​ស្នេហ៍​ខុស​បំណង ចង​.​ក សម្លាប់ខ្លួន​ទាំង​មាន​ផ្ទៃពោះ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 November, 2014 ក+ ក-

​ភ្នំពេញ ៖​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​រសៀល ថ្ងៃទី​១១ វិច្ឆិកា នៅក្នុង​បន្ទប់​ជួល លេខ​៣ ដីឡូត៍​លេខ​៥០២ តាម​បណ្តោយ ផ្លូវ​លេខ​៤៤៦ ក្នុងភូមិ​៥ ក្រុមទី​៣៥ សង្កាត់​ទួល​ទំពូង​ទី​១ ខណ្ឌចំការមន ដោយសារ​នារី​វ័យក្មេង​ម្នាក់​បាន​ចង​.​ក ស្លាប់​ក្នុង​បន្ទប់​ជួល​។​

តាម​ប្រភពព័ត៌មាន​ពី​មន្ត្រីនគរបាល​ម្នាក់​ឱ្យដឹងថា នារី​ដែល​ធ្វើអត្តឃាត​ឈ្មោះ លីន ណា អាយុ​២១​ឆ្នាំ មាន​ស្រុកកំណើត នៅ​ភូមិ​ត្រពាំង​ឫស្សី ឃុំ​តា​ពក ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ បានមក​ជួល​បន្ទប់​កន្លែងកើតហេតុ​ស្នាក់នៅ ។ ការចង​.​ក សម្លាប់ខ្លួន​នេះ ពុំមាន​អ្នកណាម្នាក់ ដឹងថា​បានកើត​ឡើង​នៅពេលណា​ឡើយ ព្រោះ​ស្ត្រី​រងគ្រោះ​ស្នាក់​នៅក្នុង​បន្ទប់​ជួល​នេះ​តែម្នាក់ឯង ។

​មន្ត្រី​រូបនោះ​បន្តថា មុនពេល​មានការ​ភ្ញាក់ផ្អើល​នេះ មាន​ក្មេងៗ​មួយក្រុម​នាំគ្នា​រត់​លេង នៅខាងមុខ​បន្ទប់​នោះ ក៏បាន​ធុំក្លិន​ស្អុយ​ប្លែក​ភាយ​ចេញពី​ក្នុង​បន្ទប់ ហើយ​ក៏បាន​ទៅប្រាប់​ចាស់ៗ ដែល​នៅ​ជិត​នោះ ។ ក្រោយពី​ក្មេងៗ ប្រាប់​ដូច្នោះ ក៏បាន​នាំគ្នា​មក​មើល និង​យកដៃ ទៅ​គោះ​រុញ​ទ្វារ​ក៏​របើក និង​បាន​ប្រទះឃើញ​ស្ត្រី​រងគ្រោះ​ចង​.​ក ជាប់​នឹង​ចម្រឹង​បង្អួច ដែលមាន​សភាព​ហើម​ស្អុយ​ទៅហើយ ។​

​សមត្ថកិច្ច​សន្និដ្ឋានថា ស្ត្រី​វ័យក្មេង​មាន​ផ្ទៃពោះ​ម្នាក់នេះ​បាន​ដាច់ចិត្ត​ចង​.​ក ធ្វើអត្តឃាត នៅក្នុង​បន្ទប់​ផ្ទះជួល ព្រោះ​មាន​វិបត្តិ​ស្នេហា ហើយ​ដោយសារតែ ពុំមាន​អ្នកណា​ដឹង រហូតដល់​សព ជះក្លិន​ស្អុយ ទើប​នាំគ្នា​ទៅ បើកទ្វារ​មើល ឃើញ​ស្ត្រី​រូបនេះ​ចង​.​ក ស្លាប់​មិនដឹង តាំងពី​ពេលណា បាត់ទៅហើយ ។

នៅពេល​កម្លាំង​មាន​សមត្ថកិច្ច ចុះមក​ធ្វើ​កោសល្យវិច័យ បាន​ពិនិត្យឃើញថា ស្ត្រី​វ័យក្មេង​នេះ ពិតជា​បានធ្វើ អត្តឃាត​ចង​.​ក សម្លាប់ខ្លួន ប្រហែលជា​៣ ទៅ​៤​ថ្ងៃ​មកហើយ ។ នៅក្នុង​បន្ទប់ កើតហេតុ​នោះ គេ​បាន​រកឃើញ មានកូន​សៀវភៅ​កត់ត្រា​តូច​មួយ​ចុះ ថ្ងៃទី​៩ វិច្ឆិកា ដែល​នាង​បាន សរសេរ​រៀបរាប់ថា ការធ្វើអត្តឃាត​នេះ ដោយសារតែ​ការស្រឡាញ់​បុរស​ម្នាក់​ដែល​តែងតែ ភូតកុហក និង​បោកប្រាស់​នាង ។​

ប្រការ​ដែល​គួរ​ឲ្ត​រន្ធត់​នោះ​គឺ​បានសរសេរថា នាង​បាន​យក​កូន នៅក្នុង​ផ្ទៃ​របស់​នាង​ទៅជា​មួយ​ផងដែរ ហើយ​បាន​ផ្តាំ​ទៅ​បុរស​ដែល​បោកប្រាស​នាង​នោះ​ថា រស់នៅ​ឱ្យបាន​សុខ​ទៅ​ចុះ ! ។

​ក្រោយពី​សមត្ថកិច្ច ធ្វើ​កោសល្យវិច័យ​រួចហើយ សព​ត្រូវបាន​ប្រគល់ជូន​ដល់​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅឯ​ស្រុកកំណើត ៕

Untitled-4

 

 

 

 

 

Untitled-5