ខេត្តក្រចេះ៖កម្លាំងនគរបាលខេត្តក្រចេះ សហការជាមួយកម្លាំងអាវុធហត្ថបានចាប់ខ្លួនជនសង្ស័យ៣នាក់ ដែលជាក្រុមចោរប្រដាប់អាវុធ បានធ្វើសកម្មភាពបាញ់សម្លាប់ប្រជាពលរដ្ឋនៅស្រុកស្នួល ខេត្តក្រចេះ ប្លន់យកលុយអស់ប្រមាណ២លានរៀលបានហើយកាលពីយប់មិញ។
ជនសង្ស័យដែលចាប់ខ្លួនឈ្មោះ ស្រេន ឡាង អាយុ៣៤ឆ្នាំ មានទីលំនៅឃុំស្រែចារ ស្រុកស្នួល (អ្នកដឹកមកទំលាក់)។ ដោយឡែក ជនសង្ស័យ២នាក់ទៀតដែលជាអ្នកធ្វើសកម្មភាពត្រូវបានកម្លាំងនគរបាលរបស់លោក សហការជាមួយកម្លាំងនគរបាល ខេត្តមណ្ឌលគិរី តាមទៅចាប់ខ្លួននៅភូមិពូចា ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគីរី។ ជនសង្ស័យទី១ឈ្មោះ អឿន រស់នៅភូមិឃុំខាងលើ និងទី២ឈ្មោះ ចាន់ វី។
គួរបញ្ជាក់ថា បុរសជាម្ចាស់ផ្ទះម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មនៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យ បន្ទាប់ពីក្រុមចោរប្លន់ប្រដាប់ដោយកាំភ្លើងវែង មិនស្គាល់អត្តសញ្ញាណបានបាញ់ប្រហារ ដើម្បីប្លន់យកទ្រព្យសម្បត្តិ កាលពីវេលាម៉ោង៧ និង១០នាទីយប់ ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៦ នៅចំណុចអូរខ្មោះស្ថិតក្នុងភូមមាក់កណ្ដាល ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ៕