សេរីភាព​សារព័ត៌​មាននៅ​កម្ពុជា​ប្រសើរ​ជាង​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 April, 2016 ក+ ក-

​ ដោយ ខេមរិន្ទ

ភ្នំ​ពេ​ញះ​អង្គការការពារអ្នកកាសែត​គ្មាន​ព្រំដែន​(Reporters Without Borders) នៅ​ថ្ងៃ​ពុធ​ទី​២០ ខែមេសា កន្លងមកនេះ បានចេញ​របាយការណ៍​ពី​ចំណាត់​ថ្នាក់លើ​វិស័យ​សារព័ត៌មាន​ដោយបាន​ចាត់ទុក​ប្រទេស​កម្ពុជា​ថា​ប្រសើរ​ជាង​ប្រទេស​ទាំងអស់​ជា​សមាជិក​អាស៊ាន លើ​សេរីភាព​សារព័ត៌មាន ប៉ុន្តែ​សេរីភាព​នេះ​ស្ថិតនៅក្នុង​ស្ថាន​ភាពមិន​ទាន់​ល្អ​ដដែល​។​

ប្រទេស​ចំនួន​១៨០​នៅក្នុង​ពិភពលោក ត្រូវបាន​អង្គការការពារអ្នកកាសែតគ្មាន​ព្រំដែន​ធ្វើ​ចំណាត់ថ្នាក់​កម្រិត​ពី​សេរីភាព​សារព័ត៌មាន​ដោយ​ផ្អែកលើ​សេរីភាព និង​សុវត្ថិភាព​របស់​អ្នកសារព័ត៌មាន ចំនួន​ប្រព័ន្ធ​ផ្សព្វផ្សាយ ឯករាជ្យភាព​និង​បរិយាកាស​បំពេញ​តួនាទី​របស់​អ្នកសារព័ត៌មាន​។ តាម​របាយការណ៍​នេះ​បង្ហាញថា កម្ពុជា​ទទួល​ចំណាត់ថ្នាក់​លេខ​១២៨​សម្រាប់​សេរីភាព​សារព័ត៌មាន​ក្នុង​ឆ្នាំ​២០១៥ គឺមាន​កម្រិត​ប្រសើរ​ជាង​ឆ្នាំ​២០១៤ ដែល​ស្ថិតក្នុង​លំដាប់​លេខ​១៣៩ ។​

អង្គការការពារអ្នកកាសែត​គ្មាន​ព្រំដែន​ចាត់​កម្រិត​នៃ​ស្ថានភាព​សារព័ត៌មាន​ជា​៥​កម្រិត​គឺ​ស្ថាន​ភាពល្អ ស្ថានភាព​ដែល​អាច​ទទួលយកបាន កម្រិត​មាន​បញ្ហា​គួរ​ឲ្យ​កត់សម្គាល់ ស្ថានភាព​អាក្រក់ និង​ស្ថានភាព​អាក្រក់​ខ្លាំង ។ កម្ពុជា​ទទួលបាន​ចំណាត់ថ្នាក់​ប្រសើរ​ជាង​ប្រទេស​ឥណ្ឌូនេស៊ី​(​ទទួល​ចំណាត់ថ្នាក់​១៣០) ថៃ​(១៣៦) មី​យ៉ាន់​ម៉ា​(១៤៣) ហ្វីលីពីន​(១៣៨) ម៉ាឡេស៊ី​(១៤៦) សិង្ហ​បុរី​(១៥៤)​និង​ព្រុយ​នេ​(១៥៥)​ឡាវ​(១៧៣)​និង​វៀតណាម​(១៧៥)​។ កាលពី​ឆ្នាំមុន កម្ពុជា​ឈរ​នៅ​លំដាប់​ល្អ​ជាង​ប្រទេស​ហ្វីលីពីន មី​យ៉ាន​ម៉ា ម៉ាឡេស៊ី សិង្ហ​បុរី ឡាវ​និង​វៀតណាម​តែប៉ុណ្ណោះ​។ ចំណែក​ប្រទេស​ដែល​ទទួលបាន​ចំណាត់ថ្នាក់​ល្អ​ជាងគេ រួមមាន​ប្រទេស​ហ្វាំ​ង​ឡង់ ហូ​ឡង់​និង​ន័​រ​វ៉េ​។​

​លោក ពុ​យ គា អគ្គលេខាធិការ​ក្លឹប​អ្នកកាសែត​កម្ពុជា បានបញ្ជាក់ថា សេរីភាព​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​មិនល្អ​ពេក​និង​មិន​អន់​ពេក​នោះទេ បើ​ធៀប​នឹង​១៨០​ប្រទេស​។ លោក​បន្តថា​ដើម្បី​ឲ្យ​សេរីភាព​សារព័ត៌មាន​ល្អប្រសើរ​ជាង​នេះ លុះត្រាតែ​អ្នក​សា​ព័ត៌មាន​និង​រដ្ឋាភិបាល​អនុវត្ត​ការងារ​របស់ខ្លួន​ប្រកបដោយ​ភាពចាស់ទុំ​។​

គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​១៦​ខែមីនា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែងថា​”​កម្ពុជា​ពិត និង​កម្ពុជា​លើ​បណ្តាញសារព័ត៌មាន​ខុសគ្នា​” ។​ការលើកឡើង​របស់​ស​ម្តេច​សំដៅ រិះគន់​សារព័ត៌មាន និង​អ្នកនយោបាយ​មួយចំនួន​ដែល​សរសេរ និង​និយាយ​ធ្វើ​ឲ្យ​ខូច​កេរ្តិ៍ឈ្មោះ​កម្ពុជា​”​។

លោកនាយករដ្ឋមន្ត្រី​មានប្រសាសន៍ថា​៖ “​ប៉ុន្តែ​នេះ​ដោយសារ​វា​ជា​កម្ពុជា​ពិត ទើប​ខ្ញុំ​និយាយ​លេងសើច​។ បើសិនជា​កម្ពុជា​លើ​ទំព័រ​លើ​សារព័ត៌មាន គឺ​យើង​គ្មាន​ឱកាស​នឹង​លេងសើច​ទេ ព្រោះ​វា​ជា​ឋាននរក​លោកិយ​របស់​អ្នកនយោបាយ​ខ្លះ​ដែល​ដើរ​សម្អុយ​កេរ្តិ៍ឈ្មោះ​កម្ពុជា ស្រប​នឹង​សារព័ត៌មាន​ដែល​មិន​សុចរិត​ភាព តែ​ហ្នឹង​ជា​សិទ្ធិ​បញ្ចេញមតិ​របស់គេ​ទេ ”

1aeb4abc11