រាជធានីភ្នំពេញ៖យ៉ាងហោចណាស់មានមនុស្ស៣៤នាក់ស្លាប់ និង១៥៣នាក់ផ្សេងទៀតរងរបួសក្នុងនោះរបួសធ្ងន់៩៧នាក់ និងរបួសស្រាល៥៦នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេសកម្ពុជា នៅរយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ ចាប់ពីថ្ងៃទី១៣ដល់១៥ ខែមេសា ឆ្នាំ២០១៦។ នេះបើតាមរបាយការណ៍នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ។
របាយការណ៍បង្ហាញទៀតថា គ្រោះថ្នាក់ចរាចរណ៍រយៈពេល៣ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំនេះ មានចំំនួន៧៣លើក ហើយមូលហេតុដែលនាំឲ្យមាន គ្រោះថ្នាក់ចរាចរណ៍ភាគច្រើន ដោយសារបើកបរក្នុងល្បឿនលឿន ស្រវឹង មិនគោរពសិទ្ធិ មិនប្រកាន់ស្តាំ បត់គ្រោះថ្នាក់ ងងុយដេក និងកត្តាយានយន្ត។ ខេត្តដែលមានគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេ គឺខេត្តព្រៃវែង ៨លើក ស្លាប់៨នាក់, ខេត្តកណ្តាល ៦លើកស្លាប់៥នាក់, ខេត្តកំពង់ចាម ៦លើក ស្លាប់៤នាក់, ខេត្តកំពង់ឆ្នាំ ២លើកស្លាប់៣នាក់, ខេត្តកំពង់ស្ពឺ ៥លើក ស្លាប់២នាក់ និងខេត្តមួយចំនួនទៀត៕