កញ្ញា ស្រីមុំ ឆ្លើយ​ពិស្តា​រពី​ទំនាក់ទំនង​ស្នេហា​លួចលាក់​ជាមួយ​លោក កឹម សុខា និង​ស្នើ​តុលា​ការផ្តល់​យុត្តិធម៌​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 April, 2016 ក+ ក-

​ភ្នំពេញ៖បន្ទាប់ពី​បញ្ចប់​ការសាកសួរ​លើក​ញ្ញា ខុម ចាន់​ដា​រ៉ា​ទី ហៅ​ស្រីមុំ អស់​រយៈពេល​ពេញ​មួយ​ព្រឹក​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៦​នេះ លោក សៀង សុខ ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានផ្តល់​កិច្ចសម្ភាសន៍​ពិសេស​មួយ​ជាមួយ​អង្គភាព Fresh News នៅ​រសៀល​ថ្ងៃដដែល ដោយ​រៀបរាប់​ពី​ចម្លើយសារភាព​របស់​ក​ញ្ញា ស្រីមុំ ពាក់ព័ន្ធ​ខ្សែអាត់​សម្លេង​រវាង​នាង និង​លោក កឹម សុខា ដែល​បាន​បែកធ្លាយ តាម​បណ្តាញ​សង្គម Facebook មានឈ្មោះ រឿង​ពិត CNRP ។​

លោក សៀង សុខ បាន​រៀបរាប់ពី​ចម្លើយសារភាព​របស់​ក​ញ្ញា ស្រីមុំ ដូចខាងក្រោម​៖ កញ្ញា ស្រីមុំ បានទទួល​ស្គាល់​សម្លេង​នៅក្នុង​ខ្សែអាត់​ដែល​បែកធ្លាយ គឺជា​សម្លេង​យ៉ាង ពិត​ប្រាកដ​រវាង​រូបនាងនិយាយ​ជាមួយ​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​។​

​កញ្ញា ស្រីមុំ បាន​រៀបរាប់​ប្រា​ប់លោក សៀង សុខ ទៀតថា នៅក្នុងពេល​មាន​ទំនាក់ទំនង​ជាមួយគ្នា​នោះ នាង​បាន​ទៅលេង​ទីក្រុង​បាងកក ជាមួយ​លោក កឹម សុខា ចំនួន​២​ដង ដោយ​លើក​ទី​១ នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៥, លោក កឹម សុខា លោម​លួង​ឲ្យ​លុយ​ចំនួន​៣០០០​ដុល្លារ និង​សន្យា​រក​ទិញ​ផ្ទះមួយ​នៅ​កន្លែង​ស្ងាត់​ងាយស្រួល​ចេញចូល​។ ពេលទៅដល់​ទីក្រុង​បាងកក​នោះ លោក តុ​ប វ៉ាន់​ចាន់ ដែលជា​អ្នក​ជូន​នាង​ទៅតាម​បញ្ជា​របស់លោក កឹម សុខា បាន​នាំ​នាង​ទៅ​ស្នាក់នៅ​សណ្ឋាគារ សិន​ធឺ​ភា​ញ់ (​មិន​ចាំ​លេខ​បន្ទប់​) ហើយ​ត្រឡប់មក​ភ្នំពេញ​វិញ នៅ​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០១៥​។​

ដោយឡែក​ពេល​ទៅ​ទីក្រុង​បាងកក ជាមួយ​លោក កឹម សុខា លើក​ទី​២ គឺ​ចាប់ពី​ថ្ងៃទី​០១ ទី​០២ ទី​០៣ ខែកុម្ភៈ ឆ្នាំ​២០១៦​។ កញ្ញា ស្រីមុំ បានបញ្ជាក់​អះអាងថា នាង​បាន​ចេញទៅ​ជាមួយ​ឈ្មោះ ពិន រតនា ដោយ​មានការ​ប្រាប់​ពី​លោក កឹម សុខា ឲ្យ​នាង​ទំនាក់ទំនង​ជាមួយ​គាត់​ពេលទៅដល់​ប្រទេស​ថៃ​។ នាង​បាន​ស្នាក់នៅ​សណ្ឋាគារ សិន​ធឺ​ភា​ញ់ ជាមួយ​បន្ទប់​លោក កឹម សុខា ដោយ​លោក កឹម សុខា បាន​រង់ចាំ​នាង​នៅក្នុង​បន្ទប់​មុន​។​

​លោក សៀង សុខ បានបញ្ជាក់​ទៀតថា​៖ កញ្ញា ស្រីមុំ បាន​និយាយថា ពេល​ដើរលេង​នៅ​ទីក្រុង​បាងកក​នោះ នាង​ទទួលបាន​លុយ​៣០០​ដុល្លារ​ប៉ុណ្ណោះ ពី​លោក កឹម សុខា ដើម្បី​ដើរ​ទិញ​អីវ៉ាន់​ផ្សេងៗ​។ លុះដល់​ថ្ងៃទី​០៣ ខែកុម្ភៈ ឆ្នាំ​២០១៦ ពួកគេ​ទាំងពីរ​នាក់ បាន​ត្រឡប់មក​កម្ពុជា​វិញ ដោយ​លោក កឹម សុខា បាន​សន្យា​នឹង​បើកហាង​សំអាងការ​មួយកន្លែង​ឲ្យ​នាង ប៉ុន្តែ​រហូតមក​ដល់ពេលនេះ នាង​ពុំទាន់​បានទទួល​ពី​លោក កឹម សុខា នៅឡើយ​នោះទេ​។​

ក្រៅពី​ការរៀបរាប់​ខាងលើ កញ្ញា ស្រីមុំ បាន​អះអាង​ទៀតថា ក្រោយពេល​បែកធ្លាយ ខ្សែអាត់​សម្លេង​រវាង​នាង និង​លោក កឹម សុខា នោះ​, លោក កឹម សុខា បាន​ប្រាប់​នាង​ជា​ញឹក​ញ៉ាប់​ឲ្យ​និយាយ​កុហក​ប្រាប់​គេ ទាំង​សារព័ត៌មាន និង​មហាជន​ទូទៅ​ថា រវាង​នាង និង​គាត់ (​កឹម សុខា​) គ្រាន់​តែមាន​ទំនាក់ទំនង​គ្នា​ធម្មតា​ប៉ុណ្ណោះ​ក្នុងនាម​ជា​ភ្ញៀវ និង​ជាង​កក់សក់​។​

លោក សៀង សុខ បញ្ជាក់​បន្ថែមថា​៖ នៅក្នុង​អំឡុងពេល​សាកសួរ កញ្ញា ស្រីមុំ បានស្នើ​សុំ​ឲ្យ​តំណាង​អយ្យការ មេត្តាជួយ​រក​យុត្តិធម៌​ឲ្យ​រូបនាង​តាមផ្លូវ​ច្បាប់​។ លោក​ព្រះរាជអាជ្ញា​បាន​បញ្ជាក់ថា លោក​នឹង​ពិនិត្យមើល​ករណីនេះ​តាម​នីតិវិធី​។ ដោយឡែក​កញ្ញា​ស្រីមុំ ត្រូវបាន​អនុញ្ញាត​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ​។​

ឆ្លងតាម​ចម្លើយសារភាព​យ៉ាង​ក្បោះក្បាយ និង​ចេញពី​ឆន្ទៈ​យ៉ាងពិត​ប្រាកដ​របស់ កញ្ញា ស្រីមុំ ពាក់ព័ន្ធ​នឹង​ទំនាក់ទំនង​ជាមួយ​លោក កឹម សុខា ខាងលើនេះ មហាជន​បាន​ចោទ​ជា​សំណួរ​ទៅ​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ តើ​អស់ចិត្ត​ឬ​នៅ ចំពោះ​បញ្ហា​រឿងអាស្រូវ​នេះ​? មហាជន​មួយចំនួនធំ​បាន​សម្តែង​ការ អស់ចិត្ត និង​ខកចិត្ត​យ៉ាងខ្លាំង​ចំពោះ​ទង្វើ​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម និង​ល្បិច​កិច្ចកល​របស់លោក កឹម សុខា ដែល​បានទទួល​ប្រាក់កាស ពី​បងប្អូន​អ្នកគាំទ្រ​ទាំង​នៅក្នុង និង​ក្រៅប្រទេស យកទៅ​ឲ្យ​ស្រី​ស្នេហ៍ និង​ដើរលេង​ហ៉ឺ​ហារ​យ៉ាង​សប្បាយ​។​

​ជាមួយគ្នានេះ មហាជន​បាន​ចោទ​ជា​សំណួរ​ទៅកាន់​អង្គការក្រៅរដ្ឋាភិបាល​មួយចំនួន ដែល​បាន​ព្យាយាម​ចង់​ជម្លៀស កញ្ញា ស្រីមុំ ទៅ​ក្រៅ​ប្រ​ទស ក្នុង​គោលបំណង​បិទបាំង​រឿងអាស្រូវ​លោក កឹម សុខា​។ កន្លងមក​អង្គការក្រៅរដ្ឋាភិបាល​ទាំងនេះ តែងតែ​ព្យាយាម​ទាមទារ​ឲ្យ​រកមុខ អ្នក​ថត​សម្លេង​ខ្សែអាត់​រវាង​កញ្ញា​ស្រីមុំ និង​លោក កឹម សុខា ប៉ុន្តែ​តាម​ការសារភាព​របស់​ស្រីមុំ គឺ​បានបង្ហាញ​យ៉ាង​គ្រប់គ្រាន់ និង​ច្បាស់ក្រឡែត ពី​ទំនាក់ទំនង​យ៉ាង​ស៊ីជម្រៅ​រវាង​អ្នក​ទាំងពីរ​។ ដូច្នេះ​តើ​អង្គការក្រៅរដ្ឋាភិបាល​ទាំងនេះ​អស់ចិត្ត ឬ​នៅ ចំពោះ​បញ្ហា​ខ្សែអាត់​សម្លេង​បែកធ្លាយ​នេះ​?

នៅពេលនេះ តើ​មាន​អង្គការក្រៅរដ្ឋាភិបាល ឬ​អ្នកណា​ផ្សេងទៀត ដែល​ចង់​ជួយ​ជ្រោមជ្រែង​រក​មេធាវី​ឲ្យ​ស្រីមុំ ឬក៏​ចង់រក​មេធាវី​ឲ្យ កញ្ញា ស្រីមុំ ប្តឹង​បក​ទៅ​លោក កឹម សុខា វិញ​ដែរ​ឬ​យ៉ាងណា ព្រោះ​ស្រីមុំ​ត្រូវ​ការរក​យុត្តិធម៌​សម្រាប់​រូបនាង​៕( ប្រភពះ Fresh News )

13015214_1589914357989596_5436861333174859816_n