ដោយ៖បញ្ញា
ភ្នំពេញ៖ មេបញ្ជាការអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង បានបញ្ជាក់ប្រាប់ថា ប្រតិបត្តិការបង្ក្រាបក្រុមជួញដូរគ្រឿងញៀន បានបញ្ចប់ទាំងស្រុងនៅល្ងាចថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ហើយ ក្នុងនោះមេក្លោងគ្រឿងញៀនម្នាក់ត្រូវបានសមត្ថកិច្ចបាញ់ស្លាប់ និងបក្ខពួក៨នាក់ទៀតត្រូវបានចាប់ខ្លួន។ លោកឧត្តមសេនីយ៍ មេបញ្ជាការក៏បានបញ្ជាក់ផងដែរ មន្ត្រីរបស់លោកម្នាក់ត្រូវបានក្រុមគ្រឿងញៀនបាញ់បណ្តាលឲ្យស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។
លោកឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង ដែលបានដឹកនាំកម្លាំងចុះទៅបង្ក្រាបករណីជួញដូរគ្រឿងញៀននៅកន្លែងកើតហេតុ បានបន្តទៀតថា សម្រាប់ប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានដកហូតកាំភ្លើងវែងខ្លីចំនួន៥ដើម និងរថយន្តមួយគ្រឿងម៉ាកអូឌី។
សូមបញ្ជាក់ថា នៅរសៀលថ្ងៃទី២៧មេសានេះ កម្លាំងសមត្ថកិច្ចជាច្រើននាក់ទាំងអាវុធហត្ថ និងនគរបាលបានចុះទៅបង្ក្រាបមេក្លោងជួញដូរគ្រឿងញៀន ស្ថិតនៅផ្ទះលក់សាច់ជ្រូកតាមផ្លូវលេខ៣៥១ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ដែលក្រុមគ្រឿងញៀនបានលាក់ខ្លួននៅទីនោះ ស្រាប់តែជនសង្ស័យបាញ់មកលើក្រុមសមត្ថកិច្ចជាច្រើនគ្រាប់បណ្តាលឲ្យត្រូវមន្ត្រីអាវុធហត្ថម្នាក់បណ្តាលឲ្យពលីជីវិតពេលបញ្ជូនទៅមន្ទីរពេទ្យ រួចហើយគេបានបន្តបាញ់រះជាច្រើនគ្រាប់ រហូតដល់ពួកគេត្រូវបានបង្ក្រាបជាបន្តបន្ទាប់ចំនួន៨នាក់។ ប្រតិបត្តិបង្ក្រាបជនជួញដូរគ្រឿងត្រូវបានបញ្ចប់នៅម៉ោងប្រមាណ ៥៖៤៥នាទី ថ្ងៃទី២៧ ខែមេសានេះ។
លោកឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង បានបញ្ជាក់ថា សពមន្ត្រីអាវុធហត្ថដែលត្រូវក្រុមជនល្មើសគ្រឿងញៀនបាញ់ស្លាប់នោះត្រូវបានយកមកធ្វើបុណ្យនៅទីបញ្ជាការដ្ឋានអាវុធហត្ថរាជធានីភ្នំពេញ ខណៈជនល្មើសទាំង៥នាក់ត្រូវបាននាំខ្លួនទៅសួរនាំបន្តទៀត៕