ក្រុងប៉ៃលិន៖ មេធាវីដ៏ជំនាញម្នាក់ត្រូវកម្លាំងសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ឃាត់ ខ្លួន តាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ថិតក្នុងភូមិអូរពើត សង្កាត់ទូលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ប្រភពព័ត៌មានបានរាយការណ៍ថា ជនសង្ស័យដែលជាមេធាវីបោកប្រាស់ឈ្មោះ សុខ ស៊ីណា ភេទប្រុស អាយុ៤៥ឆ្នាំ បច្ចុប្បន្នរស់នៅភូមិកូនខ្លុង ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ ចំណែកជនរងគ្រោះឈ្មោះ ណាយ ប៊ុនថន ភេទប្រុស អាយុ៤៤ឆ្នាំ ជានគរបាល មានស្រុកកំណើតភូមិបឹងលាច ឃុំចំបក ស្រុកបាទី ខេត្តតាកែវ បច្ចុប្បន្នរស់នៅភូមិអូរពើត សង្កាត់ទូលល្វា ក្រុង-ខេត្តប៉ៃលិន ដោយបោកប្រាស់អស់ប្រាក់ចំនួន ៣០ម៉ឺនរៀល។
ប្រភពព័ត៌មានបានបន្តថា មុនពេលកើតហេតុគឺនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៤ ជនរងគ្រោះបានអង្គុយយាមនៅសាលាដំបូងខេត្តប៉ៃលិន ស្រាប់តែឃើញជនសង្ស័យម្នាក់ឈ្មោះ សុខ ស៊ីណា កំពុងរត់ការរឿងអ្វី ក៏បានទំនាក់ទំនងគ្នាដោយជនសង្ស័យបានសួរនាំពីករណីកូនប្រុសរបស់ជនរងគ្រោះដែលជាប់ពន្ធនាគារ ហើយពេលនោះជនសង្ស័យបាននិយាយថា ចាំគេជាអ្នករត់ការឲ្យដើម្បីឲ្យកូនរបស់ជនរងគ្រោះបាននៅក្រៅឃុំ បន្ទាប់មកជនសង្ស័យបានទារលុយពីជនរងគ្រោះ ចំនួន ១០ម៉ឺនរៀល ដើម្បីចាក់សាំងឡានរត់ការ។
ប្រភពបន្តទៀតថា ព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្រាប់តែជនសង្ស័យមកដល់ផ្ទះជនរងគ្រោះ ដោយឲ្យជនរងគ្រោះប្រគល់លុយចំនួន ១២០០ដុល្លារ រួចជនសង្ស័យក៏រៀបចំឯកសារឲ្យមើល ប៉ុន្តែដោយឃើញសកម្មភាពមិនសូវស្រួល ជនរងគ្រោះក៏បានតេទូរស័ព្ទ ប្ដឹងសមត្ថកិច្ចស្នងការនគរបាលខេត្តប៉ៃលិនតែម្តង។
នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន លោក មាស សុផុន បានឲ្យដឹងថា ដោយយោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ និងសុំយោបល់ពីព្រះរាជអាជ្ញាអមសាលាដំបួងខេត្ត កម្លាំងសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់-ស្រាល នៃស្នងការដ្ឋាននគរបាលខេត្ត បាននាំកម្លាំងចុះអនុវត្តន៍ច្បាប់ ចាប់ជនសង្ស័យឈ្មោះ សុខ ស៊ីណា ពីបទឆបោក នៅវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅភូមិអូរពើត សង្កាត់ទូលល្វា ក្រុងប៉ៃលិន ព្រមទាំងរឹបអូសបានរថយន្តម៉ាកកាមរី ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 2A-0898 មួយគ្រឿង រួចបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់វិធានការសំណុំឯកសារបញ្ជូនទៅតុលាការតាមនីតិវិធី៕