ភ្នំពេញ: មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានទម្លាយប្រាប់ឲ្យដឹង ថា លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងលោក កែម ឡី ប្រធានក្រុមអ្នកស្រាវជ្រាវឯករាជ្យជាន់ខ្ពស់ និងជាអ្នកសម្របសម្រួលបណ្តាញសង្គមខ្មែរដើម្បីខ្មែរជួបចរចាគ្នានៅទីក្រុងហុងកុងប្រទេសចិនទាក់ទងក្រុមសង្គមស៊ីវិល និងអ្នកវិភាគឯករាជ្យមួយចំនួនគ្រោងបង្កើតគណបក្សដើម្បីចូលរួមប្រកួតប្រជែងនៅ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ ឆ្នាំ២០១៨ ខាងមុខនេះ។
លោក សម រង្ស៊ី និង លោក កែម ឡី បានចាកចេញពីប្រទេសកម្ពុជា ទៅកាន់ប្រទេសចិន កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៤ ដើម្បីទៅចូលរួម ក្នុងសន្និសីទសម្ព័ន្ធភាព គណបក្សសេរីនិយម ទូទាំងពិភពលោក ( Liberal International ហៅកាត់ថា LI ) រយៈពេល៤ថ្ងៃ។ បន្ទាប់ពីចប់កិច្ចប្រជុំនេះ អ្នកទាំងពីរ នឹងជួបពិភាក្សាគ្នា ក្រៅកិច្ចប្រជុំ ទាក់ទងរឿងលោក កែម ឡី និងក្រុមមន្ត្រីសង្គមស៊ីវិល មួយចំនួន គ្រោងបង្កើតគណបក្ស មួយថ្មីទៀត ដើម្បីចូលរួមការបោះឆ្នោត ជ្រើសតាំង តំណាងរាស្ត្រ អាណត្តិទី៦ នៅឆ្នាំ២០១៨ ខាងមុខនេះ។
ប្រភពច្បាស់ការណ៍ បានឲ្យដឹងថា លោក សម រង្ស៊ី បានទាក់ទងគ្នា ជាមួយលោក កែម ឡី តាមទូរស័ព្ទ រួចក៏សុំណាត់ជួបគ្នា នៅប្រទេសចិន ដើម្បីជៀសវាងកុំឲ្យបែកការណ៍ ដល់បណ្តាញសង្គមខ្មែរដើម្បីខ្មែរ។ ហើយការណាត់ជួបគ្នា រវាងលោក សម រង្ស៊ី និងលោក កែម ឡី គឺបន្ទាប់ពីក្រុមសង្គមស៊ីវិល និងអ្នកវិភាគឯករាជ្យមួយចំនួន គ្រោងនឹងបង្កើតគណបក្ស ដើម្បីចូលរួមការបោះឆ្នោត នាពេលខាងមុខ។
ប្រភពបានបន្តថា មូលហេតុដែលលោក សម រង្ស៊ី ណាត់ជួបជាមួយលោក កែម ឡី គឺដើម្បីទប់ស្កាត់ កុំឲ្យមានការបង្កើត គណបក្សថ្មី ពីព្រោះវាធ្វើឲ្យមាន ការបែកសម្លេង របស់គណបក្សសង្គ្រោះជាតិ សម្រាប់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នៅឆ្នាំ២០១៨ ខាងមុខនេះ។
ចំណែកមន្ត្រីជាន់ខ្ពស់ គណបក្សសង្គ្រោះជាតិ បានឲ្យដឹងថា លោក សម រង្ស៊ី នឹងស្នើសូមឲ្យលោក កែម ឡី និងក្រុមសង្គមស៊ីវិល កុំបង្កើតគណបក្ស ពីព្រោះមិនអាចប្រមូលកម្លាំង យកឈ្នះជាមួយ គណបក្សប្រជាជនកម្ពុជា បានទេ តែបើប្រមូលកម្លាំង យកមកចូលរួម ជាមួយកម្លាំង គណបក្សសង្គ្រោះជាតិ ដែលមានស្រាប់នោះ គឺវាអាចមានសង្ឃឹមឈ្នះ គណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ ឆ្នាំ២០១៨។
លោក កែម ឡី មិនអាចសុំការអត្ថាធិប្បាយបានទេ ដោយទូរស័ព្ទ មិនអាចទំនាក់ទំនងបាន។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ មិនអាចសុំការអត្ថាធិប្បាយបានទេ ដោយទូរស័ព្ទចូល មិនមានអ្នកទទួល។ ប៉ុន្តែលោក យឹម សុវណ្ណ ធ្លាប់បានបញ្ជាក់ នៅក្នុងសន្និសីទកាសែត កាលពីថ្ងៃទី២ ខែវិច្ឆិកា ថា ចំពោះក្រុមសង្គមស៊ីវិល មួយចំនួន មានបំណងចង់បង្កើតគណបក្ស សម្រាប់ការចូលរួម ប្រកួតប្រជែង សម្រាប់ការបោះឆ្នោត ឆ្នាំ២០១៨ គឺមិនមានអំណោយផលទេ។ នៅក្នុងបរិបទ នៃប្រទេសកម្ពុជា ត្រូវដឹងថា ទម្រាំតែបង្រួបបង្រួម កម្លាំងប្រជាធិបតេយ្យ បានមកដល់ពេលនេះ ពីឆ្នាំ១៩៩៣ រហូតមកដល់ឆ្នាំ២០១៣ រយៈពេល២០ឆ្នាំ ទម្រាំតែតំណាងរាស្ត្រ ទៅអង្គុយពាក់កណ្តាលសភា (៥៥អាសនៈ) រួបរួមជាកម្លាំងប្រជាធិបតេយ្យ។
លោកបាន លើកឡើងថា បើសិនជាមាន ចលនាប្រជាធិបតេយ្យ មន្ត្រីអង្គការសង្គមស៊ីវិលណា ដែលមកចង់ធ្វើនយោបាយ គួរតែមករួបរួមគ្នាទៅ ហើយនៅពេលដែល គណបក្សសង្គ្រោះជាតិ កំពុងតែធ្វើការកែទម្រង់ កែលំអកម្មវិធីនយោបាយយើង ចូលរួមទាំងអស់គ្នាទៅ។ ការដែលគ្រោងបង្កើតគណបក្សនោះ គឺមិនស្របតាមកាលៈទេសៈ បច្ចុប្បន្នទេ បើចង់កែទម្រង់ឲ្យបានឆាប់ ត្រូវខិតខំជ្រើសរើសយកប្រព័ន្ធ តាមរបៀបសហរដ្ឋអាមេរិក មានគណបក្សតែពីរធំៗ ដើម្បីដឹកនាំប្រទេស តែបើកាលណាបង្កើតគណបក្សផ្សេងទៀត វាធ្វើឲ្យបំបែកសម្លេង ហើយការផ្លាស់ប្តូរជិតមកដល់ គួរតែនាំគ្នាជួយជម្រុញ ចរន្តនឹងដើម្បីធ្វើការផ្លាស់ប្តូរ មិនមែនមានន័យថា គណបក្សសង្គ្រោះជាតិ មានចំណុចខ្វះខាតបន្តិចបន្តួច បែរជាមិននាំគ្នាចូលមកកែទម្រង់ បែរជានាំគ្នាទៅបង្កើតគណបក្ស៕ប្រភព៖cen
លោកកែម ឡី ប្រធានក្រុមអ្នកស្រាវជ្រាវឯករាជ្យជាន់ខ្ពស់