ទំនាស់​ពាក្យសំដី​ក្នុង​វង់រាំ​ធុងបាស់​ក្លាយជា​អំពើហិង្សា​សម្លាប់​មនុស្ស​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 April, 2016 ក+ ក-

​បាត់ដំបង​៖​ទំនាស់​ពាក្យសំដី​រវាង​ក្មេង​ទំនើង​ពីរ​ក្រុម​ក្នុង​វង់រាំ​ធុងបាស់​ក្លាយជា​ជម្លោះ​ដេញ​វាយ​និង​ចាក់​សម្លាប់​គ្នា​ផ្អើល​ពេញ​វត្ត​។​
​សាក្សី​ដែល​បានឃើញ​ហេតុការណ៍​បានអោយដឹងថា​៖ ក្នុង​ចំណុច​បរិវេណ​វត្ត​បឹង​ទឹម ឃុំ​តា​ប៉ុន បាន​ដំណើរការ​រាំ​ធុងបាស់​រៀងរាល់​យប់​ជាការ​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំ នៅ​យប់​ម៉ោង​១០ និង​១៥​នាទី ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៦​នេះ​មាន​ក្មេង​ទំនើង​ក្នុងភូមិ​ចំនួន​២​ក្រុម​បាន​ទាស់​ពាក្យសំដី​និង​គ្នា​រហូតដល់​ប្រើ​អំពើ​ហឹ​ង្សា ដោយ​ខ្លះ​បាន​ទាញយក​ដំបង​ឈើ ដំបង​ដែក​និង​កាំបិត​ដេញ​វាយ ចាក់​គ្នា​បង្ករ​ការភ្ញាក់ផ្អើល​ទាំងយប់ ទីបំផុត​ជនរងគ្រោះ​បាន​ត្រូវ​ភាគី​ម្ខាង​ទៀត​ចាក់​មួយ​កាំបិត​ត្រូវ​ផ្នែក​ក្រោយខ្នង ខាងស្ដាំ​ត្រង់ចំនុច​បោះដៃផុត​ហើយ​ប្រកាច់​ក្អួត​ឈាម​នៅ​និង​កន្លែង​។​
​ប្រភព​ដដែល​បាន​បន្ដថា បន្ទាប់ពី​ហេតុការណ៍​បានកើត​ឡើង​ភាគី​ជនដៃដល់​ដែលមាន​បក្សពួក​ច្រើន​បានគេច​ខ្លួន​បាត់អស់ ចំណែក​ជនរងគ្រោះ​ត្រូវបាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ប៉ុន្ដែ​បាន​ស្លាប់​នៅ​ពាក់​កណ្ដាលផ្លូវ​។​
​នគរបាល​មូលដ្ឋាន​ឃុំ​តា​ប៉ុន​បានបញ្ជាក់​អោយដឹងថា ជនរងគ្រោះ​មានឈ្មោះ ឡង វ៉ាន់ស៊ុយ អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ស្វាយស ឃុំ​តា​ប៉ុន ស្រុក​សង្កែ ខេត្តបាត់ដំបង មុនពេល​កើតហេតុ​ខ្លួន​និង​មិត្តភក្តិ​មាន​គ្នា​ចំនួន​៤​បាននាំគ្នា​ទៅលេង​រាំ​ធុងបាស់​នៅក្នុង​វត្ត​បឹង​ទឹម​ក៏បាន​ប្រទះ​និង​មាន​ទាស់​ពាក្យសំដី​ជាមួយ​ភាគី​ម្ខាង​ទៀត​ដែលមាន​ច្រើនជាង​ខ្លួន រហូត​ឈានដល់​ការប្រើ​អំពើហិង្សា​យ៉ាងធ្ងន់ធ្ងរ​។​
​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​ស៊ើបសួរ​ដើម្បី​កំណត់​មុខសញ្ញា​ចាប់ខ្លួន​ជនដៃដល់​និង​អ្នកពាក់ព័ន្ធ​ផ្សេងទៀត​មក​ទទួលខុសត្រូវ​ទៅតាម​ផ្លូវច្បាប់​៕ ប៉ែន​សុផល​

index1