ដោយ ខេមរា
ភ្នំពេញ៖លោកឧកញ៉ា ងិន មនោ ប្រធានក្រុមហ៊ុនមនោ រតនៈ ខនស្ត្រាក់សិន ត្រូវសមត្ថកិច្ចនគរបាលឃាត់ខ្លួនតាមពាក្យបណ្តឹងរបស់ពាណិជ្ជករម្នាក់ នៅវេលាល្ងាចនាថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦នេះ ពាក់ព័ន្ធនឹងករណីលោកឧកញ៉ារូបនេះ ចេញមូលប្បទានបត្រគ្មានសាច់ប្រាក់ ដែលអ្នកខ្លះហៅថា សែកស្អុយក្នុងទំហំទឹកប្រាក់ជាង១០ម៉ឺនដុល្លារអាមេរិក ។
មន្ត្រីនគរបាលមួយរូបបង្ហើបប្រាប់ថា អ្នកលោកឧកញ៉ា ងិន មនោ និងជាជំនួញដែលត្រូវនគរបាលឃាត់ខ្លួនឃាត់ខ្លួននោះ កំពុងត្រូវសមត្ថកិច្ចសាកសួរនៅក្រសួងមហាផ្ទៃនៅឡើយ មុននឹងបន្តនីតិវិធីផ្សេងទៀត ហើយបើសិនការផ្ទៀងផ្ទាត់ចម្លើយស៊ីគ្នានឹងការចោទប្រកាន់មែននោះ សមត្ថកិច្ចនឹងបញ្ជូនខ្លួនទៅកាន់ស្ថាប័នតុលាការ ។
លោកឧកញ៉ា ងិន មនោ មិនអាចទាក់ទងសុំការពន្យល់ពាក់នឹងព័ត៌មានដូចខាងលើបានទេ កាលពីរសៀលថ្ងៃទី ១១ ខែមេសា ម្សិលមិញនេះ។
គួរជម្រាបថា លោក ងិន មនោ ប្រធានក្រុមហ៊ុនមនោ រតនៈ ខនស្ត្រាក់សិន ត្រូវបានតែងតាំងជាឧកញ៉ាដោយព្រះរាជក្រឹត្យលេខនស/រកត/០២០៩/១៥៧ ចុះថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០០៩ ៕