ជំរិត​ទារប្រាក់​ពី​អ្នក​ដឹកអុស​មិនបាន​បង្ក​ហិង្សា​វាយតប់​គ្នា​ផ្អើល​ដល់​សមត្ថកិច្ច​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 April, 2016 ក+ ក-

​កំពង់ឆ្នាំង​៖​អំពើហិង្សា​ដែល​បង្កឡើង​ពី​ការ​ជំរិត​ទារប្រាក់​ពី​ប្រជាពលរដ្ឋ​គោយន្ត​ដឹកអុស​ចំនួន​៣​គ្រឿង​បង្ក​ការភ្ញាក់ផ្អើល​ដល់​សមត្ថ​កិច្ច​។​ករណីនេះ​កើតឡើង​នៅ​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០១៦ វេលា​ម៉ោង​១៩​នាទី​យប់ នៅ​ចំណុច​ខាងត្បូង​ផ្លូវដែក​ក្នុងភូមិ​ដំណាក់​អំពិល​ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង​។​
​បើ​យោងតាម​របាយការណ៍រ​បស់​អធិការដ្ឋាន​នគរបាល​ស្រុក​ទឹកផុស​ថា មាន​ករណី​ហិង្សា​ដោយ​ចេតនា របួស​សងខាង នៅ​ចំណុច​ខាងត្បូង​ផ្លូវដែក​ក្នុងភូមិ​ដំណាក់​អំពិល​ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង​ដែល​បង្កឡើង​ដោយ​មនុស្ស​ពីរ​ក្រុម​មានឈ្មោះ​ដូចខាងក្រោម​ទី​១.​ឈ្មោះ ចែម ស៊ឺន ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ​( របួស​សៀតផ្កា​ខាងស្ដាំ និង​ក្បាល​) ទី​២.​ឈ្មោះ ផាត់ សុំ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ទី​៣.​ឈ្មោះ អឿន ផា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ​(​របួស​ថ្ពាល់​សងខាង​និង​ក្បាល​)​។ អ្នក​ទាំង​បីនាក់​ខាងលើ​រស់នៅ​ភូមិ​តាំង​គ្រោ​ឃុំ​ក្រាំង​ល្វា​ស្រុក​សាមគ្គី​មានជ័យ​ខេត្តកំពង់ឆ្នាំង និង​ក្រុមទី​ពីរ​ទី​១.​ឈ្មោះ ណុង វណ្ណាត​(​ហៅ​កុយ​)​ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ទី​២.​ឈ្មោះ ណុង វណ្ណា ហៅ​ក្រឹម ភេទ​ប្រុស អាយុ​២៨​ឆ្នាំ (​របួស​ពីរ​លើ​ក្បាល​និង​ដៃ​សងខាង​) អ្នក​ទាំងពីរ​រស់នៅ​ភូមិ​ដំណាក់​អំពិល ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ។​
​មូលហេតុ​បណ្ដាលមកពី​ខាង​ក្រុមទី​២​ជំរិត ទារលុយ​ពីរ​ក្រុមទី​1​ក្នុង​គោយន្ដ​មួយ​ថ្លៃ ប្រាំ​ពាន់​រៀល មិនបាន​តាម​បំណង ក៏​ផ្ទុះ​ហឹ​ង្សា​តែម្ដង​។ ក្រោយពេល​កើតហេតុ​កម្លាំង​នគរបាល​បាន​ចុះ​ឃាត់ខ្លួន​បាន​ចំនួន​២​នាក់​និង​កសាង​សុំ​ណុំ​រៀង​បញ្ជូនបន្ត​តាម​នីតិវិធី​។​
​ករណីនេះ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​លោក​ឧត្ដមសេនីយ៍ត្រី ប្រាក់ វុ​ឌ្ឍី បាន​ឲ្យ​ដឹក​ថា លោក​និង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​មិនអោយ​ជនល្មើស​រួច​ផុតពី​សំណាញ់​ច្បាប់​ត្រូវតែ​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​។​
​បើ​ទោះ​យ៉ាងណាក៏ដោយ​ប្រជាពលរដ្ឋ​នៅ​តំបន់​ក្ដុល​និង​ដំណាក់​អំពិល​និយាយថា​ជនល្មើស​គ្មាន​តួនាទី​សំអាង​លើ​បងប្រុស​របស់ខ្លួន​ជា​ប្រជា​ការពារ​និង​ជា​បងធំ​នៅ​តំបន់​ក្ដុល​តែងតែ​ដើ​ជំរិត​ទារប្រាក់​ពី​ប្រជាពលរដ្ឋ​ដឹកអុស​និង​បង្គោលរបង​ហើយ​បង្កជម្លោះ​ជា​ញឹកញាប់​រហូត​ធ្លាប់​វាយ​គេ​បាក់ដៃ​ទៀតផង​តែ​ត្រូវបាន​ដោះលែង​។​
​ករណី​ហិង្សា​ខាងលើនេះ គេ​មិន​សង្ឃឹមថា ជនល្មើស​ជាប់ទោស​នោះឡើយ ដោយ​ប្រជាពលរដ្ឋ​អះអាងថា​កំពុងមាន​អ្នករត់​ការដោះលែង​ទៀត​ដូច​ពី​ពេលមុន​ទៀតហើយ ។​
​ម្យ៉ាងវិញទៀត​របាយការណ៍​នគរបាល​ហាក់ដូច​ជាមាន​ការជួយ​ជនសង្ស័យ​យ​ដោយ​មិនបាន​ចោទ​បន្ទុក​ពី​ករណី​ជំរិត​ទារប្រាក់​នោះទេ​៕

132