២៧​នាទី និង ២៤​ៈ​៤៥ វិនាទី​។ ចំណាត់ថ្នាក់​លេខ​៤ បាន​ទៅលើ ស្រី​ម៉ៅ​ក្រាំង​យ៉ូ​វ មកពី​ខេត្តកណ្តាល ប្រើ​ថេរៈវេលា ២៧​នាទី និង​២៥​ៈ​២៦​វិនាទី​។ ចំណាត់ថ្នាក់​លេខ​៥ បាន​ទៅលើ ចៅ​ពេជ្រ​កុមារ បុប្ផា​ជ្រោយ​ថ្ម មកពី​ខេត្តកំពង់ចាម ប្រើ​ថេរៈវេលា ២៧​នាទី និង ២៦​ៈ​៣៨ វិនាទី​។​

ចំណាត់ថ្នាក់​លេខ​៦ បាន​ទៅលើ កំសាន្ត​ជលសារ មកពី​រាជធានី​ភ្នំពេញ ប្រើ​ថេរៈវេលា ២៧​នាទី និង ២៧​ៈ​៦២​វិនាទី​។ ចំណាត់ថ្នាក់​លេខ​៧ បាន​ទៅលើ ព្រឹទ្ធាចារ្យ​មហា​តេ​ជោ​សែន​ជ័យ មកពី​ខេត្តកំពង់ចាម ប្រើ​ថេរៈវេលា ២៧​នាទី និង ៤០​ៈ​៧៣​វិនាទី និង​ចំណាត់ថ្នាក់​លេខ​៨ បាន​ទៅលើ ស៊ា​សែន​ជ័យ​បារមី​តេ​ជៈ មកពី​ខេត្តកំពង់ចាម ប្រើ​ថេរៈវេលា ២៧​នាទី និង ៤៦​ៈ​៧១ វិនាទី​។​

សូមបញ្ជាក់ ការ​ឲ្យ​ចំណាត់ថ្នាក់​នេះ គឺ​ជ្រើស​យក​ទូក ដែល​អុំ​ឈ្នះ​ទាំង​៦​ជើង មាន​ល្បឿន​លឿន​ជាងគេ ពោលគឺ ប្រើ​ថេរៈវេលា​តិចជាងគេ​បំផុត​។​

ព្រះរាជ​ពិធីបុណ្យ​អុំទូក​រយៈពេល​៣​ថ្ងៃនេះ ទូក​អុំ ជាប់​ផែន​លេខ​១ មាន​ចំនួន ១១៩​ទូក ផែន​លេខ​២ មាន ៤៨​ទូក ផែន​លេខ​៣ មាន ៣២​ទូក និង​ផែន​លេខ​៤ មាន ១៦​ទូក​។ រីឯ​ទូក​ចែវ​នារី ផែន​លេខ​១ មាន ១​ទូក និង​ផែន​លេខ​២ មាន ១​ទូក​។
ចំណែក​ទូក​ចែវ​បុរស ផែន​លេខ​១ មាន ៦​ទូក ផែន​លេខ​២ មាន ៩​ទូក ផែន​លេខ​៣ មាន ៨​ទូក និង​ផែន​លេខ​៤ មាន ៧​ទូក​។​នេះ​បើតាម​ការប្រកាស​ពី​គណៈកម្មការ​បច្ចេកទេស​រៀបចំ​បុណ្យអុំទូក បស់​ក្រសួង​អប់រំ យុវជន និង​កីឡា​នា​ល្ងាច​នេះ​។​
​ព្រះរាជ​ពិធីបុណ្យ​អុំទូក នៅ​ឆ្នាំ​២០១៤​នេះ មាន​ទូក​ចំនួន ២៤៥​ទូក ចូលរួម​ប្រកួតប្រជែង​។ ក្នុងនោះ​ទូក​អុំ​បុរស ១៦១​ទូក អុំ​នារី​១​ទូក ទូក​ចែវ​បុរស​២៨​ទូក ចែវ​នារី ២​ទូក ទូក​ខ្នាត​អន្តរជាតិ​បុរស ៥២​ទូក ទូក​ខ្នាត​អន្តរជាតិ​នារី ១​ទូក​។

ចំពោះ​ចំណុះ​ទូក​សរុប​មាន​១៧.៤២១ នាក់ ដោយ​កម្លាំង​អុំ​បុរស​មាន ១៤.២៦២​នារី ១៥៦​នាក់ និង​កម្លាំង​ត្រៀម​បំរុង​បុរស​២.៩៥៨ នាក់ នារី​៤៥​នាក់​។​
​ព្រះរាជ​ពិធីបុណ្យ​អុំទូក នៅ​ឆ្នាំនេះ ពុំមាន​កីឡាករ​អុំទូក ចែវ​ទូក​ណា​ម្នាក់ រងគ្រោះថ្នាក់ ដល់​អាយុជីវិត​នោះទេ​៕ប្រភព៖fpm

Untitled-1

 

 

 

 

Untitled-1

 

 

 

 

Untitled-2