ស្ត្រី​ម្នាក់​ឆ្លងទន្លេ​ហើយ​ហូរឈាម​រហូតដល់​ស្លាប់​ក្នុង​មន្ទីរពេទ្យបង្អែក​ខេត្តស្វាយរៀង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 April, 2016 ក+ ក-

​ខេត្តស្វាយរៀង​៖​ក្រោយពី​ឆ្លងទន្លេ បាន​ជាង​២​ម៉ោង ស្ត្រី​ម្នាក់​បាន​ស្លាប់​យ៉ាង​អាណោច​អាធ​ម ដោយសារ ហូរឈាម​តាម​ទ្វារមាស រហូត​ក្សោះ​ខ្លួន គាំងបេះដូង ក្នុង​បន្ទប់វះកាត់ នៃ​មន្ទីរពេទ្យបង្អែក ខេត្តស្វាយរៀង ហើយ​ករណីនេះ បុរស​ជា​ប្តី បាន​ចោទប្រកាន់​គ្រូពេទ្យ​ថា មានការ​ធ្វេសប្រហែស ទុក​ប្រពន្ធ​គាត់ ឲ្យ​ហូរឈាម​រហូត​អស់ពី​ខ្លួន បណ្តាល​ឲ្យ​ស្លាប់ នៅ​ម៉ោង​២ និង​២០​នាទី​រសៀល ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៦ ។​
​សូមជម្រាបថា ស្ត្រី​រងគ្រោះ​ឈ្មោះ សៀង សុភាព អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​វាល​យន្ត សង្កាត់​ស្វាយរៀង ក្រុង​ស្វាយរៀង មាន​ប្តី​ឈ្មោះ ញ៉ឹក រ៉ា អាយុ​៣៥​ឆ្នាំ ជា​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង​។ ស្ត្រី​រងគ្រោះ​ឆ្លងទន្លេ​កូន​ទី​២ ហើយ​ពេល​គ្រប់​ខែ​ឆ្លងទន្លេ ប្តី​ក៏បាន​បញ្ជូនទៅ​មន្ទីរពេទ្យបង្អែក​ខេត្តស្វាយរៀង នៅ​ម៉ោង​៧៖០០​ព្រឹក ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៦ រហូតដល់​ម៉ោង​១១ និង​០០​នាទី ព្រឹក ទើប​សម្រាល​បានកូន ស្រី​ម្នាក់ គ្រូពេទ្យ​បាន​សំអាត រួចរាល់​នៅវេលា​ម៉ោង ១១ និង​៣០​នាទី​។​
​ប៉ុន្តែ​នៅវេលា​ម៉ោង ១២៖០០​នាទី ថ្ងៃត្រង់ ស្រាប់តែ​ចុក​ក្នុង​ពោះ​ខ្លាំង ហើយ​ធ្លាក់ឈាម ប្អូនស្រី​ជនរងគ្រោះ ក៏បានរ​ត់ទៅ​ហៅ​គ្រូពេទ្យ ក៏ប៉ុន្តែ​មានតែ​អ្នកគ្រូ​ពេទ្យ ម្នាក់​ប៉ុណ្ណោះ ដោយ​ប្រាប់ថា លោក​វេជ្ជបណ្ឌិត​ទៅផ្ទះ​អស់ហើយ រហូតដល់​ម៉ោង​១៖០០​នាទី​រសៀល ទើប​មាន​លោកគ្រូ​ពេទ្យ មកដល់ ឲ្យ​យក​ចុះ​ពី​ជាន់​ទី​១ ទៅ​សាល​វះកាត់ នៅ​ខាងក្រោម ហើយ​ឲ្យ​សាច់ញាតិ យក​ឈាម​មក​ដូរ រួច​បញ្ចូល​ឈាម​អស់​២​ផ្លោក ហើយ គ្រូពេទ្យ បាន​ឲ្យ​ប្តី​រក​ឈាម​២​ផ្លោក​ទៀត ដោយ​ឲ្យ​សាច់ញាតិ បរិច្ចាគ​ឈាម​យកមក​ប្តូរ រហូតដល់​ម៉ោង​២៖១០​នាទី រសៀល​គ្រូពេទ្យ បាន មក​ហៅ​ប្តី​ទៅ​សាកសួរ​ប្រវត្តិ​ជម្ងឺ របស់​ប្រពន្ធ ហើយ​គ្រូពេទ្យ​ប្រាប់ថា ស្ត្រី​រងគ្រោះ​មាន​ជម្ងឺ​បេះដូង ពេល​វះកាត់​ហត់​ដង្ហក់​ខ្លាំង មិនអាច​សង្គ្រោះ​បានទេ អស់​លទ្ធភាព​ហើយ ខណដែល​ឈាម​២​ផ្លោក​ក្រោយ​មិនបាន​បញ្ចូល​ឲ្យ​ជនរងគ្រោះ​ទេ​។​
​យ៉ាងណាក៏ដោយ ប្តី​ជនរងគ្រោះ​និយាយថា ប្រពន្ធ​គាត់ មិន​ដែលមាន​ជម្ងឺ​បេះដូង​ទេ បើ​មាន​ជម្ងឺ គឺ​ធ្លាប់មាន​ជម្ងឺរលាកមាត់​ស្បូន ។ ប្តី​ជន​គ្រោះ​បាន​ប្រាប់ថា នៅវេលា ម៉ោង ២៖២០​នាទី​រសៀល ស្ត្រី​រងគ្រោះ ក៏បាន​ដាច់ខ្យល់​ស្លាប់ ក្នុង​បន្ទប់វះកាត់​តែម្តង ទើប​បរុស​ជា​ប្តី​ចោទថា គ្រូពេទ្យ​មានការ​ធ្វេស ប្រហែស ទុក​ឲ្យ​ហូ​ឈាម​រហូត​អស់ពី​ខ្លួន បណ្តាល​ឲ្យ​គាំងបេះដូង​ស្លាប់ ហើយ​ពេល​គាត់​សួរថា តើ​ពេល​វះកាត់​នោះ រកឃើញ មូលហេតុ​អ្វី បាន​បណ្តាល ឲ្យ​ហូ​ឈាម​ដូច្នេះ ប៉ុន្តែ​លោកគ្រូ​ពេទ្យវះកាត់​មិន​ប្រាប់​ទេ ។ បុរស​ជា​ប្តី បានដាក់​ពាក្យបណ្តឹង ទៅ​លោក​មេ​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​ខេត្ត ឲ្យ​ជួយ​រក​យុត្តិធម៌ ឲ្យ​ប្រពន្ធ​កូន​របស់គាត់ ។​
​តាមពិត​ករណីនេះ មិនមែនជា​លើក​ទី​១​នោះឡើយ ហើយ​ករណី​អ្នកជំងឺ​ស្លាប់​ដោយ​ការមិន​យកចិត្តទុកដាក់​របស់​គ្រូពេទ្យ​នេះ​កើតមាន​ជា​បន្តបន្ទាប់ ហើយ​អ្វីដែល​គេ​បានកត់សម្គាល់​មន្ទីរពេទ្យ​ស្វាយរៀង តែងតែ​រង​ការរិះគន់​ពី​សាធារណជន​អំពី​ការធ្វេសប្រហែស និង​មិន​យកចិត្តទុកដាក់​ក្នុងការ​ព្យាបាល​អ្នកជំងឺ ហើយ​ទុក​ឲ្យ​អ្នកជំងឺ​ស្លាប់​ដោយ​មិន​សម​ហេតុផល ។​
​ប្រជាពលរដ្ឋ​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ​ក្រសួងសុខាភិបាល គួរ​ពិចារណា​ករណីនេះ​ឡើងវិញ​ថា តើ​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យបង្អែក​ស្វាយរៀង​មាន​វិជ្ជាជីវៈ​និង​គុណធម៌​ត្រឹមត្រូវ​ដែរឬទេ ហើយ​បើ​គ្មាន​ទាំងអស់​នោះទេ គួរតែ​ធ្វើការ​ផ្លាស់ប្តូរ​ចេញទៅ សំខាន់​ថ្នាក់ដឹកនាំ​មន្ទីរពេទ្យបង្អែក​ខេត្តស្វាយរៀង​តែម្តង ៕

94ed920e5137e24e0d8833855bc53099858