ពលរដ្ឋ និង​កងទ័ព​នៅ​ស្រុក​ជាំ​ក្សាន្ត​កំពុង​ប្រឈម​នឹង​ការខ្វះ​ទឹក​ប្រើប្រាស់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 April, 2016 ក+ ក-

ខេត្តព្រះវិហារ​៖​តាម​បណ្តា​ភូមិ​ឃុំ​មួយចំនួន​ក្នុងស្រុក​ជាំ​ក្សាន្ត​ដែលជា​ស្រុក​យុទ្ធសាស្ដ្រ​នៃ​តំបន់​ព្រំដែន​ប្រាសាទព្រះវិហារ​កំពុង​ប្រឈម​ខ្វះ​ទឹក​ប្រើប្រាស់​ក្នុង​រដូវប្រាំង​ឆ្នាំនេះ​សម្រាប់​កងទ័ព​ក៏ដូចជា​ប្រជាពលរដ្ឋ​សរុប​រាប់ពាន់​គ្រួសារ​ហើយ​ពេលនេះ​អាជ្ញាធរ​មូលដ្ឋាន​កំពុង​រក​មធ្យោបាយ​ជួយ​ដោះស្រាយ​សំណើរ​សុំ​អណ្តូងទឹក​ពី​សំណាក់​ប្រជាពលរដ្ឋ​។​
​លោក​ប្រាក់​ភី​មេឃុំ​ស្រអែម​បានអោយដឹង​នៅ​ថ្ងៃទី​២០ ខែមេសា​នេះ​ថា​ប្រជាពលរដ្ឋ​រស់នៅក្នុង​ឃុំ​ស្រអែម​រាប់រយ​គ្រួសារ​ក្នុងចំណោម​ជាង​១​ពាន់​គ្រួសារ​កំពុង​ខ្វះខាត​អណ្តូងទឹក​ប្រើប្រាស់​ដោយសារ​រដូវប្រាំង​ឆ្នាំនេះ​ក្តៅ​ខ្លាំង​ហើយ​ការប្រើប្រាស់​ទឹក​របស់​ប្រជាពលរដ្ឋ​មានការ​កើន​ទ្បើង​ទ្វេដង​។​លោក​មេឃុំ​បន្តថា​អណ្តូងទឹក​សរុប​ទាំងអស់​ក្នុង​ឃុំ​ស្រអែម​មាន​ចំនួន​ត្រឹមតែ​ជាង​៤​រយ​អណ្តូងស្នប់​តែប៉ុណ្ណោះ​នៅ​ខ្វះ​ប្រមាណ​៥០​អណ្តូងស្នប់​ទៀត​ទើប​សម្រាល​ការលំបាក​បាន​។​
​លោក​មេឃុំ​បញ្ជាក់ថា​អាជ្ញាធរ​បាន​ដោះស្រាយ​ធ្វើ​អណ្តូងស្នប់​ជូន​ប្រជាពលរដ្ឋ​ដែល​ស្នើសុំ​អោយជួយ​ពួកគាត់​បាន​ចំនួន​១២​អណ្តូង​រួចហើយ​។​ប្រជាពលរដ្ឋ​មួយចំនួនធំ​ដែល​គ្មាន​អណ្តូងទឹក​ប្រើប្រាស់​បាន​សម្រុក​នាំគ្នា​ប្រើគោ​យន្ត​កន្ត្រៃ និង​រទេះ​ទៅ​ដឹក​ទឹក​ឆ្ងាយៗ​ពី​លំនៅដ្ឋាន​របស់​ពួកគាត់​ដើម្បី​យកមកប្រើ​ប្រាស់​។ ដំណាំ​បន្លែ​រួមផ្សំ​របស់​ប្រជាពលរដ្ឋ​ក៏ត្រូវ​ក្រៀម​ស្វិត​ស្ទើរ​អស់​ថែមទៀត​ដោយសារ​រដូវប្រាំង​ឆ្នាំនេះ​អាកាសធាតុ​ក្តៅ​ខ្លាំង​ចម្លែក​និង​គ្មាន​ភ្លៀង​កក់ខែ ប៉ុន្តែ​មិនមាន​ងាប់​សត្វ​គោក្របី​មាន់ និង​ទា​នៅ​ទ្បើ​យ​ទេ​។​
​លោក​សា​ម៉ែន​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ស្រុក​ជាំ​ក្សាន្ត​ក៏បាន​ថ្លែង​អោយដឹង​ផងដែរ​ថា​រដូវ​ប្រាំង​ឆ្នាំនេះ​អាកាសធាតុ​ក្តៅ​ខ្លាំង​ជាង​រដូវប្រាំង​ឆ្នាំ​២០១៥​ធ្វើអោយ​អង្គភាព​របស់លោក​កំពុង​ខ្វះខាត​ទឹក​ប្រើប្រាស់​។ តាម​អូរ​,​ព្រែក​និង​ដងស្ទឹង​ដែល​នៅ​ជិត​អង្គភាព​សឹក​រងកំ​ពុងរីង​ទឹក​ស្ទើរ​អស់​។​
​លោក​មេបញ្ជាការ​បន្តថា​កំលាំង​ទាហាន​បាន​ប្រើ​សំបក​ប៊ីដុង​ចំណុះ​៣០​លីត្រ​ដើម្បី​ទៅ​ដឹក​ទឹក​តាម​ម៉ូតូ​ពី​បុ​ស្បូវ​ជាំ​តែ​ចម្ងាយ​ប្រមាណ​១៥​គី​ទ្បូ​មែត្រ​យកមក​កាន់​អង្គភាព​។ ក្នុង​១​ថ្ងៃ​អង្គភាព​សឹក​រង​របស់លោក​ត្រូវការ​ទឹក​ប្រើប្រាស់​ជាធម្មតា​ចំនួន​២០​កាន​។ រីឯ​អាជ្ញាធរ​ស្រុក​ជាំ​ក្សាន្ត​សង្ស័យ​គ្មាន​លទ្ធភាព​ដោះស្រាយ​ធ្វើ​អណ្តូងទឹក​ជូន​ប្រជាជន​ក្នុង​មូលដ្ឋាន​របស់ខ្លួន​នោះទេ​។​
​គួររំលឹកថា​លោក​ជា​គឹម​សេង​អភិបាលស្រុក​ជាំ​ក្សាន្ត​បាន​ពោល​ពាក្យ​ថា​គាត់​មិន​ចង់អោយ​អ្នកកាសែត​សួរនាំ​គាត់​ច្រើន​រាល់ថ្ងៃ​នោះទេ ព្រោះ​រំខាន​ការងារ​ដ៏​មមាញឹក​បស់​គាត់​៕

k5-2