ប្រធាន​គណបក្ស​យុវជន​កម្ពុជា ប្រកាស​ប្តឹង​លោក យឹម សុវណ្ណ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 May, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​ប្រធាន​គណបក្ស​យុវជន​កម្ពុជា លោក ពេជ្រ ស្រស់ បានប្រកាស​ប្តឹង លោក យឹម សុវណ្ណ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ពីបទ​បរិហាកេរ្តិ៍ ប្រសិនបើ​លោក យឹម សុវណ្ណ មិន​បកស្រាយ​លើ​សំដី​ដែល​បានផ្តល់​បទសម្ភាសន៍​ជាមួយ​វិទ្យុ​វាយោ​កាលពីពេល​ថ្មីៗ​នេះ​។​
​តាម​វីដេអូ​ឃ្លី​ប របស់លោក ពេជ្រ ស្រស់ ដែល​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក កាលពី​ម្សិលមិញ ប្រធាន​គណបក្ស​យុវជន​កម្ពុជា រូបនោះ បាន​ថ្លែង​ឲ្យ​ដឹងថា លោក​ទាមទារ​ឲ្យ​លោក យឹម សុវណ្ណ ចេញមុខ​មក​បកស្រាយ​ទាក់ទង​និង​សំដី​របស់លោក​ដែល​បានផ្តល់​បទសម្ភាសន៍​ជាមួយ​វិទ្យុ​វាយោ ដោយ​លើកឡើងថា គណបក្ស​សង្គ្រោះ​ជាតិ មិន​ព្រួយបារម្ភ​ជាមួយ​គណបក្ស​ទើប​បង្កើត​ថ្មី​នោះទេ ព្រោះថា ពួកគេ​បង្កើតឡើង ដើម្បី​បំបែក​សម្លេង​គណបក្ស​ស​ង្គ្រោះ​ប៉ុណ្ណោះ ។ ប៉ុន្តែ​គេ​មិនអាច​ធ្វើបាន ព្រោះ​គណបក្ស​ថ្មី​ទាំងនោះ គ្មាន​រចនាសម្ព័ន្ធ គ្មាន​គោលនយោបាយ ច្បាស់លាស់​នឹង​គ្មាន​អ្នកគាំទ្រ​នោះទេ ហើយក៏​គ្មាន​កៅអី​ក្នុង​រដ្ឋសភា​នោះដែរ​។​
​លោក យឹម សុវណ្ណ បាន​បន្ថែមថា គណបក្ស​កើត​ថ្មី​ទាំងនោះ គឺជា​គណបក្ស​ដែល​បាន​បង្កើតឡើង​ដោយ​គណបក្សកាន់អំណាច ដើម្បី​បំបែក​សម្លេង​គណបក្ស​ស​ង្គ្រោះ​ជាតិ ហើយ​គេ​មិនមាន​លទ្ធភាព​និង​សម្រេច​គោលដៅ​នោះទេ​។​
​ទាក់ទង​នឹង​ការលើក​ការ​របស់លោក យឹម សុវណ្ណ ខាងលើនេះ ប្រធាន​គណបក្ស​យុវជន​កម្ពុជា បាន​ឆ្លើយតប​ថា លោក យឹម សុវណ្ណ កំពុង​រំលោភ​លើ​រដ្ឋធម្មនុញ្ញ រំលោភច្បាប់​ស្តី​ការបង្កើត​គណបក្ស ហើយ​ថែមទាំង​បង្ហាញ​នូវ​គំនិត​បក្សនិយម រើសអើង​និយម និង​បែងចែក​សង្គម​កម្ពុជា​។ លោក ពេជ្រ ស្រស់ បាន​បន្ថែមថា លោក យឹម សុវណ្ណ មិនដឹង​អំពី​ច្បាប់​គណបក្សនយោបាយ និង​មានគំនិត​ជ្រុលនិយម​ដែល​អាច​បង្ហាញថា ពួកគេ​មិនអាច​ដឹកនាំ​ប្រទេស​បាន​នោះឡើយ​។​
​លោក ពេជ្រ ស្រស់ បាន​លើកឡើងថា គណបក្ស​របស់​លោកមា​ន​រចនាសម្ព័ន្ធ​ត្រឹមត្រូវ មានច្បាប់​អនុ​ញ្ញ ពី​ក្រសួងមហាផ្ទៃ​រួមទាំង​មាន​គោលនយោបាយ​ច្បាស់លាស់ មិន​ដូច​ការលើកឡើង​លោក យឹម សុវណ្ណ នោះទេ​។ លោក​អះអាងថា សូម្បីតែ​លោក សម រង្ស៊ី ពេល​បង្កើត​គណបក្ស​ដំបូង​ក៏មាន​អ្នកគាំទ្រ​តិចតួច​និង​មិនទាន់​ទទួលបាន​អ​សនៈ​ក្នុង​រដ្ឋសភា​នោះដែរ​។ ដូច្នេះ​ការចាប់ផ្តើម​របស់​គណ​បក្ស​យុវជន​កម្ពុជា ក៏​ដូចគ្នា ហើយក៏​មិនអាច​ទស្សន៍ទាយ​មុន​អំពី​វាសនា​និង​អនាគត​ឬ​អ្នកគាំទ្រ​តិច​ឬ​ច្រើន​នោះដែរ​។​
​លោក ពេជ្រ ស្រស់ បាន​បញ្ជាក់ថា ការបង្កើត​គណបក្ស​យុវជន​កម្ពុជា គឺ​លោក​ចង់​ចូលរួម​ក្នុង​នយោបាយ ចង់បង្ហាញ​ជំហរ ស្នេហា​ជាតិ​និង​ការបញ្ចេញមតិ ដើម្បី​រួបរួម​ជាតិ និង​អភិវឌ្ឍន៍​ជាតិ មិនមាន​គំនិត​លោភលន់​នោះឡើយ ហើយក៏​គ្មាន​អ្នកណា​ឬ​គណបក្ស​ណាមួយ​នៅ​ពីក្រោយ​នោះដែរ​។ ប៉ុន្តែ​អ្នកគាំទ្រ​គណបក្ស​យុវជន​កម្ពុជា ភាគច្រើន​ជា​យុវវ័យ ដែល​គេ​លែងមាន​ជំនឿ​លើ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ប្រើតែ​នយោបាយ ភូតភរ​និង​មិនមាន​សុ​ឆន្ទៈ​ពិតប្រាកដ ដើម្បី​ជាតិ​នោះឡើយ​។​
​ប្រធាន​គណបក្ស​រូបនោះ បាន​អះអាងថា លោក​នឹង​ប្តឹង​លោក យឹម សុវណ្ណ ពីបទ​បរិហាកេរ្តិ៍​ប្រសិនបើ​លោក យឹម សុវណ្ណ មិន​ចេញមុខ​មក​បកស្រាយ​នូវ​អ្វីដែល​លោក យឹម សុវណ្ណ បានផ្តល់​បទសម្ភាសន៍​ជាមួយ​វិទ្យុ​វាយោ ហើយ​បាន​បន្ទាបបន្ថោក​គណបក្ស​ទើប​បង្កើត​ថ្មី ហើយ​ជាការ​រំលោភ​លើ​រដ្ឋធម្មនុញ្ញ​ថែមទៀត​៕

169ce0aa-1f36-49c3-a26e-9f2a3ad0e3f7