ដេ​វិដ ឆា​ណាយ​វ៉ា ព្រម​ទទួលទោស​ករណី​វាយ​អ្នកកាសែត​កាលពី​ឆ្នាំ​២០១៣ ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 November, 2014 ក+ ក-

ភ្នំពេញ​៖ កាលពី​ថ្ងៃទី​២៤ ខែវិច្ឆិកា នេះ លោក ឃឹម ប៉ុណ្ណ ចៅក្រម​ជំនុំជម្រះ​នៃ​តុលាការ​កំពូល​បាន​បើកសវនាការ​លើកយក​សំណុំរឿង​ព្រហ្មទណ្ឌ​អំពើហិង្សា​ដោយ​ចេតនា មាន​ជនជាប់ចោទ​ឈ្មោះ ដេវីត ឆាយណាវ៉ា ភេទ​ប្រុស អាយុ​៤២​ឆ្នាំ​។​

គេ​បានដឹងថា សវនាការ​នេះ ធ្វើឡើង​បន្ទាប់ពី​ជនជាប់ចោទ​រូបនេះ បាន​ប្តឹង​សាទុក្ខ​ប្រឆាំងនឹង​ការសម្រេច​របស់​សាលា​ឧ​ទ្ទ​រណ៍​ដែល​បាន​ផ្តន្ទាទោស​ដាក់​ពន្ទ​នាគារ​២​ឆ្នាំ​។ ប៉ុន្តែ​កាលពី​ខែកញ្ញា ឆ្នាំ​២០១៤ ក្នុង​សំណុំរឿង​មួយ​នេះ​ជនជាប់ចោទ​បែរជា​សុំ​ដក​ពាក្យ​បណ្តឹងសាទុក្ខ ពី​តុលាការ​កំពូល​ដោយ​ខ្លួន​យល់ព្រម​ទទួលទោស​ជាប់ពន្ធនាគារ​២​ឆ្នាំ តាម​ការសម្រេច​របស់​សាលា​ឧ​ទ្ទ​រណ៍​ដើម្បី​បញ្ចប់រឿង​ទៅវិញ​។​

គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៣ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើកសវនាការ​កាត់ទោស​ជនជាប់ចោទ​ពីរ​នាក់ ឈ្មោះ ដេវីត ឆាយណាវ៉ា ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ដាក់ពន្ធនាគារ ៣​ឆ្នាំ និង​ឈ្មោះ អូ ហ្វី ភេទ​ប្រុស អាយុ​២២​ឆ្នាំ ដែល​ត្រូវជា​ក្នួ​យ​របស់​ឈ្មោះ ដេវីត ឆាយណាវ៉ា និង​ឈ្មោះ យ៉ាន ស៊ីណា អតីត​ជា​អនុរដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌​ម្នាក់ៗ ដាក់ពន្ធនាគារ ២​ឆ្នាំ ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ អំពើហិង្សា​ដោយ​ចេតនា ដែលមាន​ស្ថាន​ទម្ងន់ទោស ករណី​ព្រួត​គ្នា​វាយ​អ្នកកាសែត​ឲ្យ​របួស​ធ្ងន់ធ្ងរ​។​

​ចៅក្រម​សាលា​ឧ​ទ្ទ​រណ៍ កាលពី​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៤ បាន​បើកសវនាការ​លើ​សំណុំ​រឿងនេះ និង​បានសម្រេច បន្ថយទោស​ជនជាប់ចោទ​ឈ្មោះ ដេវីត ឆាយណាវ៉ា ដែល​សាលាដំបូង​រាជធានី​ភ្នំពេញ ផ្តន្ទាទោស​៣​ឆ្នាំ មក​នៅត្រឹម​២​ឆ្នាំ តែ​ឈ្មោះ យ៉ាន ស៊ីណា អតីត​ជា​អនុរដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ កំពុង​រត់គេចខ្លួន ដាក់​តម្កល់​ទោស ២​ឆ្នាំ ក្នុង​ពន្ទ​នាគារ​ដដែល និង​បញ្ចប់​ដីកា​តាម​ចាប់ខ្លួន​។​សាលា​ឧ​ទ្ទ​រណ៍​ក៏បាន​សម្រេច​ដោះលែង​ក្មួយប្រុស​របស់ ដេវីត ឆាយណាវ៉ា ឈ្មោះ អូ ហ្វី ភេទ​ប្រុស អាយុ​២២​ឆ្នាំ តម្កល់​ទោស​ចំនួន ២​ឆ្នាំ​ដដែល តែ​អនុវត្ត​ក្នុង​ពន្ទ​នាគារ​ត្រឹម ១១​ខែ​១៥​ថ្ងៃ​វិញ គិតពី​ពេល​ចាប់ខ្លួន​។​

កាលពី​សវនាការ​សួរដេញដោល​នៅ​សាលាដំបូង​រាជធានី​បាន​ប្រើ​រយៈពេល​ជាង ៣​ម៉ោង ដោយមាន​ការចាក់ផ្សាយ​នូវ​វីដេអូ​ឃ្លី​ប​នៃ​អំពើហិង្សា​ដែល​ជនជាប់ចោទ បាន​វាយ​លើ​អ្នកកាសែត​ផងដែរ​។ ក្នុង​នៅ​សំណុំ​រឿងនេះ មាន​ជនរងគ្រោះ​ចំនួន ៥​នាក់​មកពី​អង្គភាព​កាសែត និង​ទូរទស្សន៍​ក្នុងស្រុក ដែលជា​អ្នករាយការណ៍​ព័ត៌មាន​ពេលយប់​។​ប៉ុន្តែ​នៅពេល​មកដល់​តុលាការ​កំពូល​ឈ្មោះ ដេវីត ឆាយណាវ៉ា បានសម្រេច​ស្នើសុំ​ដក​ពាក្យបណ្តឹងសាទុក្ខ​របស់ខ្លួន​វិញ ដោយ​ព្រម​ទទួលទោស​ដែល​សាលា​ឧ​ទ្ទ​រណ៍​បានសម្រេច ២​ឆ្នាំ ក្នុង​ពន្ធនាគារ​៕

Untitled-2

ជនជាប់ចោទ​ឈ្មោះ ដេវីត ឆាយណាវ៉ា​