បន្ទាយមានជ័យ៖កាលពីដើមសប្តាហ៍មុននេះ កម្លាំងសមត្ថកិច្ចជំនាញកាំកុងត្រូល នៅស្រុកម៉ាឡៃ បានចុះដកហូត និងហាមប្រាម បងប្អូនអាជីវករ ក៏ដូចជាប្រជាពលរដ្ឋឲ្យឈប់ ចរាចរណ៍ដាក់លក់ ឈប់ប្រើប្រាស់ និងប្រុង ប្រយ័ត្ន ចំពោះផលិតផលខូចគុណភាពដែល ឈ្មួញខិលខូចលួចផលិត និងនាំចូលមកពីថៃ ដូចជាទឹកខ្មេះសញ្ញាសត្វទន្សាយនេះជាដើម។
ប្រជាពលរដ្ឋនៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ លើកឡើងថា ទឹកខ្មេះរូបទន្សាយត្រូវបានចុងភៅ និងស្ត្រីមេផ្ទះជាច្រើន ប្រើប្រាស់លាយផ្សំធ្វើម្ហូបអាហារ ឱ្យភ្ញៀវបរិភោគស្ទើរ គ្រប់ពិធីមង្គលការនៅក្នុងស្រុកម៉ាឡៃ និងប្រើប្រាស់តាមបណ្ដា ហាងលក់បាយគុយទាវ និងតាមផ្ទះប្រជាពលរដ្ឋមួយចំនួនធំផងដែរ ដោយពលរដ្ឋខ្វះការយល់ដឹង។
បញ្ហាព្រួយបារម្ភពីគ្រោះថ្នាក់នៃការប្រើប្រាស់ទឹកខ្មេះរូប ទន្សាយនេះ នៅក្រោយពេលជំនាញកាំកុងត្រូល នៃសាខាខេត្តបន្ទាយមានជ័យ កាលពីថ្ងៃ ចុងសប្ដាហ៍កន្លងទៅនេះ បានចុះទៅត្រួតពិនិត្យសុវត្ថិភាព ចំណីអាហារនៅស្រុកម៉ាឡៃ ដោយបានរកឃើញ និងដកហូតទឹកខ្មេះរូបទន្សាយ ខុសច្បាប់ពីអាជីវករ នៅស្រុកម៉ាឡៃមួយចំនួនធំ រួមនិងទំនិញហួសកាលកំណត់ប្រើប្រាស់មួយចំនួនទៀតផងដែរ។
មន្ត្រីជំនាញកាំកុងត្រូលក៏បានធ្វើការពន្យល់ ពីផលប៉ះពាល់សុខភាព និងណែនាំដល់ពលរដ្ឋនិងអាជីវករ បញ្ឈប់ការតាំងលក់និងប្រើប្រាស់ទឹកខ្មេះរូបទន្សាយនោះតទៅទៀត ព្រោះវាបង្កឲ្យមានគ្រោះថ្នាក់ដល់សុខភាព និងអាចប៉ះពាល់អាយុជីវិតទៀតផង។
មន្ត្រីជំនាញកាំកុងត្រូលប្រាប់ឱ្យដឹងថា វាមិនមែនទឹកខ្មេះនោះទេ គឺជាទឹកអាស៊ីតដែលមានផលប៉ះពាល់ខ្លាំងទៅលើក្រពះពោះវៀន ថ្លើម ប្រម៉ាត់ និងឈានដល់កើតជម្ងឺមហារីទៀតផង នៅពេលដែលយើងទិញយកទៅប្រើប្រាស់សម្រាប់លាយជាមួយទឹកត្រីជ្រលក់កោះកុង ទឹកម្ជូផ្សេងៗសម្រាប់ធ្វើជាអាហារនោះ។
ទឹកខ្មេះរូបទន្សាយត្រូវបានឈ្មួញខិលខូច លួចនាំចូលពីប្រទេសថៃឆ្លងកាត់តាមច្រកតំបន់ និងច្រករបៀងនានាក្នុងខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង ដោយលក់ចែកចាយឱ្យពលរដ្ឋខ្មែរប្រើប្រាស់ជាទូទៅក្នុង១ដបតម្លៃ១៥០០រៀល។
គួរជម្រាបថានៅប្រទេសថៃ ទឹកអាស៊ីតសញ្ញាសត្វទន្សាយនេះ គេយកទៅប្រើប្រាស់ក្នុងសិប្បកម្មបោកគក់ ហូលផាមួង សម្លៀកបំពាក់ ប៉ុន្តែប្រជាពលរដ្ឋខ្មែរខ្លះមិនបានដឹងពីបញ្ហានេះ ព្រោះនៅលើសំបកដបគ្មានប្រកាសណែនាំពីការប្រើប្រាស់ឡើយ ទើបនាំគ្នាជឿតាមឈ្មួញខិលខូច ហើយចេះតែទិញទឹកខ្មេះខាងលើនេះយកទៅប្រើប្រាស់សម្រាប់ផ្សំធ្វើម្ហូបអាហារដោយមិនដឹងថា វាមានសារធាតុជាតិអាស៊ីតក្នុងនោះឡើយ៕