លោក កឹម សុខា បង្ហាញ​ជំហរ​រឹងមាំ​ជាង​លោក សម រង្ស៊ី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 May, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ (CNRP) ថ្លែង​នៅក្នុង​កម្មវិធី​ជួបជុំ​អ្នកគាំទ្រ កាលពី​ម្សិលមិញ​នៅ​ខេត្តស្វាយរៀង លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ បានបង្ហាញ​នូវ​ជំហរ​ច្បាស់លាស់​និង​រឹងមាំ​ជាង​លោក សម រង្ស៊ី ដែលជា​មេ​របស់ខ្លួន​និង​តែងតែ​រត់ចោល​កូនចៅ​ពេល​កើតហេតុ​ឬ​ព្រឹ​ត្រិ​ការណ៍​ម្តងៗ​។​
​លោក កឹម សុខា បាន​ថ្លែង​ចំពោះមុខ​អ្នកគាំទ្រ ថា ទោះបីជា ស្ថានភាព​នយោបាយ បែបណា​ក្តី ក៏​លោក​នៅក្បែ​ប្រជាពលរដ្ឋ​ជានិច្ច ដើម្បី​ទទួលបាន ភាពកក់ក្តៅ និង​ឲ្យ​បក្ស​រឹងមាំ​។​
​លោក កឹម សុខា បញ្ជាក់ថា «​រយៈពេល​ចុងក្រោយ​នេះ ទោះបី​មាន​កម្ដៅ​នយោបាយ យ៉ាងណាក៏ដោយ ខ្ញុំ​សង្កេតឃើញថា សកម្មជន​គណបក្ស​ស​ង្គ្រោះ​ជាតិ គ្រប់លំដាប់​ថ្នាក់​ជា​ពិស​សេស ថ្នាក់មូលដ្ឋាន នៅតែមាន​ភាពរឹងមាំ​។ ប្រជាពលរដ្ឋ​ខ្មែរ កាន់តែច្រើន​ទៅៗ បាន​ផ្ដល់នូវ​ភាពកក់ក្ដៅ និង​ក្ដីសង្ឃឹម​មកលើ គណបក្ស​សង្គ្រោះ​ជាតិ​។​
​លោក​បន្តថា កត្តា​នោះ​ហើយ ទើប​ខ្ញុំ​សន្យាថា ខ្ញុំ​ត្រូវតែ​នៅ​ជាមួយ​សកម្មជន គណបក្ស​សង្គ្រោះ​ជាតិ គ្រប់លំដាប់​ថ្នាក់ ដើម្បី​ភាពរឹងមាំ របស់​គណបក្ស​យើង​។ ខ្ញុំ​ត្រូវតែ​នៅ​ជិតស្និទ្ធ​ជាមួយ ប្រជាពលរដ្ឋ ដើម្បី​ផ្ដល់នូវ​ភាពកក់ក្ដៅ និង​ក្ដីសង្ឃឹម ដល់​ពួកគាត់​»​។​
​ទន្ទឹម​នោះ​លោក​ក៏បាន​ស្នើ​ដល់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងអស់​បន្ត​ចុះ​តាម​មូលដ្ឋាន ដើម្បី​បន្ត​ភាពកក់ក្តៅ ពី​ប្រជាពលរដ្ឋ​។ ការបញ្ជាក់​ជំហរ​របស់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​បែបនេះ បន្ទាប់ពី​ផ្អាក​ចុះ​តាម​មូលដ្ឋាន​មួយរយៈ​ដោយសារ​មាន​បញ្ហា​មួយចំនួន​ប៉ុណ្ណោះ​៕

ST-128