ខេត្តពោធិ៍សាត់៖មនុស្សម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ខណៈ២នាក់ផ្សេងទៀតរងរបួសធ្ងន់ក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយរវាងរថយន្តដឹកទំនិញបុកជាមួយរថយន្តតួរីសក្នុងទិសដៅបញ្ច្រាសគ្នា។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១១ និង៣០នាទី យប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចគីឡូម៉ែត្រលេខ១៥១ និង ១៥២ ស្ថិតក្នុងភូមិឈើទាលខ្ពស់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។
អធិការនគរបាលស្រុកក្រគរ លោក ឯម រុន បានប្រាប់ថា ហេតុការណ៍ខាងលើនេះបង្កឡើងដោយរថយន្ត HYUNDIA ពាក់ស្លាកលេខ ភ្នំពេញ 3C-8072 ទំនងជាតៃកុងងងុយដេកងោកមួយភ្លែត ក៏ជ្រុលទៅបុកជាមួយរថយន្តតួរីសដឹកផ្លែឈើ ពាក់ស្លាកលេខ ភ្នំពេញ 2F-2024 ក្នុងទិសដៅបញ្ច្រាស់ទិសគ្នា បណ្តាលឲ្យឈ្មោះ សួន វលក្ខ័ ភេទប្រុស អាយុ ៣៣ឆ្នាំ តៃកុងរថយន្តតូរីស រស់នៅភូមិខេត្តត្បូងឃ្មុំ រងរបួសធ្ងន់, ឈ្មោះ ទុន ភេទប្រុស ព្រូរយន្តតូរីស រស់នៅខេត្តត្បូងឃ្មុំ ស្លាប់នៅនឹងកន្លែង និង ឈ្មោះ គឹម ឡេង ភេទប្រុស អាយុ ៣៣ឆ្នាំ ម្ចាស់ផ្លែឈើរថយន្តតូរីស រស់នៅខេត្តប៉ៃលិន រងរបួសធ្ងន់ ។
ក្រោយពេលកើតហេតុ កម្លាំងអធិការនគរបាលស្រុកក្រគរ និងកម្លាំងមូលដ្ឋាន បានចុះជួយគាស់ និងសង្គ្រោះជនរងគ្រោះជាតៃកុង និង ម្ចាស់ផ្លែឈើតូរីសបានទាន់ពេលវេលា ហើយ សាកសពបុរសជាព្រូរថយន្តតូរីសរង់ចាំ ក្រុមគ្រួសារមកយកធ្វើបុណ្យតាមប្រពៃណី ដោយឡែកតៃកុងរថយន្ត HYUNDIA ដាក់មេប្រូចរត់បាត់ស្រម៉ោល។ រថយន្តទាំង២ រក្សាទុករងចាំដោះស្រាយនៅពេលក្រោយ៕