ញ៉ូដេលី៖យោងតាមការចេញផ្សាយរបស់សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៦ថា មនុស្ស៧០នាក់បានស្លាប់ដោយសារបញ្ហាអាកាសធាតុឡើងកម្ដៅខ្លាំងនៅក្នុងប្រទេសឥណ្ឌាក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។
មន្ត្រីក្រសួងសុខាភិបាលឥណ្ឌាបានថ្លែងថា អាកាសធាតុបានឡើងក្ដៅខ្លាំងនៅក្នុងរដ្ឋ Telangana ស្ថិតនៅភាគខាងត្បូងប្រទេសឥណ្ឌា និងបានបណ្ដាលឲ្យមនុស្ស៧០នាក់ស្លាប់។ ទន្ទឹមនោះមន្ត្រីជាន់ខ្ពស់រូបនេះបានអះអាងថា នឹងមានអ្នកស្លាប់កើនទៀត បើអាកាសធាតុនៅតែបន្ដឡើងកម្ដៅបែបនេះ។
មន្ត្រីសុខាភិបាលខាងលើបានបញ្ជាក់ថា ក្នុងចំណោមអ្នកស្លាប់ភាគច្រើនគឺជាកម្មករ និងអ្នកដែលបម្រើការងារនៅក្នុងរោចក្រសិប្បកម្ម ជាពិសេសគឺអ្នកដែលធ្វើការងារនៅក្រោមពន្លឺថ្ងៃ ដោយពួកជួបនូវបញ្ហាគាំងបេះដូង និងខ្វះជាតិទឹកក្នុងខ្លួន ហើយនៅពេលនេះ រដ្ឋាភិបាលបានជួនដំណឹងឲ្យពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្ន។
គួររម្លឹកថា កាលពីឆ្នាំ២០១៥ មានមនុស្សជាង២៣៣០នាក់បានស្លាប់នៅក្នុងប្រទេសឥណ្ឌាដោយសារការឡើងកម្ដៅខ្លាំង៕