បាក់​សំណង់​ស្ពាន​អាកាស​នៅ​ឥណ្ឌា​ស្លាប់​មនុស្ស​២១​នាក់​ស្លាប់ របួស​៨៥​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 April, 2016 ក+ ក-

​ឥណ្ឌា​៖​យោងតាម​សារព័ត៌ India Today បាន​ផ្សាយ​ថា មនុស្ស​ចំនួន​២១​នាក់​បាន​ស្លាប់ និង​៨៥​នាក់​រងរបួស​ក្នុង​ហេតុការណ៍​បាក់ស្រុត​សំណង់​ស្ពាន​អាកាស​មួយកន្លែង នៅ​ទីក្រុង​កុល​កាតា រដ្ឋ West Bengal ប្រទេស​ឥណ្ឌា​កាលពី​រសៀល​ថ្ងៃទី​៣១ ខែ​មិនា​ម្សិលមិញ​។​
​ឧប្បត្តិ​ហេតុនេះ​បានកើត​ឡើង​ក្នុង​តំបន់​ក្បែរ​សួន Girish Park ជា​សង្កាត់​មួយ​ដែលមាន​មនុស្ស​រស់នៅ​ច្រើន មាន​ច្រក​ផ្លូវ​តូចចង្អៀត មាន​ហាង​លក់ទំនិញ​និង​ផ្ទះ​សង់​ជាប់ៗ​គ្នា​។ ស្ពាន​អាកាស​បាក់ស្រុត​ខាងលើ​មាន​ប្រវែង ១,២​ម៉ា​យ (២​គីឡូម៉ែត្រ​) និង​ស្ថិតក្រោម​ការសាងសង់​ចាប់តាំងពី​ឆ្នាំ​២០០៩ និង​មិនទាន់​សង់​រួចរាល់​ជា​ស្ថាពរ​នៅឡើយ​រហូតមកដល់​ប​ច្ចុ​ប្បន្ន​។​
​ទោះជា​យ៉ាងណា មិនទាន់មាន​ការបញ្ជា​ក់​ច្បាស់លាស់​នៅឡើយ​ទេពី​មូល​ហេតុដែល​បណ្ដាល​ឲ្យ​បាក់ស្រុត​សំណង់​ស្ពាន​អាកាស​នៅឡើយ​ទេ ប៉ុន្តែ​ក្រុមហ៊ុន​IVRCL ដែល​ទទួលបន្ទុក​ម៉ៅការ​សាងសង់​ស្ពាន​ខាង​លើ បាន​ឲ្យ​ដឹងថា​ពួកគេ​នឹង​សហការ​ជាមួយ​ក្រុម​ស៊ើបអង្កេត​ដើម្បី​រក​មូលហេតុ​ឲ្យ​ឃើញ​៕

914