រាជធានីភ្នំពេញ៖រថយន្តអូឌីដែលពាក់ស្លាកលេខនគរបាល 2-0621 ដែលប៉េអឹមបានដកហូតនៅក្នុងប្រតិបត្តិការបង្ក្រាបក្រុមជួញដូរគ្រឿងញៀន ត្រូវបានមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃអះអាងថា ជាឡានរបស់លោកឧត្តមសេនីយ៍ រស់ ឧស្សាហ៍ អគ្គាធិការរង នៃអគាគធិការដ្ឋានកិច្ចការនយោបាយ រដ្ឋបាល និងនគរបាល នៃក្រសួងមហាផ្ទៃ។ មន្ត្រីរូបនោះបញ្ជាក់ថា ស្លាកលេខនគរបាលដែលបានបំពាក់នៅលើរថយន្តនោះ គឺជាស្លាកលេខពិតប្រាកដ មិនមែនក្លែងកក្លាយទេ។
មន្ត្រីក្រសួងដដែលបានបន្ថែមថា កម្លាំងជំនាញរបស់ក្រសួងមហាផ្ទៃ កំពុងតែធ្វើការសាកសួរលោកឧត្តមសេនីយ៍ រស់ ឧស្សាហ៍ អំពីដើមចមដែលនាំឲ្យជនសង្ស័យយកឡាននោះទៅជិះ រហូតឈានដល់ការប្រព្រឹត្តបទល្មើស។
លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងឲ្យដឹងថា រឿងឡានអូឌីពាក់ស្លាក ន.ប ២-០៦២១ ខាងក្រសួងមហាផ្ទៃកំពុងតែស្រាវជ្រាវ ហេតុអីបានជាឡាននឹងនៅកន្លែងកើតហេតុ។ ហើយឡាននេះ មានម្ចាស់ឈ្មោះ រស់ ឧស្សាហ៍ បានលក់ឡានទៅឲ្យប្រពន្ធជនសង្ស័យ ដែលអាវុធហត្ថបានបាញ់ស្លាប់។ ប៉ុន្តែអ្នកឈរឈ្មោះឡាននឹងឈ្មោះផ្សេង ជាជំនួយការរបស់លោក រស់ ឧស្សហ៍”។
ប្រតិបត្តិបង្ក្រាបក្រុមជួញដូរគ្រឿងញៀន ដែលបានបាញ់តដៃជាមួយកម្លាំងសមត្ថកិច្ចប៉េអឹម ដូចនៅក្នុងសមរភូមិប្រយុទ្ធ កាលពីរសៀលថ្ងៃទី២៧ ខែមេសា ធ្វើឲ្យកក្រើកនៅក្នុងរាជធានីភ្នំពេញ បានបណ្តាលឲ្យមេក្លោងគ្រឿងញៀនម្នាក់ស្លាប់ និងបក្ខពួក៥នាក់ ត្រូវបានចាប់ខ្លួន ដកហូតបានកាំភ្លើងវែង-ខ្លី ចំនួន៥ដើម រួមទាំងឡានទំនើបម៉ាក អូឌី ពាក់ស្លាកនគរបាល និង Luxus RX300 និងវត្ថុតាងមួយចំនួនទៀត ។
មន្ត្រីជាន់ខ្ពស់អាវុធហត្ថបានប្រាប់ ឲ្យដឹងថា ជនសង្ស័យចំនួន៥នាក់ និងមេក្លោងដែលស្លាប់ មានឈ្មោះដូចជាៈ ១.ឈ្មោះ លី វីរៈ អាយុ៣៧ឆ្នាំ ចាប់នៅភូមិត្រពាំងឈូក ទល់មុខពេទ្យលោកសង្ឃ ដកហូតគ្រឿងញៀន២០៦គ្រាប់។ ២.ឈ្មោះ ស៊ុន ដារ៉ា អាយុ២៣ឆ្នាំ។ ៣.ឈ្មោះ ទី អៀង អាយុ៤៥ឆ្នាំ។ ៤.ឈ្មោះ លី កុកហ៊ុយ ហៅប៉ាហ្គិច អាយុ៦៤ឆ្នាំ និងទី៥.ឈ្មោះ ត្រាវ រិទ្ធារ៉ា អាយុ១៨ឆ្នាំ។ ចំណែកមេខ្លោងដែលបាញ់ស្លាប់ឈ្មោះ លី តេង។
វត្ថុតាងដែលដកហូតរួមមានៈ កាំភ្លើងវែង.ខ្លី ចំនួន៦ដើម មានដូចជាៈ ខ្លី៥ វែង១ គឺ ប្រាប់ហា១ដើម, K59 ២ដើម, HERSTAL ១ដើម, AK ១ដើម, K54 ១ដើម និងកាកសំណល់គ្រឿងញៀនមួយចំនួនធំ (ដុតចោលក្នុងកន្ត្រក.ចាក់គ្រឿងញៀនចោលចូលទៅក្នុងបង្គន់) និងរថយន្ត២គ្រឿង ម៉ាក Luxus RX300 នឹង ម៉ាក អូឌី ស្លាកលេខនគរបាល៕