ពលរដ្ឋ​ចោទប្រកាន់​មន្ត្រី​យោធា​២​រូប​ឈូសឆាយ​យក​ដី​ក្បែរ​បន្ទាយ​កងពល​លេខ​៥​រំលោភ​លើដី​ពួកគាត់​ ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 November, 2014 ក+ ក-

ខេត្តសៀមរាប​: មន្ត្រី​យោធា​ពីររូប​ក្នុងនោះ​មាន​ម្នាក់​កំពុង​បម្រើការ​ក្នុង​កងពល​លេខ​៥ ត្រូវ​ប្រជាពលរដ្ឋ​ច្រើន​គ្រួសារ​ចោទប្រកាន់ថា បាន​ប្រើ ប្រាស់​សិទ្ធិអំណាច​ជា​យោធា​យក​គ្រឿងចក្រ​ទៅ​ឈូសឆាយ​រំលោភ​យក​ដី​ដែលជា​កម្មសិទ្ធិ​ស្របច្បាប់​របស់​ពួកគាត់ ។​

​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ​មាន​ព័ត៌មាន​មួយ​ធ្លាយ​ចេញពី​ទឹកដី​ខេត្តសៀមរាប​បាន​ឲ្យ​ដឹងថា​លោក​សំរិត សារ៉េត អតីត​មេកង​ពល​លេខ​៥​បាន និង​កំពុងតែ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋនៅក្នុង​តំបន់​អូរ​បៃ​តាប់ ឃុំ​ស្រែ​ណូយ​
​ស្រុក​វ៉ារិន ខេត្តសៀមរាប មានការ​ក្តៅក្រហាយ​យ៉ាងខ្លាំង​ចំពោះ​ទង្វើ​ដែល​គេ​អះអាងថា​ជា​អំពើ​ដ៏​អាក្រក់​របស់គាត់​។​

ប្រភព​ដដែល​នោះបាន​បញ្ជាក់ថា លោក​សំរិត សារ៉េត ត្រូវបាន​ថ្នាក់លើ​ដកហូត​មុខតំណែង​ចេញពី​អង្គភាព​រយៈពេល​ជាង​មួយឆ្នាំ​កន្លងមក​ហើយក៏​ប៉ុន្តែ​លោក​សំរិត សារ៉េត បាន​បង្កបញ្ហា​ដល់​ប្រជាពលរដ្ឋ​ឥត​ស្រាក ពិសេស​គឺ​បញ្ហា​​ដីធ្លី​ជាប់​នឹងរបង​បន្ទាយ​កងពល​លេខ​៥​ដោយ​លោក​សំរិត សារ៉េត បាន​ឃុបឃិត​គ្នា​ជាមួយនិង​កងទ័ពអាកាស​ចុះ​វាស់ វែង​កាន់កាប់ យក​ដី​នៅក្រោយ​បន្ទាយ​កងពល​លេខ​៥​យកទៅ​ធ្វើជា​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន ​រំលោភ​យក​ដល់​ដី​របស់​ប្រជាពលរដ្ឋដែល មាន​លិខិត ស្នាម​ត្រឹមត្រូវ​ចេញ​ដោយ​អាជ្ញាធរ​នៅក្នុង​មូលដ្ឋាន​យ៉ាង​គឃ្លើន​។​

​ប្រភពព័ត៌មាន​បន្តទៀត​ថា ករណី់​លោក​សំរិត សារ៉េត ឃុបឃិត​គ្នា​ចុះ​វាស់វែង​ដីធ្លី​ខាងលើនេះ​មិនបាន​សហការ​ជាមួយនិង​អាជ្ញាធរ​ភូមិ​ឃុំ​ណាមួយ​នោះទេ​គឺ​ចុះ​វាស់វែង​ស្ងាត់ៗ​ប្រៀប​បីដូច​ជា​ចោល​លួច​គោ​និង​សេះ​អញ្ចឹង​។ ប្រភព​ខាងលើនេះ​ឲ្យ​ដឹង​ទៀតថា កាលពីពេល​ថ្មី​កន្លងទៅនេះ ខណៈដែល​ប្រមុខ​រដ្ឋាភិបាល​ក៏ដូចជា​អាជ្ញា​ធរមាន​សម​ត្ត​កិច្ច​ខេត្តសៀមរាប​រវល់​ជាប់ដៃ​នាំគ្នា​ប្រារព្វ​ពិធី​ឡើង​គ្រង​រាជសម្បត្តិ​គម្រប់​១០​ឆ្នាំ​របស់​ព្រះបាទ​សម្តេច​ព្រះបរមនាថ​នរោត្តម​សីហមុនី​ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ​កម្ពុជា​បែរជា​លោក​សំរិត សារ៉េត ឆ្លៀតឱកាស​យក​គ្រឿងចក្រ​ទៅ​ជី​ដី​ដែល​គេ​បាន​ឃុបឃិត​គ្នា​រំលោភ​យក​នោះ​បង្ក ឲ្យ​ប្រជាពលរដ្ឋ​មានការ​ក្តៅក្រហាយ​យ៉ាងខ្លាំង ដែល​មិន​ត្រឹមតែ​តិះដៀល​លោក​សំរិត សារ៉េត តែ​ម្នាក់​ប៉ុណ្ណោះ​ទេ​។​

ពលរដ្ឋ​ដែល​ត្រូវគេ​រំលោភ​យក​ដី​គាត់ បាន​ដកស្រង់​សំដី​មន្ត្រី​យោធា​ម្នាក់ សុំ​មិន​បញ្ចេញ​ឈ្មោះ​ដែល​បាន​និយាយថា ការឃុបឃិត​គ្នា​វាស់​យក​យក​ដី​បែប​អនាធិបតេយ្យ​ខាងលើនេះ​គឺ មាន​បញ្ជា​ពី​លោក វរៈសេនីយ៍ទោ បូ​វី ជា​យោធា​ស្ថិតក្នុង​កងពល​លេខ​៥ ។ ទោះបី​ជាមាន​បញ្ហា​យ៉ាងនេះ​ក្តី ក៏​រហូតមក​ដល់ពេលនេះ អគ្គបញ្ជាការ​កងទ័ព និង​ថ្នាក់ដឹកនាំ​ខេត្តសៀមរាប​នៅ​មិនទាន់​ចាត់វិធានការ​នៅឡើយ​ទេ​។​

​កន្លងមក ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា​លោក​ហ៊ុនសែន​ធ្លាប់បាន​ធ្វើការ​ព្រមាន​ម្តង​ជា​ពីរដង​រួចមកហើយ​ដល់​មន្ត្រី​គ្រប់លំដាប់​ថ្នាក់ និង​គ្រប់​ស្ថាប័ន​ដែល​ជាប់​ពាក់ព័ន្ធ​និង​រឿង​អំពើពុករលួយ​ការកាប់​បំផ្លិចបំផ្លាញ​ព្រៃឈើ ការឈូសឆាយដី​របស់​រដ្ឋ​និង​អំពើពុករលួយ​ជាច្រើន​ផ្សេងទៀត ដោយ​ព្រមាន​ឲ្យ​​ត្រូវតែ​ដកខ្លួន​ឲ្យ​ឆ្ងាយ​ជាបន្ទាន់​បើ​មិន​ដូច្នោះ​ទេ នឹងត្រូវ​ប្រគល់​តួនាទី​នេះ​ឲ្យ​ទៅ​តុលាការ​ជា អ្នកចាត់ការ​ទៅតាម​នីតិវិធី បើទោះបីជា​ជន​នោះ​ឋានៈ​ពាក់​ផ្កាយ ឬក៏​ពាក់​លោក​ខែ​ក៏ដោយ​។​

​លោក វរៈសេនីយ៍ទោ បូ​វី និង​លោក​សំរិត សារ៉េត កាលពី​រសៀល​ថ្ងៃ​សុក្រ​ទី​១៤ ខែវិច្ឆិកា នេះ សារព័ត៌មាន មេគង្គ​ប៉ុស្តិ៍ មិនអាច​ទាក់ទង​សុំ​ការពន្យល់​ពាក់ព័ន្ធ​នឹង​ករណី​ដូច​ខាងលើនេះ​បានទេ​។ មេគង្គ​ប៉ុស្តិ៍ នឹង​ព្យាយាម​ទាក់ទង​លោក​ទាំងពីរ​សាជាថ្មី​ដើម្បី​ទទួលបាន​នូវ​ព័ត៌មាន​ពិស្តារ​សម្រាប់​ផ្សាយ​ជូន​ឲ្យ​ប្រិយ៍មិត្ត​បាន​ជ្រាប​ជា​បន្តទៀត​៕

Untitled-3