បាត់ដំបង៖បែកធ្លាយទំនិញគេចពន្ធកំពុងវាយលុកយ៉ាងខ្លាំងក្លាលើទីផ្សារក្នុងខេត្តបាត់ដំបងធ្វើអោយក្រុមហ៊ុនមានអាជ្ញាបណ្ណ័នាំទំនិញចូលត្រឹមត្រូវ ត្រូវប្រឈមការបង់ខាតតាមរយៈការប្រកួតប្រជែងនិងប៉ះពាល់ដល់ចំណូល ថវិកាជាតិយ៉ាងច្រើន។
ការបែកធ្លាយនេះក្រោយពីក្រុមហ៊ុនស្របច្បាប់មួយចំនួនបានសើរើនិងត្រួតពិនិត្យលើទំនិញផ្ដាច់មុខរបស់ខ្លួនដែលឃើញមានដាក់លក់យ៉ាងអនាធិបតេយ្យក្នុងទីផ្សារខេត្តបាត់ដំបងតាមរយៈឈ្មួញលួចលាក់នាំចេញពីប្រទេសថៃរំលោភលើកម្មសិទ្ធបញ្ញាដោយត្រូវរ៉ូវគ្នាជាមួយមន្ដ្រីគយប្រចាំច្រកអន្ដរជាតិនិងច្រករបៀងមួយចំនួនទៀត។
ប្រភពព័ត៌មានពីម្ចាស់ក្រុមហ៊ុនគោរពច្បាប់បានអោយដឹងថា៖សមត្ថកិច្ចជំនាញបានធ្វើជាម្លប់ឲ្យជនខិលខូចលួចនាំចូលទំនិញគេចពន្ធយ៉ាងអនាធិបតេយ្យដែលជាការបំផ្លាញដល់ការវិនិយោគស្របច្បាប់ដែលមានសិទ្ធិនាំចូលផ្ដាច់មុខរបស់ក្រុមហ៊ុនគឺបើកដៃឲ្យគេ នាំចូលពីប្រទេសថៃឆ្លងកាត់តាមច្រកអន្ដរជាតិដូងក្នុងស្រុកកំរៀងនិងច្រកភ្នំដីស្រុកសំពៅលូន ហើយឈ្មួញជាច្រើនបានដឹកជញ្ជូនទាំងយប់ ទាំងថ្ងៃមកស្ដុកទុកសម្រាប់ចែកចាយក្នុងខេត្តបាត់ដំបង ដូចជានៅឃ្លាំងធំៗនាចំនុចផ្លូវរថភ្លើង ក្នុងក្រុមទី១ ភូមិអូរចារ ឃ្លាំងក្នុងភូមិកំពុងក្របី ឃ្លាំងស្ដុកទំនិញល្មើសច្បាប់ក្នុងភូមិចំការសំរោង២យ៉ីហោម្លឹះបាត់ដំបង ក្នុងសង្កាត់ចំការសំរោង ក្រុងនិងខេត្តបាត់ដំបងជាដើម។
ស្រទាប់មហាជនបានរិះគន់ខ្លាំងៗថា៖ ការត្រូវរ៉ូវគ្នារវាងឈ្មួញនិងមន្ដ្រីគយនាំចូលទំនិញប្រភេទអាហារគ្រប់មុខ គ្រប់ប្រភេទនេះបានធ្វើអោយប៉ះពាល់ខ្លាំងដល់ចំណូលថវិកាជាតិយ៉ាងច្រើន និងធ្វើឲ្យបាក់ទឹកចិត្តដល់ក្រុមហ៊ុនស្របច្បាប់ឈានដល់ការក្ស័យធន់ម្យ៉ាងទៀតធ្វើអោយពិបាកក្នុងការគ្រប់គ្រងសុពលភាពទំនិញដែលអាចប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ព្រោះប្រជាពលរដ្ឋកម្ពុជាមានការយល់ដឹងតិចតួចទាក់ទងនឹងទំនិញអាហារហួសកាលកំណត់នេះ ចំណែកករណីបង្ក្រាបទំនិញខុសច្បាប់ពីមន្ដ្រីជំនាញម្ដងៗអនុវត្តតែលើអ្នកលក់ដូរតូចតាចប៉ុណ្ណោះ។
ប្រភពដែលបន្ដថា៖ ទាក់ទងទៅនឹងបញ្ហានាំចូលទំនិញយ៉ាងរលូនគគ្រឹកគគ្រេងខាងលើមិនអាចលាក់បាំងនិងមន្ដ្រីជំនាញឬសមត្ថកិច្ចបានឡើយព្រោះក្នុងចម្ងាយផ្លូវពីតំបន់ព្រំដែនមកកាន់ទីប្រជុំជនក្រុងបាត់ដំបងមានខ្ទមទីស្នាក់ការក្រៅច្បាប់ដាក់តាមផ្លូវបណ្តាក់គ្នាដូចខ្យង មិនតិចជាង៥កន្លែងឡើយចាំយកលុយនិងរាប់ក្បាលឡាន។
មន្ដ្រីជំនាញលោក អៀង ថេន អនុប្រធានសាខាគយខេត្តបាត់ដំបងបានអោយដឹងថា៖ ទំនិញនាំចូលខ្លះមានបិទត្រា និងខ្លះទៀតមិនមានបិទត្រាឡើយដូចជាដែក ស៊ីម៉ងដ៍ជាដើម រីឯលោក ឈុន សុភមង្គល ប្រធានសាខាគយបាត់ដំបង បានប្រាប់អ្នកកាសែតថា លោកសុំមិនបំភ្លឺទេ លុះត្រាតែមានលិខិតអនុញ្ញាតពីថ្នាក់លើរបស់លោកសិន៕ ប៉ែនសុផល