ដោយ៖ ខេមរិន្ទ
ភ្នំពេញ៖អ្នកនាំពាក្យរដ្ឋសភាចាត់ទុកការ ចាប់ខ្លួនតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌលសៀមរាប លោក អ៊ុំ សំអាន ជាករណីដូចគ្នានឹងករណីអតីតព្រឹទ្ធសភាគណបក្សសម រង្ស៊ី លោក ហុង សុខហួរ ដោយលោកចាត់ទុកថានេះជា”បទល្មើសជាក់ស្តែង ” ។
លោក អ៊ុំ សំអាន ដែលសកម្មនឹងបញ្ហាព្រំដែនត្រូវបានចាប់ខ្លួននៅយប់រំលងអធ្រាត្រថ្ងៃអាទិត្យ ក្នុងខេត្តសៀមរាបពាក់ព័ន្ធនឹងការចោទប្រកាន់រឿងប្រើប្រាស់ផែនទីក្លែងក្លាយ។ លោកបានចាកចេញពីប្រទេសអស់រយៈពេលជាង៧ខែ ហើយបានវិលត្រឡប់មកប្រទេសកម្ពុជាវិញកាលពីព្រឹកថ្ងៃអាទិត្យ។
អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង បានបញ្ជាក់ថា ការចាប់ខ្លួនតំណាងរាស្ត្របានលុះត្រាតែមានបទល្មើសជាក់ស្តែង។ លោកបានប្រៀបធៀបករណីលោក អ៊ុំ សំអាន ទៅនឹងករណីលោក ហុង សុខហួរ ដែលត្រូវបានរដ្ឋាភិបាលចាប់ខ្លួនពាក់ព័ន្ធនឹងការចោទប្រកាន់រឿងប្រើប្រាស់ឯកសារក្លែងក្លាយ ទាក់ទងនឹងសន្ធិសញ្ញាព្រំដែនជាមួយវៀតណាម។ លោកបញ្ជាក់ថា៖ “អាហ្នឹងវាមានបទល្មើសជាក់ស្តែង ដូចលោក ហុង សុខហួរ អញ្ចឹង ” ។ លោកបន្ថែមថា អ្វីៗអាស្រ័យលើតុលាការ។
អ្នកនាំពាក្យរងស្ថានទូតអាមេរិកប្រចាំកម្ពុជាលោក Woods Courtney បានប្រាប់បណ្តាញព័ត៌មានក្នុងស្រុកនៅក្រោយពេលលោក អ៊ុំ សំអាន ត្រូវបានសមត្ថកិច្ចចាប់ខ្លួនថា ក្រសួងការបរទសអាមេរិកមានកាតព្វកិច្ច ផ្តល់ជំនួយដល់ប្រជាពលរដ្ឋសញ្ជាតិអាមេរិកនៅក្រៅប្រទេសយ៉ាងយកចិត្តទុកដាក់។ លោកមានប្រសាសន៍ថា៖ “យើងអំពាវនាវដល់រដ្ឋាភិបាលកម្ពុជាឲ្យពន្យល់ពីការចោទប្រកាន់ប្រឆាំងលោក អ៊ុំ សំអាន។ ក្រសួងការបរទេសអាមេរិកមានតួនាទីជួយដល់ប្រជាពលរដ្ឋសញ្ជាតិអាមេរិក នៅក្រៅប្រទេសយ៉ាងយកចិត្តទុកដាក់។ យើងត្រៀមខ្លួនរួចរាល់ហើយក្នុងការផ្តល់សេវាផ្នែកកុងស៊ុលគ្រប់កាលៈទេសៈ”។
គួរបញ្ជាក់ផងដែរថា កន្លងទៅប្រធានគណៈកម្មាធិការកិច្ចការព្រំដែនកម្ពុជាលោក វ៉ា គឹមហុង បានអះអាងថា លោក អ៊ុំ សំអាន បានញុះញង់ឲ្យមានអស្ថិរភាពសង្គម និងមិនអាចអត់ឱនបាននោះទេ៕