ពាន់ ភួង​បុប្ផា ​វិល​មក​ផលិត​ខ្សែភាពយន្ត​ជាថ្មី​ក្រោយ​ផ្អាក​ជាង​២​ឆ្នាំ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 April, 2016 ក+ ក-

 

​លោក រតនៈ

​ភ្នំពេញ​៖ បន្ទាប់ពី​បាត់​វត្តមាន​ផលិត​ខ្សែភាពយន្ត​អស់​រយៈពេល​ជាង​២​ឆ្នាំ ផលិតករ​និង​អ្នកនិពន្ធ​ស្រី​ល្បីឈ្មោះ អ្នកស្រី​ពាន់ ភួង​បុប្ផា នឹង​បង្ហាញ​ស្នាដៃ​របស់​អ្នកស្រី​ជាថ្មី​ក្នុង​ខ្សែភាពយន្ត​ខ្នាត​ធំ​រឿង​”​បណ្តឹង​ស្រី​ទាំង​៥”​។ ខ្សែភាពយន្ត​បែប​ស៊ើបអង្កេត​ខ្នាត​ធំ​នេះ​នឹង​ផលិតឡើង​ក្រោម​កិច្ចសហការ​រវាង​ផលិតកម្មផ្កា​ប្រាំ​របស់​អ្នកស្រីនិង​ផលិតកម្ម​មហាហង្ស​។

ការ​ប្រកា​នេះ​ត្រូវបាន​ធ្វើឡើង​គ្រា​ដែល​ផលិតកម្ម​ទាំងពីរ​បានរៀបចំ​ពិធី​ក្រុង​ពាលី​បើក​ដំណើរ​ការផលិត​ខ្សែភាពយន្ត​កាលពី​ថ្ងៃទី​២០​ខែមេសា​ឆ្នាំ​២០១៦​នៅ​តំបន់​ព្រែក​ឯង​។

​ ​អ្នកស្រី ពាន់ ភួង​បុប្ផា បាន​បញ្ជាក់ថា​ការវិល​មករក​ការផលិត​ខ្សែភាពយន្ត​ជាថ្មី​នេះ​គឺ​ក្រោយ​ការសម្រាកលំហែ​អារម្មណ៍​អស់​មួយ​រយៈពេល​ធំ ហើយ​ការវិល​មកជា​ថ្មី​នេះ​ក៏​ស្របតាម​ការ​សំណូមពរ​របស់​ទស្សនិកជន​ដែល​ទទូច​ចង់​ទស្សនា​ខ្សែភាពយន្ត​ដែលជា​ស្នាដៃ​ផលិត​របស់​អ្នកស្រី​។​អ្នកស្រី​បន្តថា កិច្ចសហការ​ផលិត​នេះ​បាន​ធ្វើឡើង​ក្រោយពី​ការពិភាក្សា​ជាច្រើន​មុនពេល​ចាប់ផ្តើម​ដំណើរ​ការផលិត​ដើម្បី​ឲ្យ​ប្រាកដថា​នេះ​គឺជា​ខ្សែភាពយន្ត​ល្អ​ប្រចាំឆ្នាំ​២០១៦​នេះ​។ អ្នកស្រី​បន្តថា ខ្សែភាពយន្ត​នឹងធ្វើ​ឲ្យ​ទស្សនិកជន​មាន​ទស្សនីយភាព​មួយ​ប្លែក​ខុសពី​ខ្សែភាពយន្ត​មុនៗ​ទាំង​សាចរឿង និង​ការសម្តែង​ដែល​ប្រកបដោយ​គុណភាព​ប្រកួតប្រជែង​។ អ្នកស្រី​បញ្ជាក់ថា តារា​ប្រុស​ស្រី​ល្បីឈ្មោះ​ដែល​ចូលរួម​សម្តែង​ខ្សែភាពយន្ត​នេះ​ពិតជា​សម្រិតសម្រាំង នឹង​ចង់​ឲ្យ​ទីផ្សារ​ផលិតភាព​យន្ត​ខ្មែរ​មិនមាន​តែ​ជា​ខ្សែភាពយន្ត​ខ្មោច និង​កំប្លែង​តែមួយ​មុខ​នោះទេ​។ ទោះបីជា​ការផលិត​ខ្សែភាពយន្ត​នេះ​បែប​ស៊ើបអង្កេត​ដែលជា​រឿង​ប្លែក​សម្រាប់​អ្នកទស្សនា​ប៉ុន្តែ​សាច់រឿង​នឹង​ពិសេស​មិន​ឲ្យ​មហាជន​អស់​ទំនុកចិត្ត​ដូចដែល​ទស្សនិកជន​ធ្លាប់​ទុកចិត្ត​ស្នាដៃ​ដែល​ស្ថ​តិ​ក្រោម​ការផលិត​របស់​អ្នកស្រី​កន្លងមក​។

អ្នកស្រី​បញ្ជាក់ថា ខ្សែភាពយន្ត​នេះ​នឹង​ចាក់​បញ្ចាំង​នៅ​រោងភាពយន្ត​ទាំងអស់​នៅ​ភ្នំពេញ​និង​បណ្តា​ខេត្ត​ក្រោយ​ការផលិត​សម្រិតសម្រាំង​អស់​រយៈពេល​ជាច្រើន​ខែ​។ អ្នកស្រី​រំពឹងថា ខ្សែភាពយន្ត​នេះ​នឹង​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​ទស្សនិកជន​ហើយក៏​ឆ្លើយតប​ការ​សំណូមពរ​របស់​ទស្សនិកជន​ដែល​ទន្ទឹង​រងចាំ​ស្នាដៃ​ផលិត​ខ្សែភាពយន្ត​របស់​អ្នកស្រី​។ អ្នកស្រី​បញ្ជាក់ថា​បច្ចុប្បន្ន​មាន​ខ្សែភាពយន្ត​និង​ផលិតកម្ម​ជាច្រើន​បាន​សម្រុក​ក្នុង​ការផលិត​ខ្សែភាពយន្ត​ឡើងវិញ ប៉ុន្តែ​អ​ជាមួយគ្នានេះ​អ្នកស្រី​ក៏​សំណូមពរ​ឲ្យ​ផលិតករ​សិល្បករ​ទាំងអស់​គួរ​រួមគ្នា​ផលិត​ខ្សែភាពយន្ត​ប្រកបដោយ​គុណភាព​ដើម្បី​ទទួលបាន​ការគាំទ្រ​ពី​ទស្សនិកជន​បានយូ​អង្វែង​។

អ្នកស្រី​បញ្ជាក់ថា ក្នុង​រយៈពេល​៥​ឆ្នាំ​ចុងក្រោយ​ដែល​អ្នកស្រី​នឹង​វិល​ប្រឡូក​ក្នុង​អាជីព​ជា​អ្នក​ផលិត​ខ្សែភាពយន្ត​ឡើងវិញ​នេះ​អ្នកស្រី​នឹង​បង្កើន​សមត្ថភាព​គុណភាព​នៃ​ការផលិត​ខ្សែភាពយន្ត​ធំៗ​ជាច្រើន​ពិសេស​ខ្សែភាពយន្ត​ដែល​អាច​ប្រកួតប្រជែង​មិន​ត្រឹមតែ​ក្នុងស្រុក​ទេ​គឺ​នឹង​ឈានដល់​ការប្រកួតប្រជែង​ក្នុង​តំបន់​ពិសេស​នៅ​តំបន់​អាស៊ី​៕

123
​ ​