ដេញ​វាយ​សម្លាប់​ប្លន់​យក​ម៉ូតូ​នៅ​ខាងកើត​ស្ពាន​អាកាស​៥​មករា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 May, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖ ជនរងគ្រោះ​ម្នាក់​បាន​ស្លាប់ នៅលើ​ដងផ្លូវ ភ្លាមៗ ក្រោយពី​ត្រូវ​ជន​មិន​ស្គាល់ មួយក្រុម​មិនមាន​គ្នា ៦​នាក់ ជិះ​ម៉ូតូ​ដេញ​វាយ​ហើយ​ប្លន់​យក​ម៉ូតូ​មួយគ្រឿង​ទៅ​បាត់​ថែមទៀត កាលពី​វេលា​ម៉ោង​៣​និង​៤០ នាទី​ទៀបភ្លឺ ថ្ងៃទី​០៣ ខែឧសភា ឆ្នាំ ២០១៦ តាម​បណ្តោយ​ផ្លូវ សហព័ន្ធរុស្ស៊ី កែង​ផ្លូវ​លេខ ២៣៣ ខាងកើត​ស្ពាន​អាកាស​៥​មករា ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌទួលគោក ។​
ពាក់ព័ន្ធ​នឹង​ករណី​ខាងលើនេះ ជនរងគ្រោះ​ដែល​ត្រូវគេ​សម្លាប់​សមត្ថកិច្ច​នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាន​នៅឡើយ​ទេ​។ សមត្ថកិច្ច​បាន​ឃាត់​បុរស​ម្នា​ក់នៅ​កន្លែង កើតហេតុ​សួរនាំ អោយ​ច្បាស់​ចំពោះ​ករណី​ជា​រឿង​ប្លន់​ឬក៏​គំនុំ​។ សមត្ថកិច្ច​បន្តថា បុរស​ដែល​ឃាត់​មក​សួរនាំ​នោះ​ឈ្មោះ លី​សាវុធ អាយុ ២៨​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល ម្តុំ​សាលា​សន្ធរម៉ុក ដោយ​គេ​ឆ្លើយ​ប្រាប់​សមត្ថកិច្ច​ថា គេ​ជា​ជនរងគ្រោះ ហើយក៏​ជា​ម្ចាស់​ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា​ឌ្រឹ​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1FD-1240 ដែល​គេ​យកទៅ​បាត់​នោះ​ផងដែរ ។ ទោះជា​យ៉ាង​សមត្ថកិច្ច​នៅ​ដាក់​ការសង្ស័យ​លើ​បុរស​ដែល​ឃាត់ខ្លួន​នេះ ព្រោះ​គេ​ប្រាប់​សមត្ថកិច្ច​ម្តង​បែបនេះ ម្តង​បែប​នោះ ធ្វើអោយ​សមត្ថកិច្ច​ពិបាក​ស​ន្ថា​ន ថា​ជា​រឿង​អ្វី​អោយ​ប្រាកដ ។
​បន្ទាប់ពី​សមត្ថកិច្ច​សួរនាំ​បុរស​នោះ ប្រហែលជា​១០​នាទី ក៏​លេចចេញ​សាច់រឿង​ខ្លះ ដោយ​បុរស​ឈ្មោះ​លី​សាវុធ នេះ​ប្រាប់ថា គេ​ជា​អ្នករត់​ម៉ូតូ ហើយ​គេ​បាន​ដឹក​បុរស​ពីរ​នាក់​នោះ ចេញពី​ជក់​ថ្នាំ​នៅ​ម្តុំ​កោះ​ពេ​ជ្យ ពេល​ជក់​រួចហើយ​គេ​ក៏បាន​ដឹក​បុរស​ពីរ​នាក់​នោះ ធ្វើដំណើរ​វើ​ង​តាម​បណ្តោយ​ផ្លូវ​លេខ ២៩៨ ហើយ​ពេលនោះ​ក៏​ស្រាប់​តែមាន ជន​មិន​ស្គាល់មុខ​មួយក្រុម​មាន​គ្នា​៦ នាក់ ជិះ​ម៉ូតូ​២​គ្រឿង​មិន​ស្គាល​ម៉ាក ប្រដាប់​ដោយ​ដំបង​និង​ដុំថ្ម បានធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​ដេញ​វាយ ពួកគេ (​ជនរងគ្រោះ​)​រហូត តាំង​ម្តុំ​ផ្សារ​TK រហូតមកដល់​ចំណុច​ស្ពាន​អាកាស​៥​មករា ពួកគេ​ក៏​ជិះ​ចូល​ផ្លូវ​ក្រោម​ដី ព្យាយាម​គេចខ្លួន តែ​គេច​មិន​ផុត​ក៏ត្រូវ​ជន​មិន​ស្គាល់មុខ​នោះ​ដេញតាម​ទាន់​ក៏​វាយ​ពួកគេ ។ ដោយ​ឃើញ​សកម្មភាព​បែបនេះ គេ​ដួល​ម៉ូតូរ​ត់រក​កន្លែង​មាន​សុវត្ថិភាព ។ ជន​មិន​ស្គាល់មុខ​មួយក្រុម​នោះ​ក៏​វាយ​សម្លាប់​បុរស​ដែល​ជិះ​ម៉ូតូ​ជាមួយ​គេ​ដែរ បណ្តោយ​ស្លាប់​ភ្លាមៗ​ហើយក៏​លើកយក​ម៉ូតូ​របស់គេ​ជិះ​ចេញទៅ​បាត់ស្រមោល​តែម្តង ។ បុរស​ឈ្មោះ លី​សាវុធ បាន​បញ្ចា​ក់ថា គេ​មិន​ធ្លាប់​ស្គាល់​បុរស​ពីរ​នាក់​ដែល​ជិះ​ជាមួយ​គេ​នោះឡើយ ។ ចំពោះ​ករណីនេះ គេ​ពុំ​ដឹងថា ក្រុម​ជនរងគ្រោះ និង​ក្រុម​ជនដៃដល់​មានទំនាស់​គ្នា​រឿង​អ្វី​ឡើយ ។​
សមត្ថកិច្ច​បាន​បន្ថែម​ទៀតថា ចំពោះ​ជនរងគ្រោះ​ដែល​ស្លាប់​ខាងលើនេះ ក៏មាន​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក ពីរ​កញ្ចប់​តូច និង​ស្លាក​លេខ​ម៉ូតូ​របស់​ជនរងគ្រោះ​ផងដែរ ។ ក្រោយ​កើតហេតុ​សមត្ថកិច្ច​កំពុង​សួរនាំ​បុរស​ឈ្មោះ​អះអាងថា​ខ្លួន​ជនរងគ្រោះ​និង​ម្ចាស់​ម៉ូតូ នៅ​ប៉ុស្តិ៍​ស​នគរបាល ផ្សារ​ដេប៉ូ​៣ ដើម្បីអោយ​ដឹង​ដើមចម​នៃ​សាច់រឿង នេះ​ថា​ជា​ករណី​ប្លន់​ឬក៏​ជា​រឿង​ទំនាស់​៕

index12