ភ្នំពេញ: ទីស្តីការគណៈរដ្ឋមន្ត្រីបានផ្សព្វផ្សាយ នូវទស្សនៈនិពន្ធរបស់ លោកបណ្ឌិត ជុន ចាន់ចំរើន មានចំណងជើងថា “ការធ្លាក់ឆ្នោតរបស់លោកស្រី មូរ សុខហួរ និងលោក យឹម សុវណ្ណ គឺដូចជារឿងបាចអង្កាមបញ្ច្រាសខ្យល់”។ការផ្សព្វផ្សាយនេះធ្វើឡើងបន្ទាប់ពីលោកស្រី មូរ សុខហួរ និងលោក យឹម សុវណ្ណ អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមិនបានជាប់ឆ្នោតជាប្រធានគណៈកម្មការទី៨ និងគណៈកម្មការទី១០ របស់រដ្ឋសភាកាលពីព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៤។
លោកបណ្ឌិត ជុន ចាន់ចំរើន(អ្នកវិភាគឯករាជ្យ)បានសរសេរថា បើទោះបីជាមានការព្រមព្រៀងនយោបាយរវាងថ្នាក់ដឹកនាំគណបក្សទាំងពីរ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ យ៉ាងណាក៏ដោយ ក៏ប៉ុន្តែតំណាងរាស្ត្រទាំងអស់ ក៏ជាមនុស្ស បថុជ្ជនធម្មតា មានចិត្ត និងបេះដូង មានការខឹង ស្អប់នៅឡើយ គឺនៅមិនទាន់មានចិត្តជាព្រះអរហន្តនោះទេ។
គេបានដឹងថា កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៤ ម្សិលមិញ ១ថ្ងៃ មុនការបោះឆ្នោតជ្រើសតាំងប្រធានគណៈកម្មការមួយចំនួនទៀត ក្នុងរដ្ឋសភា ក្នុងនោះក៏មានទាំងគណៈកម្មការទី៨ និងទី១០ផងដែរ ដែលបេក្ខជនឈរឈ្មោះជាប្រធាន គឺលោកស្រី មូរ សុខហួរ និងលោក យឹមសុវណ្ណ។
ការបោះឆ្នោតជ្រើសតាំងជំនួស និងបំពេញបន្ថែមសមាជិកគណៈកម្មការនានា នៃរដ្ឋសភា គឺធ្វើឡើងជាសម្ងាត់ ហើយកន្លងមកនេះ សាធារណមតិជាច្រើនក៏បានដឹងដែរថា ក្នុងគណបក្សសង្គ្រោះជាតិ មានការបែកបាក់ផ្ទៃក្នុងដ៏ជ្រាលជ្រៅ និងមានការបែងចែកជាក្រុមៗផ្សេងៗគ្នា ក្នុងនោះ មានក្រុមខាង សម រង្ស៊ី ខាង កឹម សុខា ក្រុម យឹម សុវណ្ណ ក្រុម អេង ឆៃអ៊ាង ក្រុម សុន ឆ័យ ដែលពួកអ្នកដឹកនាំទាំងនោះ មិនចុះសម្រុងគ្នាទេ គឺតែងតែខ្វែងគំនិតគ្នាជានិច្ច។
អញ្ចឹងការបោះឆ្នោតសម្ងាត់ នេះ ក៏អាចថា សមាជិកសភា ដែលមិនបានបោះឆ្នោត គាំទ្រលោកស្រី មូរ សុខហួរ និងលោក យឹម សុវណ្ណ គឺកើតចេញមកពីផ្ទៃក្នុងគណបក្សសង្គ្រោះជាតិខ្លួនឯងនេះតែម្តង ដែលពួកគេមិនពេញចិត្តនឹងអ្នកទាំងពីរ និងម្យ៉ាងទៀត អាចថា ជាការច្រណែនគ្នាលើការចាត់ចែងមុខដំណែង ដែលនឹងត្រូវឈរឈ្មោះប្រកួតប្រជែងនោះផងដែរ។
ទន្ទឹមនឹងនេះ ក៏មានការលេចឮព័ត៌មានពីមន្ត្រីគណបក្សសង្គ្រោះជាតិមកថា កាលពីកន្លងមក លោក សុន ឆ័យ ក៏ធ្លាប់បានស្តីបន្ទោសទៅលើ លោកស្រី មូរ សុខហួរ ថា បានផ្គើនក្នុងការដឹកនាំធ្វើបាតុកម្ម បង្កឱ្យមានរបួសស្នាមលើសមត្ថកិច្ច កាលពីពេលកន្លងមកនេះ ដោយលោក សុន ឆ័យ បាននិយាយថា លោកស្រី មូរ សុខហួរ គឺជាមនុស្សក្បាលរឹង មិនស្តាប់គេឯង… ជាដើម។
លោកស្រី មូរ សុខហួរ ត្រូវបានគេដឹងថា បានទៅធ្វើសកម្មភាពញុះញង់ប្រជាពលរដ្ឋ និងសកម្មជនអ្នកគាំទ្រខ្លួននៅឯខេត្តបាត់ដំបង បំផុសឱ្យធ្វើបាតុកម្ម ១ថ្ងៃមុនការបោះឆ្នោតថ្ងៃនេះ ដែលទង្វើនោះ អាចថា ដូចជាយកសាំងទៅចាក់លើភ្លើងបន្ថែមទៀត ជាហេតុបណ្តាលឱ្យមានការមិនសប្បាយចិត្តពីក្រុមអ្នកតំណាងរាស្ត្រ មួយចំនួន ហើយលោកយឹម សុវណ្ណ អាចថា នឹងមានរឿងប្រហាក់ប្រហែលគ្នានេះដែរ ។
សកម្មភាពញុះញង់របស់លោកស្រីមូរ សុខហួរ អាចថា ជាផ្នែកមួយនៃការរំលោភលើកិច្ចព្រមព្រៀងរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ និងក៏ជាមូលហេតុនាំឱ្យអ្នកតំណាងរាស្ត្រជាច្រើនដកសេចក្តីទុកចិត្ត។
ដូច្នេះ ការធ្លាក់ឆ្នោត ខកខានមិនបានធ្វើជាប្រធានគណៈកម្មការទី៨ និងទី១០ ក្នុងរដ្ឋសភា លោកស្រី មូរ សុខហួរ និងលោក យឹម សុវណ្ណ ពុំគួរនឹងមានការទោសមនស្ស អាក់អន់ចិត្តនោះទេ អ្នកទាំងពីរត្រូវយល់ថា លទ្ធផលនេះ គឺកើតចេញពីទង្វើ នៃការបាចអង្កាមបញ្ច្រាសខ្យល់ប៉ុណ្ណោះ។
ទោះបីយ៉ាងណា សមាជិកនៃគណៈកម្មការទី៨ និងទី១០ ក៏បានបោះឆ្នោតផ្ទៃក្នុងរបស់ខ្លួនជ្រើសតាំងសមាជិកសភាថ្មីជំនួស ដំណែងនោះផងដែរ គឺលោកស្រី កែ សុវណ្ណរ័ត្ន ជាប់ធ្វើជាប្រធានគណៈកម្មការទី៨ ជំនួសលោកស្រីមូរ សុខហួរ និងលោក ហូរ វ៉ាន់ បានជាប់ឆ្នោតធ្វើជាប្រធានគណៈកម្មការទី១០ ជំនួសលោក យឹម សុវណ្ណ ដែលធ្លាក់ឆ្នោតកាលពីព្រឹកមិញ។
ដូច្នេះ ពុំគួរគប្បីថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ មានការសង្ស័យហួសហេតុពេកមកលើសមាជិកសភាគណបក្សដទៃដែលនាំឱ្យមានការល្អក់កកដល់កិច្ចព្រមព្រៀង រវាងគ្នានឹងគ្នា ផ្ទុយទៅវិញសូមគណបក្សសង្គ្រោះជាតិមើលពីដង្កូវក្នុងសាច់ឯងផង៕