ខេត្តបន្ទាយមានជ័យ៖ជនសង្ស័យ២នាក់ត្រូវបានតម្រួតថៃនៅខេត្តស្រះកែវចាប់ឃាត់ខ្លួនពាក់ព័ន្ធករណីចាប់ស្ត្រីខ្មែរអ្នកលក់ភេសជ្ជៈក្នុងផ្សាររោងក្លឿរដាក់ចូលក្នុងរថយន្តហើយបើកចេញទៅបាត់ដោយសុវត្ថិភាព នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦ បន្ទាប់ពីបានទទួលពាក្យបណ្តឹង ពីឈ្មោះ សាន់ វិទូ ជាប្តីរបស់ស្ត្រីរងគ្រោះ។
បើតាមសម្តីប្តីស្ត្រីរងគ្រោះ នៅពេលអ្នកជិតខាងទូរស័ព្ទ ប្រាប់ពីដំណឹងគេចាប់ប្រពន្ធនេះ គាត់បានមកដល់កន្លែងកើតហេតុផងដែរ ប៉ុន្តែវាហួសពេលទៅហើយ ណាមួយយប់ផងមិនដឹងទៅរកនៅឯណានោះទេ។ បុរសជាប្តីនោះ បានស្នើប្តឹងទៅអាជ្ញាធរ និងសមត្ថកិច្ចថៃជួយអន្តរាគមន៍ ឲ្យជួយរកប្រពន្ធរបស់ខ្លួនមកវិញ ខណៈកូនរបស់គាត់មានអាយុទើប៦ឆ្នាំប៉ុណ្ណោះ។ រហូតមកដល់ថ្ងៃទី៤ ខែឧសភានេះ សមត្ថកិច្ចថៃ បន្ទាប់ពីធ្វើការស្រាវជ្រាវតាមការអះអាងរបស់សាក្សី ក៏បានឃាត់ខ្លួនបុរសជនជាតិថៃចំនួន២នាក់ និងនាំយកស្ត្រីរងគ្រោះមកវិញផងដែរ។
បើតាមប្តីរបស់ស្ត្រីរងគ្រោះ ឈ្មោះ សាន់ វិទូ ភេទប្រុស អាយុ២៧ឆ្នាំ បានប្រាប់ឲ្យដឹងថា ប្រពន្ធរបស់ខ្លូនដែលត្រូវជនមិនស្គាល់ ចាប់យកទៅនោះឈ្មោះ ជ.ស.ភ ភេទស្រី អាយុ២៧ឆ្នាំ រស់នៅក្រុងសិរីសោភ័ណ មុខរបរលក់ដូរ នៅកន្លែងកើតហេតុនេះតែម្តង។
ប្រភពព័ត៌មានបានឲ្យដឹងថា ស្ត្រីរងគ្រោះត្រូវបានជនសង្ស័យជនជាតិថៃ ចាប់យកទៅរំលោភបូកជាច្រើនដងពេញមួយយប់។ ជុំវិញករណីនេះសមត្ថកិច្ចថៃកំពុងសាងសំណុំរឿង បញ្ជូនជនសង្ស័យខាងលើទៅតុលាការ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕