រាជធានីភ្នំពេញ៖យុវជនតៃកុងរថយន្តម៉ាកតូយូតាកាមរី ហាប្រីតម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញ ចាត់ការតាមច្បាប់ បន្ទាប់ពីខ្លួនគេបើករថយន្តបុករះម៉ូតូ២គ្រឿងផ្ទុះឆេះនិងស្លាប់អ្នកជិះម៉ូតូ២នាក់របួស៤នាក់កាលពីវេលាម៉ោង២១និង៣០នាទី យប់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅបណ្តោយផ្លូវម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថាហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្តមួយគ្រឿងម៉ាកតូយូតាកាមរីហាប្រីត ស្លាកលេខរថយន្ត 2W -6797 និងម៉ូតូមួយគ្រឿងម៉ាកស៊ុយហ្សុយគីស្មាស់ពាក់ស្លាក់លេខភ្នំពេញ1BV-6466 ឆេះខ្ទេចទាំងស្រុងហើយម៉ូតូមួយគ្រឿងទៀតម៉ាកស៊ុយហ្សុយគីវីវាពាក់ស្លាកលេខភ្នំពេញ1FA2075បណ្តាលឲ្យអ្នកជិះម៉ូតូស្លាប់២នាក់របួសធ្ងន់ស្រាលចំនួន៤នាក់ ដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។
ជនរងគ្រោះរហូតបាត់បង់ជីវិតនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះ ទី១/ឈ្មោះ សុខ ថាំ ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរកម្មកសំណង់មានស្រុកកំណើតនៅភូមិបឹងទ្រព្យឃុំស្តៅកោងស្រុកបាភ្នំខេត្តព្រៃវែងត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យនៅស្រុកកំណើតនិងជនរងគ្រោះម្នាក់ទៀតនៅមិនទាន់ស្គាលអត្តសញ្ញាណនៅឡើយទេបច្ចុប្បន្នកំពុងដំកល់ទុកនៅវត្តសំបួររងចាំក្រុមគ្រួសារមកយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកអ្នករងរបួសធ្ងន់និងស្រាលចំនួន៤នាក់មិនបានស្គាល់អត្តសញ្ញាណទេក្រោយកើតហេតុភ្លាមត្រូវបានរថយន្តសាមុយមកដឹកយកទៅអស់ភ្លាមៗនោះដែរ។
ក្រោយកើតហេតុតៃកុងរថយន្តបង្កឈ្មោះ វិរះ ដារ៉ូ ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅភូមិកំពុងសំណាញ់ឃុំកំពុងសំណាញ់ក្រុងតាខ្មៅខេត្តកណ្តាលត្រូវបានសមត្ថកិច្ចយើងឃាត់ខ្លួនបញ្ជូនទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរួមនិងវត្ថុតាងដើម្បីចាត់ការតាមច្បាប់៕