លោក កឹម សុខា ត្រឡប់​ពី​ទីក្រុង​បាងកក មកដល់​ប្រទេស​កម្ពុជា​វិញ​នៅ​ម៉ោងជាង​១០​យប់មិញ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 April, 2016 ក+ ក-

 

ភ្នំពេញ​៖ លោក កឹម សុខា នៅ​ម៉ោង​១០៖៤៥​នាទី​យប់ ថ្ងៃទី​២៩ ខែមេសា​នេះ បាន​ត្រឡប់​ពី​ទីក្រុង​បាងកក​ប្រទេស​ថៃ មក​ប្រទេស​កម្ពុជា​វិញ​ហើយ បន្ទាប់ពី​ចាក​ពី​កម្ពុជា​យ៉ាង​ស្ងាត់ស្ងៀម​នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ​។​

​ការចេញចូល​របស់លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ នៅពេលនេះ​បានកើត​ឡើង ស្របពេល​អង្គភាព​ប្រឆាំង​អំពើពុករលួយ សម្រេច​ឃាត់ខ្លួន​មន្ត្រី​សមាគម​អាដហុក និង​អគ្គលេខាធិការរង គ​.​ជ​.​ប ចំនួន​៥​នាក់ និង​ប្រកាស​ចេញ​ដីកានាំខ្លួន​មន្ត្រី UN ម្នាក់ ដែល​រត់គេចខ្លួន ក្នុង​សំណុំរឿង​របស់ ស្រីមុំ និង​លោក កឹម សុខា ព្រមទាំង​បានកើត​ឡើង​បន្ទាប់ពី​បែកធ្លាយ​សារ​សំឡេង ស​ន្ទា​នា​ដ៏​សំខាន់​មួយ​រវាង លោក កឹម សុខា ជាមួយ​លោក​មេឃុំ ស៊ា​ង ចែត និយាយ​អំពី​ការបញ្ចុះ​បញ្ចូល​គ្រួសារ​កញ្ញា ខុម ច័ន្ទ​តារា​ទី ហៅ ស្រីមុំ កុំ​ឲ្យ​ខ្លាច និង​កុំ​ឲ្យ​និយាយ​ការពិត​ប្រាប់​គេ​។

មន្ត្រី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ បាន​ប្រាប់​ឲ្យ​ដឹង​ថា លោក កឹម សុខា ពេល​ឡើង និង​ចុះ​យន្តហោះ​ឃើញមានទឹកមុខ​ស្រងូតស្រងាត់ និង​គ្មាន​អ្នក​ហែរ​ហម​ទេ​៕