រាជធានីភ្នំពេញ៖លោក សម រង្ស៊ី បានចាត់ទុកកម្ពុជា សព្វថ្ងៃដូចនឹងរបបការដឹកនាំ នៃប្រទេសប៉ូឡូញ មុននិងអំឡុង១៩៩០ ។ ប្រធានគណបក្សប្រឆាំង បានលើកឡើងក្នុង Face book ថា ហេតុអ្វីបានជារដ្ឋាភិបាល ដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា ត្រូវបង្ក្រាបកម្មករ និងសហជីព តាមរយៈអំពើហិង្សាមកលើកម្មករផង និងតាមរយៈច្បាប់គាប សង្កត់ សហជីពផង? ឯកឧត្តម បានបញ្ជាក់ថា “ដោយសារតែក្រុមអ្នកកាន់ អំណាចសព្វថ្ងៃ ភ័យខ្លាចចលនាកម្មករ ដែលទាមទារសេរីភាព និងយុត្តិធម៌ មកផ្តួលរំលំអំណាចផ្តាច់ការ របស់ពួកគេ ដូចចលនាកម្មករ និងសហជីពសេរី បានផ្តួលរំលំរបបកុម្មុយនីស្តផ្តាច់ការ នៅប្រទេសប៉ូឡូញ (Pologne/Poland) កាលពីឆ្នាំ ១៩៩០”។
លោកលើកឡើងថា ក្នុងចន្លោះឆ្នាំ ១៩៨០ ដល់១៩៩០ ចលនាកម្មករ និងសហជីពឯករាជ្យ ពីបក្សកុម្មុយនីស្តឈ្មោះ Solidarność (មានន័យថា សាមគ្គីភាព) ដឹកនាំដោយលោក Lech Wałęsa បានជម្រុញឲ្យមានការផ្លាស់ប្តូរ ដោយសន្តិវិធី នៅប្រទេសប៉ូឡូញ ដែលជាប្រទេសកុម្មុយនីស្ត រណបសហភាពសូវៀត នៅពេលនោះ។ ប្រទេសប៉ូឡូញ ជាប្រទេសមុនគេបង្អស់ ក្នុងចំណោមប្រទេសកុម្មុនីស្ត នៅទ្វីបអឺរ៉ុបខាងកើត ដែលបានរើបម្រះពីរបបកុម្មុយនីស្ត ហើយបានទាមទារឯករាជ្យភាព ប្រកបដោយជោគជ័យ ពីសហភាពសូវៀត។
មេបក្សប្រឆាំងសង្កត់ធ្ងន់ថា នៅទីបញ្ចប់ របបកុម្មុយនីស្តបានដួលរលំ នៅទូទាំង ទ្វីបអឺរ៉ុប ព្រមទាំងនៅសហភាពសូវៀតផងដែរ ក្នុងឆ្នាំ ១៩៩១។ ដូច្នេះ គេឃើញថាចលនាកម្មករ និងសហជីពសេរី ជាកម្លាំងនាំមុខ ដែលអាចមានឥទ្ធិពលខ្លាំងណាស់ ក្នុងការនាំមកនូវ លទ្ធិប្រជា ធិបតេយ្យ សេរីភាព និងយុត្តិធម៌សង្គម នៅក្នុងប្រទេស ដែលធ្លាប់តែគ្រប់គ្រង ដោយអំណាច កុម្មុយនីស្តផ្តាច់ការ។ លោក Lech Wałęsa បានទទួលជ័យលាភី ពានរង្វាន់ណូបែលសន្តិភាព (Nobel Peace Prize) ក្នុងឆ្នាំ១៩៨៣ ពេលដែលកំពុងតែប្រយុទ្ធ ដោយសន្តិវិធី ហើយលោកបានជាប់ឆ្នោត ជាប្រធានាធិបតីថ្មី នៃប្រទេសប៉ូឡូញ ក្នុងឆ្នាំ ១៩៩០៕