លោក រតនៈ
ភ្នំពេញ៖ មាន សូនីតា តារាសម្តែងដែលលេចមុខមាត់ខ្លាំងជាមួយនឹងសកម្មភាពមនុស្សធម៌បានប្រកាស និងបន្តការផ្សព្វផ្សាយស្នាដៃដែលជាផ្នែកមួយនៃការលើកកម្ពស់កិត្តិសព្ទសិល្បៈវប្បធម៌ អរិយធម៌ខ្មែរជាបន្តផងដែរ។ ការប្រកាសនេះត្រូវបានធ្វើឡើងក្រោយពេលទស្សនាវត្តីម៉ូតសំលៀកបំពាក់បែបបច្ចឹមប្រទេសមួយជ្រើសរើសនាងឡើងលើគម្របមុខ។
មាន សូនីតា ដែលទើបនឹងទទួលបានរហស្សនាមថាជារាជិនីក្រមា បានបញ្ជាក់ថា នាងពិតជាមានចំណាប់អារម្មណ៍ខ្លាំងជាមួយនឹងបេសកម្មនេះព្រោះតែវាបានជួយលើកកម្ពស់ល្បែងប្រជាប្រិយខ្មែរ ព្រមជាមយយនឹងគំនិតច្នៃប្រឌិតអស្ចារ្យនៃម៉ូតសម្លៀកបំពាក់ ដែលវាបានឆ្លុះបញ្ចាំងផងដែរនូអរិយធម៌វប្បធម៌របស់ជាតិខ្មែរ។ ពិសេសគឺការថតរូបបែបសិល្បៈដែលរ៉ូបរបស់នាងត្រូវបានច្នៃឡើងពីហូល ផាមួង សូត្រខ្មែរ រំលេចដោយការច្នៃដោយទាន់សម័យពីអ្នកជំនាញ។ នាងបន្តទៀតថា វាគឺជាក្តីប្រាថ្នា និងស្រមើស្រមៃចង់បានរបស់នាងជាយូមកហើយក្នុងការចូលរួមចំណែកថែរក្សាសិល្បៈវប្បធម៌ទាំងនេះឲ្យស្ថិតស្ថេរគង់វង្ស។ នាងរំពឹងដែរថា ក្រោមការសម្រិតសម្រាំងនូវម៉ូតសម្លៀកបំពាក់ ការច្នៃប្រឌិត ការបង្ហាញពីទស្សនីយភាពប្លែកៗ ពិសេសគឺទំនៀមទម្លាប់នៃពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះពិតជាធ្វើឲ្យអ្នកអាន និងទស្សនាប្លែកភ្នែកចម្លែកអារម្មណ៍កាន់តែខ្លាំង។
លោក ជ័យ រដ្ឋា នាយកផ្នែកច្នៃប្រឌិតរបស់ទស្សនាវត្តី សូវរីន(Sovrin)បានបញ្ជាក់ថាដើម្បីបង្កើតបានជាទស្សនីយភាពក្រុមការងារបានបានជ្រើសរើសយកវត្តពោធិរុក្ខារាមហៅវត្តកំពុងត្រឡាច ស្ថិតក្នុងស្រុកកំពុតត្រឡាចខេត្តកំពុងឆ្នាំងដើម្បីផ្តិតយករួមភាពជាមួយនឹងសកម្មភាពថតរូប ដែលសិល្បករស្លៀកពាក់បែបសហសម័យ លាយគ្នាជាមួយនឹងសម្លៀកបំពាក់បុរាណផងដែរ។ លោកបញ្ជាក់ថា ការបង្ហាញទស្សនីយភាពនេះក៏បានបង្ហាញពីសក្កដានុពលទេសចរណ៍របស់កម្ពុជាទៅកាន់ពិភពលោកផងដែរ។ លោកបន្តថាការជ្រើសរើសកញ្ញាមានសូនីតាមកថតសម្រាប់ទស្សនាវត្តីលោកព្រោះតែនាងមានឈ្មោះល្បី រូបសម្រស់ស្រស់សោភា ពិសេសគឺសកម្មភាពចូលរួមសង្គម និងផ្សព្វផ្សាយសិល្បៈវប្បធម៌ខ្មែររបស់នាងផងដែរ៕