អាមេរិក​នឹង​បញ្ជូន​កងទ័ព និង​សព្វាវុធ​បន្ថែម​ប្រឆាំង ISIS នៅ​អ៊ីរ៉ាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 April, 2016 ក+ ក-

​អាមេរិក​៖​រដ្ឋាភិបាល​អាមេរិក​គ្រោង​នឹង​បញ្ជូន​កងទ័ព​ចំនួន​២០០​នាក់ និង​សព្វាវុធ​ទំនើប​មួយចំនួន​បន្ថែមទៀត​ទៅ​កាន់​ប្រទេស​អ៊ីរ៉ាក់​ដើម្បី​ជួយ​ប្រយុទ្ធ​ប្រឆាំងនឹង​ក្រុម​រដ្ឋ​ឥស្លាម ។ នេះ​បើ​យោងតាម​ការផ្សាយ​ពី​បណ្តាញសារព័ត៌មាន BBC​។​
​ជាមួយនឹង​កងទ័ព​បន្ថែមទៀត​នេះ អាមេរិក​ក៏​នឹង​បញ្ជូន​ឧទ្ធម្ភាគចក្រ​ចម្បាំង Apache ទៅកាន់​ប្រទេស​អ៊ីរ៉ាក់​ជា​លើកដំបូង​ផងដែរ​សម្រាប់​ប្រឆាំងនឹង​ក្រុម​រដ្ឋ​ឥស្លាម​នៅ​ប្រទេស​នេះ ដែល​ធ្វើឡើង​ឲ្យ​ចំនួន​បុគ្គលិក​អាមេរិក​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​ឡើងដល់​ប្រហែល​៤១០០​នាក់​។
​ការប្រកាស​បញ្ជូន​កង​ទ័ព​បន្ថែម​របស់​សហរដ្ឋអាមេរិក​នេះ​ត្រូវបាន​ប្រកាស​ដោយ​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​លោក Ash Carter អំឡុងពេល​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅកាន់​ទីក្រុង​បា​ដា​ដ​ដែលជា​កន្លែង​លោក​ជួប​ជាមួយ​ក្រុមមន្ត្រី​យោធា​អាមេរិក​និង​នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់​លោក Haider al-Abadi​។ ទន្ទឹម​នោះ​លោក Carter បាន​ថ្លែងថា ឧទ្ធម្ភាគចក្រ​ចម្បាំង Apache នឹង​ជួយ​កងកម្លាំង​អ៊ីរ៉ាក់​ដណ្តើមយក​ក្រុង Mosul ដែលជា​ទីក្រុង​ទី​ពីរ​របស់​ប្រទេស​នេះ​ពី​ក្រុម​រដ្ឋ​ឥស្លាម​មកវិញ​។​
​គួរ​បញ្ជាក់ថា ក្រុម​រដ្ឋ​ឥស្លាម​បាន​កាន់កាប់​ផ្នែក​ដ៏​ធំ​នៃ​ប្រទេស​អ៊ីរ៉ាក់​នៅ​ភាគ​ខាងជើង​និង​ភាគ​ខាងលិច​នៃ​ទីក្រុង​បា​ដា​ដ​នៅ​ឆ្នាំ​២០១៤ ប៉ុន្តែ​កងកម្លាំង​អ៊ីរ៉ាក់​បានចាប់ផ្ដើម​ដណ្ដើម​គ្រប់គ្រង​បាន​វិញ​នូវ​តំបន់​សំខាន់ៗ​ក្នុង​រយៈ​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ​៕

160419-sothoeuth-g-pol-US-extra-troops-to-boost-fight-against-IS-in-Iraq-bbc