រាជធានីភ្នំពេញ៖ជនសង្ស័យម្នាក់ដែលជាមុខសញ្ញាវាយប្លន់គំរាមយកលុយ និងរបស់របរមានតំលៃយ៉ាងសកម្មពីប្រជាពលរដ្ឋត្រូវសមត្ថកិច្ចប៉ុស្តិ៍ចោមចៅឃាត់ខ្លួន។ ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៩ និង១០នាទីយប់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវវេងស្រេង ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។
អធិការនគរបាលខណ្ឌពោធិ៍សែនជ័យលោក យឹម សារ៉ាន់ បានអោយដឹងថា ជនសង្ស័យដែលឃាត់ខ្លួនខាងលើមានឈ្មោះ ទ្រី សឿន អាយុ៣៤ ស្នាក់នៅភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។ លោកអធិការបន្តថា នៅមុនពេលកើតហេតុ កំលាំងប៉ុស្តិ៍ចោមចៅបានជិះម៉ូតូចេញល្បាតការពារក្នុងភូមិសាស្ត្រងាយរងគ្រោះ ខណៈមកដល់ចំណុចខាងលិចរបររោងចក្រកាណាឌីយ៉ាក៏ប្រទះឃើញជនសង្ស័យដែលជាមុខសញ្ញាចាស់ និងជាជនសង្ស័យដែលប្រជាពលរដ្ឋធ្លាប់ដាក់ពាក្យបណ្តឹងពីមុនមក កំលាំងក៏ចាប់ឃាត់ខ្លួនតែម្តង រួចបញ្ជូនខ្លួនមកកាន់នគរបាលប៉ុស្តិ៍ចោមចៅធ្វើការសាកសួរ។
ក្រោយការសាកសួរជនសង្ស័យខាងលើបានសារភាពថាខ្លួនធ្លាប់ធ្វើសកម្មភាពបានជាង៣០ដងមកហើយ តែមិននឹកស្មានថាត្រូវសមត្ថកិច្ចចាប់បានទាំងរបៀបនេសោះ។ បច្ចុប្បន្នជនសង្ស័យរូបនេះត្រូវបានបញ្ជូនខ្លួនមកឃុំជាបណ្តោះអាសន្ននៅអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី៕