រាជធានីភ្នំពេញ៖មន្ត្រីម្នាក់ដែលមានតួនាទីជាប្រធានការិយាល័យ អូស្ត្រាលីញូហ្សេឡែន នៅនាយកដ្ឋានអាស៊ី២នៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ដែលត្រូវបានសមត្ថកិច្ចអង្គភាពប្រឆាំងអំពើពុករលួយបញ្ចូនមកអយ្យការអមសាលាដំបូងរាជធានីនាព្រឹកថ្ងៃទី២ មេសា ដើម្បីសាកសួរករណីប្រព្រឹត្តអំពើពុករលួយ តាមរូបភាពទទួលលុយពីក្រុមហ៊ុនបរទេសដើម្បីប្រថាប់ត្រាបញ្ជាក់លើឯកសារ ។ បច្ចុប្បន្នមន្ត្រីរូបនេះ កំពុងស្ថិតក្រោមការសាកសួររបស់ព្រះរាជអាជ្ញារងលោក លី សុផាណា ។
មន្ត្រីក្រសួងការបរទេសរូបនេះ ឈ្មោះ អ៊ា សែ អាយុ៤២ឆ្នាំ ត្រូវបានសមត្ថកិច្ចអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦ នៅក្នុងក្រសួងការបរទេសតែម្ដង ។ សមត្ថកិច្ចអង្គភាពប្រឆាំងអំពើពុករលួយ បញ្ជាក់ថា មន្ត្រីរូបនេះអាចប្រឈមមុខនឹងការចោទប្រកាន់ពីបទវិតិក្រម តាមមាត្រា៥៩២ និង ៥៩៣ នៃក្រមព្រហ្មទណ្ឌ ។
ទាក់ទងករណីនេះ កាលពីថ្ងៃ៣១ មីនា លិខិតជូនព័ត៌មានរបស់លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានធ្វើការផ្សព្វផ្សាយភ្លាមៗក្នុងក្រសួងផងដែរ ដែលសរសេរថា សូមឯឧត្ដម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ កុំមានការភ្ញាក់ផ្អើលចំពោះករណី «អង្គភាពប្រឆាំងអំពើពុករលួយ» បានចាប់មន្ត្រីក្រសួងការបរទេសមួយរូប នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦ នេះ ដោយសារមានភស្ដុតាងច្បាស់លាស់អំពីការទទួលលុយពីក្រុមហ៊ុនបរទេសដើម្បីប្រថាប់ត្រាបញ្ជាក់លើឯកសារដែលមិនពាក់ព័ន្ធនឹងក្រសួងការបរទេស ។ ដូច្នេះ សូមឯកឧត្ដម លោកជំទាវ លោក លោកស្រីថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់រក្សាភាពស្ងប់ស្ងាត់ និងបន្តការងាររបស់ខ្លួនក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ៕