ក្រសួង​ហាម​មិន​ឲ្យ​ចាក់​បញ្ចាំង​ខ្សែភាពយន្ត​រឿង « ខ្ញុំ​ឈុត វុទ្ធី » សកម្មជន​បរិស្ថាន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 April, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​ប្រធាន​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត​និង​ផ្សព្វផ្សាយ​វប្បធម៌ លោក ស៊ិន ចាន់​សា​យ៉ា បាន​ប្រាប់​អ្នកសារព័ត៌មាន​នៅថ្ងៃនេះ​ថា ក្រសួង​សម្រេច​មិន​ឲ្យ​បញ្ចាំងភាពយន្ត​រឿង « ខ្ញុំ ឈុត​វុទ្ធី » សកម្មជន បរិស្ថាន នោះទេ ។ លោក​បញ្ជាក់ថា ការហាម​ដូច្នេះ​គឺ ដោយសារ​ក្រុមការងារ​បញ្ចាំង​មិនបាន​សុំ​ការអនុញ្ញាត​ពី​ក្រសួង​និង​មួយវិញទៀត ដោយសារ​ការថត​រឿងនេះ​ក៏​មិនបាន​សុំ​ការអនុញ្ញាត​ពី​ក្រសួង​ផងដែរ​។​
​គួរ​បញ្ជាក់ថា មជ្ឈមណ្ឌល​វប្បធម៌​កម្ពុជា​-​អាល្លឺម៉ង់​ឬ​ហៅថា​មជ្ឈមណ្ឌល​មេត្តា​ហោ​ស៍​(Meta House) គ្រោង​នឹង​បញ្ចាំង​វីដេអូ​ឯកសារ​មួយ​ស្តីពី​ជីវិត​របស់លោក ឈុត វុទ្ធី អតីត​សកម្មជន​ការពារ​ធនធានធម្មជាតិ ដែល​ត្រូវ​បាញ់សម្លាប់​កាលពី​ឆ្នាំ​២០១២​។ តាម​គម្រោង វីដេអូ​ឯកសារ​នេះ​នឹង​ត្រូវដាក់​បញ្ចាំង​ឲ្យ​សាធារណជន​ទស្សនា​នៅ​ថ្ងៃទី​២០ ខែមេសា​ចាប់ពី​ម៉ោង​៧​ដល់​ម៉ោង​៨​យប់​។​
​លោកស្រី ហ្វ្រា​ន ឡាំ​ប្រី​កស៍ ដែលជា​អ្នក​ផលិត​ខ្សែភាពយន្ត​នេះ​បាន​ប្រតិកម្ម​តប​ថា នេះ​មិនមែនជា​លើកដំបូង​ដែល​ក្រសួង​បាន​ហាម​បញ្ចាំង​ខ្សែភាពយន្ត​នៅ​មជ្ឈមណ្ឌល​មេត្តា​ហោ​ស៍ ។ លោកស្រី​ចាត់ទុកថា​នេះ​ជា​រឿង​គឺ​គួរ​ឲ្យ​អស់សំណើច ។​
​គួ​រម្លឹកថា លោក ឈុត វុទ្ធី ត្រូវបាន​មន្ត្រី​កងរាជអាវុធហត្ថ​ម្នាក់​ឈ្មោះ អ៊ិន រតនា បាញ់សម្លាប់​កាលពី​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១២ ក្នុងស្រុក​មណ្ឌលសីមា នៅពេលដែល​រូបលោក​និង​អ្នកកាសែត The Cambodia Daily ពីរ​នាក់​ចូលទៅ​ថត​គំនរ​ឈើ នៅ​ក្រុមហ៊ុន Timber Green ។ ក្នុង​ហេតុការណ៍​នោះ មន្ត្រី​កងរាជអាវុធហត្ថ​ឈ្មោះ អ៊ិន រតនា ក៏ត្រូវ​ភាគី​ទី​៣​បាញ់សម្លាប់​បន្តទៀត ។ ប៉ុន្តែ​សំណុំ​រឿងនេះ ត្រូវបាន​តុលាការ​ខេត្តកោះកុង សម្រេច​តម្កល់ទុក​មិន​ចាត់ការ ដោយ​តុលាការ​សំអាងថា​ឃាតក​ដែល​សម្លាប់​លោក ឈុត វុទ្ធី គឺ​ឈ្មោះ អ៊ិន រតនា ត្រូវបាន​សម្លាប់​បាត់ទៅហើយ ហើយ​តុលាការ​មិនអាច​បន្ត​និតិ​វិធី​បានឡើយ​៕

4f6f1e63-5366-45ce-b21b-3bc9af10e9c7