​ប៉ូលីស​ម្នាក់ និង​បក្ខពួក វ៉ៃ​អ្នកកាសែត​ដោយសារ​មិន​ព្រម​ទទួល​សំណូក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 April, 2016 ក+ ក-

ដោយ៖ស សាម

ខេត្ត​រតនគីរីៈ​មន្ត្រីនគរបាល​ខេត្ត​រតនគីរី​ជើង​ខ្លាំង​ម្នាក់ និង​បក្ខពួក  បាន​ព្រួត​គ្នា​វាយ​អ្នក សារព័ត៌មាន​ម្នាក់​ក្រោយពេល​ទូរស័ព្ទ​ហៅ​ឱ្យ​លុយ​​ជា​ថ្នូរ​នឹង​ការជួយ​បិទបាំង​ករណី​រថយន្ត​១​គ្រឿង​ដឹកឈើ​ល្មើសច្បាប់ តែ​អ្នកសារព័ត៌មាន​រូបនោះ​មិន​ព្រម​ទទួល​សំណូក​។​

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង ១៖៥០​នាទី​ថ្ងៃ ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៦ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៧៨ ស្ថិតនៅ​ភូមិ ភ្នំ សង្កាត់​យក្ខ​ឡោម ក្រុង​បាន​លុង​ប ខេត្ត​រតនគីរី​។​

តាម​ការ​ឱ្យដឹងពី​លោក ភួង ផុន  អាយុ ៥២ ឆ្នាំ ជនជាតិខ្មែរ មុខងារ​ភ្នាក់ងារ​យក​ព័ត៌មាន​បាន​បញ្ជាក់ថា មុនពេល​កើតហេតុ​ប្រមាណ​ជា​កន្លះ​ម៉ោង ឈ្មោះ ដុះ​វណ្ណ សុ​វឌ្ឍនៈ ហៅ ណាក់ ជា​មន្ត្រី​នគ​បាល​ប្រឆាំង​គ្រឿងញៀន នៅ​ស្នងការ​ខេត្ត​រតនគីរី  បាន​ទូរស័ព្ទ​មក​ថា អោយប្រាក់​ចំនួន​៥០​ដុល្លារ ជា​ថ្នូរ​នឹង​ករណី រថយន្ត​បា​ឡែ​ន​ពណ៌​ខ្មៅ​មួយគ្រឿង​ដឹកឈើ​ខុសច្បាប់ តែ​លោក​មិន​ទទួល​នោះទេ​។​លោក​បន្តថា បន្តិចក្រោយមក​ឈ្មោះ ដុះ​វណ្ណ សុ​វឌ្ឍនៈ ហៅ ណាក់ និង​ឈ្មោះ ផេ​ត សំណាង អាយុ ៣៤ ឆ្នាំ បាន​បើករថយន្ត​ម៉ាក​លុច​ស៊ី​ស ព័ណ៌​ខ្មៅ គ្មាន​ស្លាក​លេខ​បត់​កាត់មុខ​ទទឹងផ្លូវ បម្រុង​កៀរ​រថយន្ត​របស់លោក​ទម្លាក់​ពីលើ​ថ្នល់ តែ​សំណាងល្អ​រថយន្ត​លោក​បើកបរ មាន​ល្បឿន​យឺតៗ​។​

ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា  បើទោះបីជា​ពុំមាន​គ្រោះថ្នាក់​ក៏ដោយ ក៏ប៉ុន្តែ​ឈ្មោះ ផេ​ត សំណាង បាន​ចុះ​ពីលើ​រថយន្ត​មក​ក្របួច​.​ក អាវ​អ្នកសារព័ត៌មាន ហើយ​ឈ្មោះ ដុះ​វណ្ណ សុ​វឌ្ឍនៈ ហៅ ណាក់ ជា​អ្នក​ទះកំផ្លៀង ។​

លោក​ឧ​ត្ត​ម​សេនីយ៍ នួន គឿន ស្នងការ​នគរបាល​ខេត្ត​រតនគីរី​បាន​ទទួលស្គាល់ថា បុរស​ឈ្មោះ ដុស វ៉ាន់​វឌ្ឍនៈ ពិតជា​នគរបាល​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រតនគីរី​ប្រាកដ​មែន​។​

លោក​បញ្ជាក់ថា លោក​ពុំទាន់​ដឹង​ច្បាស់​អំពី​ករណីនេះ​នៅឡើយ​ទេ ព្រោះ​នៅ​ថ្ងៃកើតហេតុ លោក​ជាប់​មានធុរៈ​ទទួល​ប្រតិភូ​ប្រទេស​វៀតណាម​។​យ៉ាងណាក៏ដោយ លោក​លើកឡើងថា លោក​នឹង​ពិនិត្យ​លើ​រឿងនេះ​។​

ពាក់​ព័​ន្ឋ​បញ្ហា​នេះ  ពុំទាន់​អាច​សុំ​ការអត្ថាធិប្បាយ ពី​នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ចាន់ថា​រិ​ទ្ឋ អគ្គ​ស្នង ការរង និង​ជា​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល ជាតិ​បាន​នៅឡើយ​ទេ ហើយ​នាយ​ឧ​ត្ត​ម​សេនីយ៍ ខៀវ សុភ័គ្គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ ក៏​ពុំ ទាន់​សុំ​ការអត្ថាធិប្បាយ​បាន​នៅឡើយ​ដែរ​។​

លោក ឆាយ ធី អ្នកសម្របសម្រួល​អង្គ​ការ​សិទ្ឋិ មនុស្ស​អាដហុក​ប្រចាំខេត្ត​រតនគីរី​បាន​ថ្លែងថា ក្នុងករណី​មានការ​គំរាមកំហែង ឫ​ប្រើ​ហិង្សា​ណា មួយ​លើ​អ្នកសារព័ត៌មាន ដែល​ចុះ​យក​ព័ត៌មាន តាម​ទីសាធារណៈ គឺជា​អំពី​ខុសច្បាប់​។

លោក​លើកឡើងថា ក្នុងករណី​ចង់​បំភ្លឺ​ពាក់​ព័​ន្ឋ ការចុះផ្សាយ​ណាមួយ ភាគី​ម្ខាង​ទៀត​ត្រូវ​ប្រាប់ អង្គភាព សារព័ត៌មាន​ដើម្បី​ចុះផ្សាយ​ឡើងវិញ ហើយ​គេ​ពុំគួរ​គំរាម ឫ​ប្រើ​ហិង្សា​លើក​អ្នកយក ព័ត៌មាន​នោះទេ​។​

​លោក​បញ្ជាក់ថា នឹងធ្វើ​ការតាមដាន​លើ ករណីនេះ ព្រោះ​វា​ជា​អំពើ​រំលោភ​សិទ្ឋិ​មនុស្ស និង​រំលោភ​សិទ្ឋិ​របស់​អ្នកសារព័ត៌មាន​។​

មន្ត្រី​ប៉ូលីស​ដែល​ព្រួត​គ្នា​វ៉ៃ​អ្នកកាសែត​លោក ដុះ​វណ្ណ សុ​វឌ្ឍនៈ ហៅ ណាក់ មិនអាច​ទាក់ទង​ដ់​ម្បី​សុំ​ការឆ្លើយតប​បានទេ កាលពី​រសៀល​ម្សិលមិញ​នេះ ។​

​បច្ចុប្បន្ន​អ្នកសារព័ត៌មាន​លោក ភួង ផុន កំពុង​រៀបចំ​ពាក្យបណ្ដឹង​ដើម្បីឱ្យ​សមត្ថកិច្ច​ចាត់វិធានការ​លើ​ករណី​នេះ​៕
1acde1ace2