រដ្ឋាភិបាលអេក្វាទ័របញ្ចេញថវិកាជួយសង្គ្រោះជនរងគ្រោះដោយសាររញ្ជួយដី
អេក្វាទ័រ៖យោងតាមការផ្សាយពីសារព័ត៌មានស៊ិនហួរថា កញ្ចប់ថវិកាដំបូង៣០០លានដុល្លារអាមេរិកត្រូវបានរដ្ឋាភិបាលនៃប្រទេសអេក្វាទ័របានបញ្ចេញជាជំនួយភ្លាមៗ ក្នុងប្រតិបត្តិការសង្គ្រោះ ដែលបង្កឡើងដោយគ្រោះធម្មជាតិរញ្ជួយផែនដីកម្រិត ៧,៨រ៉ិចទ័រ ដែលបាន វាយប្រហារភាគពាយ័ព្យ បណ្តាលឲ្យមនុស្សស្លាប់ ២៤៦នាក់។
កងទ័ព និងកងកម្លាំងប៉ូលិសសរុប ១៤,០០០នាក់ ត្រូវបានដាក់ពង្រាយទៅតំបន់នានាដែលបាន ទទួលរងគ្រោះរញ្ជួយដី ដែលបានកើតមានឡើងកាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ នៅក្នុងប្រទេសអេក្វាទ័រ ដែលស្ថិតនៅតំបន់អាមេរិកខាងត្បូង ជាប់នឹងមហាសាគរប៉ាស៊ីហ្វិក ដែរនោះ។ បច្ចុប្បន្នខេត្តចំនួន ០៦ នៅក្បែរតំបន់ដែលបានរងគ្រោះរញ្ជួយដី នៅតែស្ថិតក្នុងការប្រកាសអាសន្ននៅឡើយ ហើយមនុស្ស ២,៥២៧ កំពុងសម្រាកព្យាបាលរបួសនៅឯមន្ទីរពេទ្យ៕